ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង់ចាំមើល៍ វាសនា​ក្មេងស្រី​កា.ប់​បុរស​អ្នក​រត់​​ម៉ូតូ​ឌុបក្នុងបន្ទប់​ផ្ទះសំណាក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ចុង​ក្រោយ នៅ​វេលា​ម៉ោង​៦​ល្ងាច​​ថ្ងៃទី៣ មិថុនា ការ​សាកសួរ​ពី​សំណាក់​តំណាង​អយ្យការ​បាន​បញ្ចប់ និង​ត្រូវ​បញ្ជូន​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ ក្រោម​បទចោទ​ពី​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ។ ដោយសារ​ល្ងាច​ទៅ​ហើយ​នោះ…

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ចុង​ក្រោយ នៅ​វេលា​ម៉ោង​៦​ល្ងាច​​ថ្ងៃទី៣ មិថុនា ការ​សាកសួរ​ពី​សំណាក់​តំណាង​អយ្យការ​បាន​បញ្ចប់ និង​ត្រូវ​បញ្ជូន​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ ក្រោម​បទចោទ​ពី​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ។ ដោយសារ​ល្ងាច​ទៅ​ហើយ​នោះ ក្មេង​ស្រី​ជាប់ចោទ​ត្រូវបាន​ខាង​តុលាការ​ផ្ញើ​ទៅ​នគរបាល​សិន ដោយ​រង់ចាំ​ថ្ងៃ​ទី​៤ ​មិថុនា នេះ នាំ​ខ្លួន​មក​សាកសួរ​បន្ត ។ ចំពោះ​ការ​សម្រេច​ចោទប្រកាន់ ​ឬ​បែប​ណា​នោះ​គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ។

សូមបញ្ជាក់ថា សំណុំរឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​សាធារណ​មតិ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​ឡើង​ដល់​តុលា​ការ​ហើយ ។ តើ​ក្មេង​ស្រី​ដែលបាន​កាប់​បុរស​ចំណាស់​អ្នក​រត់​ម៉ូតូឌុប នឹង​កាំបិត​បុ័ងតោ ព្រោះ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ចាប់រំលោភ​ក្នុងផ្ទះ​សំណាក់​ម្តង​ហើយ​ម្តងទៀត​នោះ ត្រូវ​មានទោស​កម្រិត​ណា ហើយ​បុរស​ដែល​ជាប់ចោទ​ចាប់​នាង​រំលោភ​វិញ​បែប​ណា​ដែរ ។

នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យនា​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០ បាន​សម្រេចបញ្ជូន​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អំពើហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដោយ​កាប់​បុរសចំណាស់​ម្នាក់​ជា​ច្រើន​កាំបិត​បុ័ងតោ ខណៈ​បុរស​ចំណាស់​នេះ​នាំ​នាង​ចូល​ផ្ទះសំណាក់​ចាប់រំលោភ​សេពសន្ថវៈ​បាន​សម្រេច​២​ដង តែ​មិន​អស់ចិត្តចង់​ម្ដងទៀត ។ បន្ទាប់​ពី​មានការ​កាប់​ប្រហារ​នេះ បច្ចុប្បន្ន​បុរស​រូប​នេះ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ក្មេង​ស្រី​ដែល​រង​ការ​ចោទប្រកាន់​ពី​ការ​ប្រើ​អំពើ​ហិង្សា ព្រោះតែ​ការពារ​ខ្លួន​មិន​ព្រមឱ្យ​បុរស​ចំណាស់​នោះ​ចាប់​នាង​រំលោភ​តទៅ​ទៀត​នោះឈ្មោះ ណា​ង ស្រី​នី អាយុ​១៥​ឆ្នាំ រស់នៅ​ក្នុង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ចំណែក​បុរស​ចំណាស់​ឈ្មោះ រស់ សុ​ផាត អាយុ​៥៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មានស្រុក​កំណើត​នៅ​ឃុំ​បឹង​ត្រាញ់ ស្រុក​សំរោង ខេត្តតាកែវ និង​បានមក​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ៍​ចិន​តុង ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សំណុំរឿង​នេះ ស្ថិត​នៅ​ដៃ​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ ។ ទាក់ទិន​នឹង​ករណី​នេះ នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្មេង​ស្រី​វ័យ​១៥
ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនាមាន​ស្ថាន​ទម្ងន់ទោស និង​បាន​ដាក់​ជូន​ទៅ​ស្ថាប័ន
អយ្យការ ប៉ុន្តែ​បទល្មើស​នេះ​មិន​ទាន់​ចាត់ទុកជា​ផ្លូវការ​នៅឡើយ​ទេ រង់ចាំ​មើល​តំណាង​អយ្យការបើក​​ការ​ស៊ើបសួរ និង​សម្រេច​ជា​ចុង​ក្រោយ ។

សមត្ថកិច្ច​បង្ហើប​ទៀត​ថា ចំណែក​បុរស​ចំណាស់​ដែល​កំពុង​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក៏​មិន​ទាន់​កំណត់​ឲ្យ​រួចខ្លួន​ដែរ អ្វី​ៗ​សមត្ថកិច្ច​បានធ្វើ​សំយោគ​ដាក់​ចូល​តុលាការ​អស់ហើយ ។ តាម​ចម្លើយ​របស់​ក្មេង​ស្រី គឺ​រឿង​ផ្តើម​ចេញពី​បុរស​ខាងលើ​បាន​បញ្ឆោត​លួងលោម និង​អូស​ទាញ​នាង​ចូល​ផ្ទះសំណាក់​ហើយ​ចាប់រំលោភ​បាន​សម្រេច​២​ដង តែ​មិន​អស់ចិត្ត​ចង់​ម្តងទៀត ទើប​ក្មេង​ស្រី​នោះ​ដាច់​ចិត្ត​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ទាញ​បុ័ងតោ​កាប់​តែ​ម្តង​ទៅ ។ដូច្នោះ​បុរស​ចំណាស់​ខាងលើ ក៏​ត្រូវ​ជាប់ចោទ​ពី​បទ​រំលោភ​ក្មេង​ស្រី​ជា​អនីតិជន​ដែរ ប៉ុន្តែ​ត្រង់
ថា តំណាង​អយ្យការ​ចោទប្រកាន់​ឬ​មិន​ចោទប្រកាន់ បុរស​រូប​នោះ​រង់ចាំ​មើល​ដំណើរការ​សាកសួរ​ក្មេង​ស្រី​នោះ ។

សូម​រំឭក​ថា ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ បានត្រូវ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​នាង​បាន​កាប់​បុរស​អាយុ​ជិត​៦០ឆ្នាំ​ម្នាក់​ជា​ច្រើន​កាំបិត​បុ័ងតោ ជា​អ្នក​រត់​ម៉ូតូឌុប បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ចាប់រំលោភ ។ ក្មេង​ស្រី​រូប​នេះ​បាន​ចាក​ចេញពី​ស្រុក​មក​រក​ការងារ​ធ្វើ តែ​រកបាន​ហើយ​អត់​បាន​ចូល​ធ្វើ​ទេ ទាល់តែ​មាន​អ្នក​ធានា​ទើប​គេ​ទទួល​ព្រោះ​នាង​អត់​ទាន់​គ្រប់​អាយុ ។

សេចក្តី រាយការណ៍​បន្ត​ថា ក្រោយមក​នាង​ជួបនឹង​បុរស​ខាងលើ​នេះ​ហើយ​ប្រាប់​ថា​ចាំ​ជួយ ធានា​ឲ្យ និង​ជិះ​ម៉ូតូ​ដឹក​នាង​ទៅ​រក​កន្លែងធ្វើការ​តែ​បែរជា​នាំ​ចូល​ផ្ទះសំណាក់ រួច​ចាប់រំលោភ សេពសន្ថវៈ​បាន​សម្រេច​២​ដង តែ​មិន​អស់ចិត្ត​ចង់​ម្ដងទៀត ។ ដោយ​មិន​អាច​ប្រកែក​បាន ទើប​នាង​ប្រើ​ល្បិច​លួងលោម​រួច​ទាញ​យក​កាំបិត​បុ័ងតោ​ដែល​នាង​លាក់​ក្នុង​កាបូប​មក​កាប់​តែ​ម្ដង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ
៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០​នៅ​តាម​ផ្លូវ​បេតុង QMI ក្នុងភូមិ​ព្រៃ​ព្រីង ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពេល​ចាប់ខ្លួន ក្មេង​ស្រី​រូប​នេះ​បានប្រាប់​នគរបាល​ថា នាង​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើ​ជា​កម្មករ​បេះ​ផ្លែស្វាយ និង​ដាំដំឡូង ហើយបាន​ស្នាក់​នៅផ្ទះ​មិត្តភក្ដិ​នៅ​ឯ​ខេត្តឧត្តរមានជ័យ រយៈពេល​ជាង​១​ខែ​មក​ហើយ ។ ប៉ុន្តែ​ដោយសារតែ​អស់​ការងារ​ធ្វើ នាង​ក៏​ត្រឡប់​មក​វិញ និង​សុំព្រះសង្ឃ​និង​យាយជី​តាជី​នៅ​វត្ត​ពោធិ៍​ស​ត្ថា​រាម ហៅ​វត្ត​ពោធិ៍​ចិន​តុង​ស្នាក់​នៅ ។

លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែឧសភា នាង​ក៏​ជួប​បុរស​ចំណាស់​ដែល​មាន​អាយុ​ស្មើនឹង​ជីតា​របស់នាង​ទៅ​ហើយ​នៅ​ក្នុង​វត្ត​នោះ ហើយ​បុរស​នេះ​ព្យាយាម​លួងលោម​សុំ​នាង​ដោយ​ពោល​ពាក្យ​ថា «​ឲ្យ​ពូ​សុំ​ម្ដង​មក ចាំ​ពូ​ឲ្យ​លុយ​២០​ដុល្លារ​» ប៉ុន្តែ​នាង​មិន​ព្រម​ឡើយ ព្រោះ​នាង​មក​រក​ការងារ​ធ្វើ​មិនមែន​មក​លក់ខ្លួន​ទេ ។ លុះដល់​ម៉ោង​១២​អធ្រាត្រ បុរស​នោះ​បាន​ទៅ​ដេក​នៅ​ជិត​នាង​ហើយលូកលាន់​រាវ​ស្ទាបអង្អែល​សព្វកន្លែង ធ្វើ​ឲ្យ​នាង​អត់​បាន​ដេក​ពេញ​១​យប់ តែ​នាង​អត់​បាន​ស្រែក​ទេ គ្រាន់តែ​គ្រវាសដៃ​ចេញ​និង​ប្រាប់​កុំ​ឲ្យ​គាត់​ធ្វើ​បែប​នេះ ។

ក្មេង​ស្រី​រូប​នេះ​និយាយ​ទៀត​ថា លុះដល់​ព្រឹកឡើង​ថ្ងៃ​ទី​១ ខែមិថុនា នាង​បាន​ប្រាប់​បុរស​នេះ​ថា នាង​រក​ការ​ធ្វើ ប៉ុន្តែ​ខ្វះ​អ្នក​ធានា ខណៈនោះ​បុរស​ចំណាស់​នោះ​ប្រាប់​ថា «​មិន​អី​ទេ ចាំ​ពូ​ជួយ​ធានា​ឲ្យ​» បន្ទាប់​មក​ហៅ​នាង​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ដោយ​ប្រាប់​ថា​ទៅ​រក​កន្លែងធ្វើការ និង​ជួយ​ម៉ាស្សា​ឲ្យ​គាត់​បន្តិច​ចាំ​គាត់​ឲ្យ​លុយ​២០​ដុល្លារ ។ នាង​ក៏​ព្រមទៅ​ជាមួយ ហើយ​បុរស​នោះ​ក៏​ឌុ​ប​នាងទៅ​មក​ៗ​ច្រើន​ត្រឡប់ រួច​ចូល​ទៅ​ក្នុងផ្ទះ​សំណាក់មួយ​កន្លែង ។ ពេល​ចូល​ទៅ​ដល់​បុរស​នេះ​ចូល​ទៅ​ងូតទឹក លុះ​ចេញ​មក​វិញ​ស្លៀក​កន្សែង​និង​ដេក​ឲ្យ​នាង​​ជួយ​ម៉ាស្សា​ឲ្យ តែ​បែរជា​ចាប់​បំពាន​សេពសន្ថវៈ​រូប​នាង​ទៅ​វិញ ទោះជា​នាង​ខំ​រើបម្រះ​និង​ស្រែក​យ៉ាងណា​ក៏​មិន​រួច និង​គ្មាន​អ្នក​ឮ​ដែរ ។

ក្មេង​ស្រី​រូប​នេះ​បន្ត​ថា បុរស​នេះ​ក៏​បំពាន​នាងរហូត​បាន​សម្រេច បន្ទាប់​មក​គាត់​បាន​ចូល​ទៅ​ក្នុងបន្ទប់ទឹក ចំណែក​នាង​រៀបចំ​អី​វា​៉​ន់​បម្រុង​រត់​ចេញ ប៉ុន្តែ​បុរស​នេះ​ចេញ​មក​ពី​បន្ទប់ទឹក​វិញ​ក៏ចាប់​នាង​ម្ដងទៀត​ជា​លើក​ទី​២ ។ នាង​បាន​ស្រែកឲ្យ​គេ​ជួយ​ដែរ ប៉ុន្តែ​នៅ​តែ​គ្មាន​អ្នក​ណា​ម្នាក់​ឮដដែល ។ក្មេង​ស្រី​រៀបរាប់​ទៀត​ថា លុះ​សម្រេច​បាន​២​ដង​ហើយ​នៅ​មិន​ទាន់​អស់ចិត្ត​ទៀត មួយសន្ទុះ​ក្រោយមក​បុរស​នោះ​មាន​បំណង​ជា​លើកទី​៣ ប៉ុន្តែ​ដោយ​មិន​អាច​ប្រកែក​បាន​រើ​ក៏​ពុំ​រួច និង​ស្រែក​ក៏​គ្មាន​អ្នក​ឮ ទើប​នាង​ប្រើ​ល្បិច​ធ្វើ​ជា​ព្រម និង​ប្រាប់​បុរស​នោះ​ឲ្យ​ដេក​ផ្កាប់មុខ​ចាំ​នាង​ម៉ាស្សា​ឲ្យ​។ ឯនោះ​បុរស​នេះ​ក៏​ព្រម​ធ្វើ​តាម ហើយ​នាង​ក៏​យក​កាំបិត​បុ័ងតោ​ដែល​ដាក់​តាម​ក្នុង​កាបូប​ទុក​ការពារ​ខ្លួន​កាប់​បុរស​នេះ​ជា​ច្រើន​កាំបិត​តែ​ម្ដង ព្រោះ​នាង​មិន​អាច​ទ្រាំ​តទៅ​ទៀត​បាន​ឡើយ ។

ទាង់​ទិន​ទៅ​នឹង​ហេតុការណ៍​នេះ បុរស​ចំណាស់​ខាងលើ​មិន​បាន​និយាយ​បាន​ច្រើន​ទេ ព្រោះ​រង​របួសធ្ងន់ ដោយ​គ្រាន់តែ​ប្រាប់​គេឯង​ថា គាត់​នាំ​ស្រី​មក​ដេក​នៅផ្ទះ​សំណាក់​ទាស់​គ្នា​រឿង​លុយ​២០​ដុល្លារ ដែល​គាត់​មិន​ទាន់​បាន​ឲ្យ​នៅឡើយ​ហើយ​ក៏​ត្រូវ​ស្រី​នោះ​កាប់​ឲ្យ​របួស ។ ចំណែក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​រួច​ឃាត់ខ្លួន​ក្មេង​ស្រី​ខាងលើ នាំ​ទៅ​កាន់​ប៉ុស្តិ៍​ដើម្បី​សាកសួរ ហើយ​បើ​រឿង​នេះ​ពិតជា​ក្មេង​ស្រី​កាប់​បុរស​ចំណាស់​ដើម្បី​ការពារ​ខ្លួន​មែន ពុំ​ទាន់​ដឹង​ថា តើ​ត្រូវ​មាន​ចំណាត់ការ​បែប​ណា​នៅឡើយ​ទេ ? គឺ​សម្រេច​នៅ​លើ​តុលាការ ។

អត្ថបទសរសេរ ដោយ