ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយប្រទះទន្សោងងាប់ ​ក៏ដុតបំផ្លាញ?

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៍ពី​ស្រុក​កោះ​ញែក ​នា​ព្រឹក​ថ្ងៃ​ទី​០៤ មិថុនា នេះបាន​ឲ្យ​ដឹង​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់​ការ​អូរ​វាក់ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំ​ផាត់ បាន​ធ្វើការ​ចុះ​ល្បាត​នៅ​ថ្ងៃ​ទី​០៣ ​មិថុនា​…

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៍ពី​ស្រុក​កោះ​ញែក ​នា​ព្រឹក​ថ្ងៃ​ទី​០៤ មិថុនា នេះបាន​ឲ្យ​ដឹង​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់​ការ​អូរ​វាក់ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំ​ផាត់ បាន​ធ្វើការ​ចុះ​ល្បាត​នៅ​ថ្ងៃ​ទី​០៣ ​មិថុនា​ បាន​ប្រទះ​ឃើញ​កូន​ទន្សោង​ងាប់​១​ក្បាល នៅ​ត្រង់​និយាម​កា 690643;1452948 តាម​ការ​ពិនិត្យ​ឃើញ​ថា កូន​ទន្សោង​នោះ ដាច់​ជើង​ក្រោយ​១ ដោយសារ​ជាប់អន្ទាក់​របស់​ព្រានព្រៃ ​។ ក្រោយ​ប្រទះ​ឃើញ ក្រុម​ការងារ​បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​ ។

ករណី​សត្វព្រៃ​ងាប់​ជា​បន្តបន្ទាប់​នេះ កាលពី​អំឡុង​ខែឧសភា ២០២០ មាន​សត្វ​ទន្សោង​ចំនួន​ពីរ​ក្បាល និង​សត្វ​ខ្ទីង​មួយ​ក្បាល ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ងាប់​ដោយសារ អន្ទាក់ និង​ការ​បាញ់ប្រហារ​ពី​សំណាក់​ព្រាន​ព្រៃ។ ជុំវិញ​បញ្ហា​សត្វព្រៃ​ត្រូវ​បាន​បាញ់​សម្លាប់ ​ឬ​ជាប់អន្ទាក់​របស់​ព្រាន​ក្នុង​ដែន​ជម្រក លោកស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​មូលដ្ឋាន ក្បែរ​តំបន់​ការពារ​ធនធានធម្មជាតិ មិន​ត្រូវ​ប​របាញ់​សត្វព្រៃ​ដើម្បី​ធ្វើ​អាជីវកម្ម​ឡើយ​។

លោក ស្វាយ សំ​អ៊ា​ង បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ដែល​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់ កុំ​យោគយល់​ចំពោះ​ជន​សង្ស័យ​ណា​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ជា​៖ ការ​កាប់​បំផ្លាញ​ព្រៃឈើ​កា​រប​បាញ់​សត្វព្រៃ ការ​ធ្វើ​អាជីវ​កម្ម​ជួញដូរ​សាច់សត្វ​ព្រៃ គ្រប់​ប្រភេទ​មន្ត្រី​មូលដ្ឋាន​ផ្ទាល់​ជំរុញ និង​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ ឲ្យ​បាន​ល្អ​ក្នុង​ការ​ជួយ​ទប់ស្កាត់​បទល្មើស​នេះ​។ ហើយ​អាជ្ញាធរ​ខេត្ត​ ជា​ពិសេស​រូប​លោក​ផ្ទាល់ សូម​ឲ្យ​មន្ត្រី​ខិលខូច​មួយ​ចំនួន​ដែល​ប្រកប​មុខរបរ​ប​របាញ់​សត្វ​ដូច​ជា ឆ្លុះ​បាញ់​សត្វ បាញ់ប្រហារ ដាក់​អន្ទាក់ ឬ​ដាក់​ឧបករណ៍​ឆក់ យក​ធ្វើការ​ជួញដូរ​សត្វព្រៃ សេវាកម្ម​សាច់សត្វ​ព្រៃ នៅ​តាម​បណ្តា​ភោជនីយដ្ឋាន​នានា​ក្នុង​ខេត្ត សូម​បញ្ឈប់​ជា​បន្ទាន់​ ដើម្បី​ជួយ​អភិរក្ស​នូវ​សត្វព្រៃ​កម្រ​តូច​-​ធំ ឲ្យ​បាន​នៅ​គង់វង្ស​ទុកជា​សម្បត្តិ​ដ៏​មាន​តម្លៃ​មហាសាល​របស់​ជាតិ​។

តំណាង​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​៤ ក្នុងស្រុក​ចំនួន​២ គឺ​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កោះ​ញែក បាន​ថ្លែង​ថា ពួក​គាត់​កំពុង​មានការ​ព្រួយបារម្ភ ពី​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​បាញ់​សម្លាប់​សត្វព្រៃ តាម​រូបភាព​បាញ់ប្រហារ​សត្វ​ដាក់​អន្ទាក់​ដាក់​ឧបករណ៍​ឆក់ ដើម្បី​ធ្វើ​អាជីវកម្ម​សត្វព្រៃ ឬ​ជំនួញ ដែល​ធ្វើ​ឲ្យ​មានការ​បាត់បង់​សត្វព្រៃ​នេះ​ជា​បន្តបន្ទាប់​។

តំណាង​សហគមន៍​តំបន់ការពារធម្មជាតិ​ដដែលបាន​បន្ត​ថា ពួក​គាត់​បាន​ធ្វើការ​ស្នើ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ចាត់​វិធានការ​លើ​បញ្ហា​នេះ​ផង​បើ​ពុំ​ដូច្នេះ​ទេ ប្រភេទ​សត្វ​កម្រ​ទាំងនេះ អាច​ឈាន​ទៅ​រក​ការ​ផុត​ពូជ​។ សហគមន៍​ទាំង​បួន​ខាងលើ​នោះ​រួម​មាន​ទី​១-មាន​សហគមន៍​ការពារ​ធម្មជាតិ​ឈ្មោះ ទូ​លុង មាន​មូលដ្ឋាន​នៅ​ក្នុង​ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា​, ទី​២-សហគមន៍​តំបន់ការពារធម្មជាតិ​ឈ្មោះ ត្រពាំង​ក្អើ​ម មាន​មូលដ្ឋាន​ក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា​, ទី​៣-សហគមន៍​តំបន់ការពារធម្មជាតិ​ឈ្មោះ ក្រង់​រពុក មាន​មូលដ្ឋាន​នៅ​ក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា​, និង​ទី​៤-សហគមន៍​ឈ្មោះ អូរ​ង្លា​វ មាន​មូលដ្ឋាន​ក្នុង​ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក​។

អត្ថបទសរសេរ ដោយ