ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ផៃ ស៊ី​ផា​ន ៖ មិន​ត្រូវ​បណ្ដោយ​ឲ្យ​គេ​ប្រើ​តំបន់​មិន​ទាន់​ឯកភាព​គ្នា​បង្កើត​បាន​ភាព​ជាក់ស្ដែង​នាំ​ពិបាក​ដោះស្រាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​មិន​ត្រូវ​បណ្ដោយ​គេ​ចូល​មក​ប្រើប្រាស់​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា​បង្កើត​បានជា​ភាព​ជាក់ស្ដែង​នោះ​យើង​នឹង​ពិបាក​និយាយ​ជាមួយ​គេ​ណាស់ ។ នេះ បើ​តាម​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​មិន​ត្រូវ​បណ្ដោយ​គេ​ចូល​មក​ប្រើប្រាស់​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា​បង្កើត​បានជា​ភាព​ជាក់ស្ដែង​នោះ​យើង​នឹង​ពិបាក​និយាយ​ជាមួយ​គេ​ណាស់ ។ នេះ បើ​តាម​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០២០ នៅ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផា​ន​បាន​បញ្ជាក់​ថា «​ចំពោះ​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ណាមួយ​នៅ​លើ​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា ពីព្រោះ​គេ​បង្កើត​នូវ​អ្វី​ទៅ​ដែល​គេ​ហៅ​ថា ភាព​ជាក់ស្ដែង​ដែល​គេ​ប្រើប្រាស់ កាលណា​យើង​បណ្ដោយ​ឲ្យ​គេ​ប្រើប្រាស់​បង្កើត​បាន​ភាព​ជាក់ស្ដែង យើង​នឹង​ពិបាក​និយាយ​ជាមួយ​គេ​ណាស់ ដូច្នេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​កិច្ច​ការពារ​ថែរក្សា​ទឹកដី​» ។

លោក​លើក​ឡើង​ថា សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ចង់​បញ្ចប់​ឲ្យ​មាន​ព្រំដែន​មួយ​ដ៏​ត្រឹមត្រូវ​ដែល​ជា​ខ្សែ​ព្រំដែន​ប្រកបដោយ​កិច្ច​សហប្រតិបត្តិការ ព្រំដែន​សន្តិភាព ព្រំដែន​ប្រកបដោយ​វិបុលភាព ។

រាជរដ្ឋាភិបាល មិន​ចង់បាន​ព្រំដែន​មួយ​ដែល​មាន​ជម្លោះ ហើយ​ដើម្បី​កុំ​ឲ្យ​មាន​ជម្លោះ គឺ​យើង​ទាំងអស់​គ្នា​ត្រូវ​យកចិត្ត​ទុក​ខ្ពស់​ចំពោះ​បូរណភាព​ទឹកដី​យើង​ជា​ជំនាន់​មួយ​ដែល​បញ្ចប់​នូវ​អ្វី​ដែល​ជា​ប្រវត្តិសាស្ត្រ​អាក្រក់​សម្រាប់​កម្ពុជា ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ពី​ភាគី​វៀតណាម​បាន​បោះ​តង់​ចំនួន ៣១​កន្លែង នៅ​ជា​ព្រំដែន​ស្រុក​លើក​ដែក និង​ស្រុក​កោះធំ ខេត្តកណ្ដាល ដែល​នេះ​ជា​តំបន់​មិន​ទាន់​ឯកភាព​គ្នា​លើ​ខ្សែបន្ទាត់​ព្រំដែន​នៅឡើយ​ទេ ។

ហើយ​ការ​បោះ​តង់​របស់​ភាគី​វៀតណាម​នេះ គឺ​ធ្វើ​ឡើង​ក្រោម​ហេតុផល​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ កាលពី​ថ្ងៃ​ទី​១ មិថុនា ក្រសួងការបរទេស​ខ្មែរ​បាន​កោះហៅ​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​កម្ពុជា មក​ប្រាប់​ពី​រឿងរ៉ាវ ដែល​យោធា​វៀតណាម បោះ​តង់​ជា​ច្រើន​កន្លែង នៅ​តំបន់​ព្រំដែន​មិន​ទាន់​ឯកភាព​គ្នា និង​បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់​ទាំងនោះ​ចេញ​ជា​បន្ទាន់ ហើយ​បន្ត​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​ក្នុង​តំបន់​នោះ រហូត​ដល់​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដោះស្រាយ​កំណត់​ខ្សែ​ព្រំដែន​ជាក់លាក់ ជា​ស្ថាពរ​នៅ​តំបន់​នោះ ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ