ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ចុង​ក្រោយ​គ្មាន​អ្វី​ចង់បាន លោក​យាយ​​​៨៤​ឆ្នាំ​សុំ​ត្រឹម​ហូប​គ្រប់គ្រាន់​ទម្រាំ​​រលត់​សង្ខារ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ វាសនា​មនុស្ស​កើតមក​មិន​ដូច​គ្នា​នោះ​ទេ ខ្លះ​មាន ខ្លះ​ក្រ ខ្លះ​បាន​រស់​ជួបជុំ​ក្រុម​គ្រួសារ ខ្លះ​ទៀត​ក៏​ព្រាត់​ប្រាសនិរាស​ចោល​គ្នា​ដោយ​កត្តា​ផ្សេង​ៗ​។ ជាក់ស្តែង​លោកយាយ​មួយ​រូប ដែល​មាន​វ័យ​ជរា​ណាស់​ទៅ​ហើយ​បាន​ដង្ហោយ​រក​ការ​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​ជួយ​សង្គ្រោះ​ពី​សំណាក់​​អស់លោក​ដែល​មានចិត្ត​មេត្តា ចំពោះ​អ្នក​ទីទាល់​ក្រ​ដូច​ជា​លោកយាយ​។…

ខេត្តកំពង់ស្ពឺ ៖ វាសនា​មនុស្ស​កើតមក​មិន​ដូច​គ្នា​នោះ​ទេ ខ្លះ​មាន ខ្លះ​ក្រ ខ្លះ​បាន​រស់​ជួបជុំ​ក្រុម​គ្រួសារ ខ្លះ​ទៀត​ក៏​ព្រាត់​ប្រាសនិរាស​ចោល​គ្នា​ដោយ​កត្តា​ផ្សេង​ៗ​។ ជាក់ស្តែង​លោកយាយ​មួយ​រូប ដែល​មាន​វ័យ​ជរា​ណាស់​ទៅ​ហើយ​បាន​ដង្ហោយ​រក​ការ​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​ជួយ​សង្គ្រោះ​ពី​សំណាក់​​អស់លោក​ដែល​មានចិត្ត​មេត្តា ចំពោះ​អ្នក​ទីទាល់​ក្រ​ដូច​ជា​លោកយាយ​។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង លោកយាយ ព្រីង ស៊ី​ម អាយុ​84​ឆ្នាំ រស់នៅ​ភូមិ​ស្រូល ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​រៀបរាប់​ពី​ប្រវត្តិ​ផ្ទាល់ខ្លួន​ត្រួស​ៗ​ថា លោក​យាយ​មានផ្ទះ​កំណើត​ក្នុងភូមិ​ឬ​ស្សី ស្រុក​ឃុំ​រលាំងគ្រើល ។ ក្រោយ​ពេល​ពេញវ័យ​កាលណា ឪពុក​ម្ដាយ​លោកយាយ​បាន​រៀបចំ​ទុកដាក់​ឱ្យ​មានគូស្រករ​ដូច​អ្នក​ដទៃ​ទៀត​នៅ​ក្នុងភូមិ តែ​ជា​អកុសល​គាត់ និង​ប្តី​មិន​មាន​កូនចៅ​ត​ត្រកូល​ដូច​គេ​នោះ​ទេ​។

លោកយាយ​បន្ត​ថា ជីវិត​ប្តី​ប្រពន្ធ​របស់​គាត់​មិន​ដែល​មាន​ភាព​រកាំរកូស​នឹង​គ្នា​ឡើយ គឺ​ខិតខំ​ជួយ​គ្នា​រកស៊ី​តាម​សម្មា​ជី​វោ​ដោយ​សុច្ចរិត បើ​ទោះជា​គ្មាន​កូ​ច​ចៅ​ដូច​គ្រួសារ​ដទៃ​ក្តី​។ ថ្ងៃមួយ​មិន​ចាំ​ខែ​ថ្ងៃ និង​ឆ្នាំ​នោះ​ទេ ជា​អកុសល​ប្តី​របស់​របស់​គាត់​បាន​ធ្លាក់ខ្លួន​ឈឺ​រហូត​ដល់​បាត់​បង់ជីវិត ព្រោះតែ​គ្មាន​លុយ​ព្យាបាល បន្ទាប់​ពី​ប្តី​របស់​គាត់​លាចាក​លោក​ទៅ គាត់​ក៏​ហៅ​ក្មួយ​ប្រុស​បង្កើត​ម្នាក់​ដែល​ជា​កូនកំព្រា​ឪពុក​ម្តាយ​ឱ្យមក​រស់នៅ​ជាមួយ ដោយ​លោកយាយ​ដើរ​ស៊ីឈ្នួល​លាងចាន​តាម​រោង​បុណ្យ និង​ពិធី​ផ្សេង​ៗ ចំណែក​ក្មួយ​ប្រុស​ដើរ​ស៊ីឈ្នួល​រែក​ទឹក និង​រើស​អេ​ត​ចាយ ដើម្បី​យក​កម្រៃ​មក​ចិញ្ចឹមជីវិត​។

លោក​យាន​បន្ត​ទៀត​ថា តែ​ពេល​នេះ​គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ដូច​មុន​ទៀត​ទេ ព្រោះ​ភ្នែក​របស់​គាត់​មើល​មិនឃើញ​ដូច​មុន​ឡើយ​។ ពេល​ខ្លះ​គ្មាន​អង្ករ​ដាំបាយ​ក៏​ទៅ​សុំ​ក្តី​មេត្តា​ពី​ព្រះសង្ឃ​នៅ​វត្ត​រលាំង​គ្រើល និង​រលាំងចក ដើម្បី​យក​មក​ដោះ​ទាល់​ម្តងម្កាល បើ​និយាយ​ពី​អ្នក​ជិតខាង​(​អ្នក​ភូមិ​) លើស​ពី​ជួយ​ទៅ​ទៀត តែ​ធ្វើ​ម្តេច​គេ​ត្រូវ​ចិញ្ចឹម​កូនចៅ​គេ​ដែរ​។

ជីវិត​ចុង​ក្រោយ​មួយ​នេះ លោកយាយ​មិន​ចង់​សុំ​អ្វី​ច្រើន​ទេ គ្រាន់តែ​សុំ​ហូប​ឆ្ងាញ់​បាន​ម្តង​និង​មាន​ហូប​គ្រប់គ្រាន់​ទម្រាំ​ដល់​ថ្ងៃ​មច្ចុរាជ​មក​ផ្តាច់​យក​ជីវិត​គាត់​ទៅ​។

បើ​តាម​លោកពូ ព្រីង​ទី អាយុ​៥០​ឆ្នាំ ជា​ក្មួយ​លោកយាយ​ក៏​បាន​រៀបរាប់​ដែរ​ថា លោកពូ​ធ្លាប់​មាន​ក្រុម​គ្រួសារ​នឹង​គេ​ដែរ តែ​បាន​បែកបាក់​គ្នា​អស់​ទៅ​ហើយ រាល់​ថ្ហៃ​រស់នៅ​ជាមួយ​ម្តាយមីង ដោយ​ប្រកប​របរ​ដើរ​ស៊ីឈ្នួល​រែក​ទឹក​តាម​ពី​ធី​បុណ្យ​នានា ហើយ​ពេល​ខ្លះ​ដើរ​រើស​សំបក​កំប៉ុង​អេ​ត​ចាយ ដើម្បី​លក់​យក​លុយ​មក​ទិញ​ម្ហូបអាហារ​ចិញ្ចឹមជីវិត​។

លោកពូ​បន្ត​ថា ពេល​នេះ​របរ​រែក​ទឹក​មិន​មាន​ទៀត​នោះ​ទេ ព្រោះ​អ្នក​ភូមិ​ត​ទឹក​គីឡូ​តាម​ខ្នង​ផ្ទះ​ប្រើ​អស់ហើយ នៅ​សល់​តែ​របរ​មួយ​គត់ គឺ​រើស​អេ​ត​ចាយ​។ ការ​ដើរ​រើស​អេ​ត​ចាយ​នេះ​ពី​មុន​មិន​ទាន់​កើត​ជំងឺ​កូ​វី​ដ​១៩ គាត់​អា​ចរក​កម្រៃ​បាន​១០០០០​រៀល​ដើម្បី​ចិញ្ចឹម​ខ្លួន និង​ម្តាយមីង ប៉ុន្តែ​ចាប់តាំងពី​មាន​ជំងឺ​ហ្នឹង​ផ្ទុះ​ឡើង​មក គាត់​រើស​អេ​ត​ចាយ​លក់​បាន​២០០០​ទៅ​៣០០០​រៀល​ប៉ុណ្ណោះ ។

បើ​សួរ​ថា គ្រប់​ទេ? គាត់​ប្រាប់​ថា លើស​ពី​ខ្វះ​ទៅ​ទៀត ថ្ងៃ​ខ្លះ​ត្រូវ​ដក​អត់បាយ​ក៏​មាន​ដែរ តែ​ទោះ​ជា​យ៉ាងណា​លោកពូ​មិន​អស់សង្ឃឹម​នោះ​ទេ ថ្វី​ត្បិត​កន្លង​មក​មិន​ដែល​មាន​អង្គការ​ស្ថាប័ន​ណា​យក​អំណោយ​មក​ឱ្យ​ក្តី​។

លោកពូ​គ្រាន់តែ​និយាយ​ថា «​ធ្វើ​ម្តេច​បើ​ផល​បុណ្យ​យើង​សាង​មក​បាន​តែ​ប៉ិន​ណឹ​ង​» ហើយ​ជា​ចុង​ក្រោយ​លោកពូ​សំណូមពរ​ដ​ស់ប្បុរសជន​ដែល​មានចិត្ត​ធម៌ សូម​មេត្តា​ផ្តល់​ក្តី​សង្ឃឹម​ដល់​ម្តាយមីង​លោកពូ​បាន​ហូប​ឆ្ងាញ់​ម្តង​ផង ព្រោះ​គាត់​ចាស់​ណាស់​ទៅ​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ