ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទាមទារ​ឱ្យ​វៀតណាម​រុះរើ​តង់​ចេញ​ពី​​តំបន់​ស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ បញ្ហា​កងទ័ព​វៀតណាម​បោះ​តង់ នៅ​លើ​តំបន់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម ត្រូវ​ក្រសួងការបរទេស បាន​កោះហៅ​លោក Vu Quang Minh…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ បញ្ហា​កងទ័ព​វៀតណាម​បោះ​តង់ នៅ​លើ​តំបន់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម ត្រូវ​ក្រសួងការបរទេស បាន​កោះហៅ​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា មក​ប្រាប់​ពី​រឿងរ៉ាវ ដែល​កងទ័ព​វៀតណាម បោះ​តង់​ជា​ច្រើន​កន្លែង នៅ​តំបន់​ព្រំដែន​មិន​ទាន់​ឯកភាព​គ្នា (​តំបន់​ស​) និង​បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់​ទាំងនោះ​ចេញ​ជា​បន្ទាន់ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុជា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​បោះ​តង់​របស់​វៀតណាម នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្តកណ្តាល ជាប់​នឹង​ខេត្ត​អាន​យ៉ាង (​វៀតណាម​) នៅ​ថ្ងៃ​ទី​២ មិថុនា របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តជាតិ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ មិថុនា លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ​ក្រសួងការបរទេស​ខ្មែរ បាន​កោះ​អញ្ជើញលោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម មក​ជួប​ពិភាក្សា និង​បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់​ចេញ​ទាំងអស់​ឲ្យ​បាន​ឆាប់ ហើយ​បន្ត​រក្សា​ស្ថានភាព​ដើម មិន​កែប្រែ​ក្នុង​តំបន់​នោះ រហូត​ដល់​គណៈកម្មការ ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដោះស្រាយ​កំណត់​ខ្សែ​ព្រំដែន​ជាក់លាក់ ជា​ស្ថាពរ​នៅ​តំបន់​នោះ ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ជា​ប្រយោជន៍​រួម​សម្រាប់ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។

ក្រសួងការបរទេស​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ក្រសួងការបរទេស បាន​ធ្វើ​កំណត់​ទូត​តវ៉ា អំពី​ការ​បោះ​តង់​របស់​វៀតណាម​ចំនួន​៣១​កន្លែង លើ​តំបន់​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​គ្នា ក្នុង​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា ជាប់​នឹង​ខេត្ត​អាន​យ៉ាង នៃ​ប្រទេស​វៀតណាម ដោយ​ស្នើ ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ទាំងនោះ​ចេញ និង​បញ្ឈប់​សកម្មភាព​នានា ដើម្បី​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ នៅ​ក្នុង​តំបន់​នេះ ស្រប​តាម​សេចក្តី​ប្រកាស​រួម​ចុះ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​១៩៩៥ សន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ​២០០៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ។

ក្រសួង​បន្ត​ថា នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ ២០២០ ក្រសួងការបរទេស​វៀតណាម បាន​ធ្វើ​កំណត់​ទូត​ឆ្លើយ​តប ដោយ​អះអាង​ថា ការ​បោះ​តង់​នៅ​តាម​ព្រំដែន ដោយ​ខេត្ត​អាន​យ៉ាងនេះ គឺជា​វិធាន​បណ្តោះអាសន្ន​ចាំបាច់ ដើម្បី​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា នូវ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន ក្នុងអំឡុងពេល​នៃ ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​១៩ ហើយ​ការ​បោះ​តង់​ទាំងនោះ មិន​មាន​ផល​ប៉ះពាល់​ដល់​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​លើ​តំបន់​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ​នេះ​ទេ ។ អាជ្ញាធរ​វៀតណាម​បាន​សន្យា​ថា នឹង​ធ្វើការ​រុះរើ​តង់​ដែល​បាន​បោះ​ជា​បណ្តោះអាសន្ន​ទាំងអស់​ចេញពី​តំបន់​នោះ ។

សូម​រំលឹក​ថា ភាគី​វៀតណាម​បាន​បោះ​តង់​ចំនួន​៣១​កន្លែង នៅ​ជាប់​ព្រំដែន​ស្រុក​លើក​ដែក និង​ស្រុក​កោះធំ ខេត្តកណ្ដាល ដែល​ជា​តំបន់​មិន​ទាន់​ឯកភាព​គ្នា លើ​ខ្សែបន្ទាត់​ព្រំដែន ។ ហើយ​ការ​បោះ​តង់​របស់​ភាគី​វៀតណាម​នេះ គឺ​ធ្វើ​ឡើង​ក្រោម​ហេតុផល ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ទោះបីជា​បែប​ណា​ក៏​ដោយ ភាគី​វៀតណាម​ហាក់​យក​ប្រៀប​លើ​កម្ពុជា​រហូត​មក ដែល​គេ​អាច​ធ្វើ​អ្វី​ៗ​បាន​លើ​តំបន់​ស តែ​កម្ពុជា​បើ​ហ៊ាន​ធ្វើ​មួយ​គឺ​មាន​ប្រតិកម្ម​ភ្លាម​ៗ ។ សួរ​ថា តើ​វា​មាន​ប្រសិទ្ធភាព​បែប​ណា បើ​មិន​បាន​ធ្វើ​លើ​តំបន់​ស ?
វៀតណាម​រុះរើ​តង់​ដែល​បោះ​តាម​បណ្តោយ​ព្រំដែន​តាម​ការ​ស្នើ​សុំ​របស់​កម្ពុជាតាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​បាន​រុះរើ​តង់​ទាំងអស់​តាម​បណ្តោយ​ព្រំដែន​ជាមួយ​កម្ពុជា ស្ថិត​នៅ​ក្នុង​តំបន់​មិន​ទាន់​មាន​ឯកភាព​គ្នា ចំពោះ​ការ​បោះបង្គោល​ខណ្ឌសីមា នៃ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ។ នេះ​បើ​យោង​តាម​ការ​បកប្រែ​ក្រៅផ្លូវការ​ដោយ​វិទ្យុ​វី​អូ​អេ​ពី​លិខិត​មួយ​ច្បាប់ សរសេរ​ជា​ភាសា​វៀតណាម​របស់​គណៈកម្មា​ធិការ​​ប្រជាជន​វៀតណាម ខេត្ត​អាន​យ៉ាង ។

លិខិត​ចុះ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ដែល​ផ្ញើ​ជូន​អាជ្ញាធរ​ខេត្តកណ្តាល​របស់​កម្ពុជា បញ្ជាក់​ថា ភាគី​វៀតណាម​បាន​បញ្ជា​ឲ្យ​កងកម្លាំង​របស់​ខ្លួន​ចុះ​រុះរើ​ចេញ​អស់ហើយ​រាល់​តង់​ទាំងអស់ ដែល​បោះ​«​ជាប់​នឹង​ខ្សែ​ព្រំប្រទល់​ខេត្តកណ្តាល​»​នោះ ។ការ​ផ្ញើ​លិខិត​របស់​គណៈកម្មាធិការ​ប្រជាជន​វៀតណាម ខេត្ត​អាន​យ៉ាងនេះ ធ្វើ​ឡើង​ក្រោយ​ពី​ក​ម្ព​ជា​បាន​បញ្ជូន​កំណត់​ទូត​មួយ​ទៅ​ឲ្យ​ភាគី​វៀតណាម កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ ២០២០ ដោយ​ចាត់​ទុក​វត្តមាន​យោធា​របស់​វៀតណាម​នៅ​តំបន់​តាម​បណ្តោយ​ព្រំដែន ដែល​មិន​ទាន់​មាន​ឯកភាព​គ្នា​ថា ជា​«​ការ​រំលោភ​កិច្ចព្រមព្រៀង​ព្រំដែន​» រវាង​ប្រទេស​ទាំង​ពីរ​។

ភាគី​វៀតណាម​បាន​បញ្ជាក់​ក្នុង​លិខិត​របស់​ខ្លួន​ថា ការ​បោះ​តង់​ទាំងនោះ «​គឺ​គ្រាន់តែ​ជា​ការងារ​បណ្តោះ​អាសន្ន​ក្នុង​គោលបំណង​បង្ការ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩» ដែល​អាច​ឆ្លង​រវាង​ខេត្ត​អាន​យ៉ាង របស់​វៀតណាម និង​ខេត្តកណ្តាល​របស់​កម្ពុជា ។ក្រុម​អ្នក​ឃ្លាំមើល​ពី​បញ្ហា​ព្រំដែន​បាន​និយាយ​ថា សកម្មភាព​ប្រទេស​ជិតខាង​ដូច​ជា​វៀតណាម​និង​ថៃ​ចុង​ក្រោយ​ដែល​ចូល​មក​បោះ​តង់ និង​សង់រោង​នៅ​តំបន់ហាមឃាត់ ឬ​ទឹកដី​កម្ពុជា គឺជា​សកម្មភាព​រំលោភ​បំពាន​បូរណភាព​ដែនដី​កម្ពុជា ដោយ​ឥត​កោតក្រែង ។

ការ​អះអាង​ដូច្នេះ គឺ​យោង​ទៅ​លើ​ការ​បោះ​តង់​របស់​កងទ័ព​វៀតណាម​នៅ​ក្នុង​តំបន់​ស​ក្នុងស្រុក​លើក​ដែក​និង​ស្រុក​កោះធំ ខេត្តកណ្តាល​តាម​ព្រំប្រទល់​ដែន​របស់​ប្រទេស​ទាំង​ពីរ កាលពី​ស​ប្តា​ហ៍​ថ្មី​ៗ​កន្លង​ទៅ និង​ការ​សង់រោង​នៅ​ខេត្ត​ប៉ៃលិន​របស់​ភាគី​ទាហាន​ថៃ កាលពី​ស​ប្តា​ហ៍​ថ្មី​ៗ​កន្លង​ទៅ​ដែរ​ដើម្បី​អ្វីមួយ​ដែល​គេ​អះអាង​ថា ជា​ការ​បង្ការ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​ហើយនឹង​ទប់ស្កាត់​ពលករ​ចំណាកស្រុក​ក្នុង​ពេល​មានការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដែល​ព្រំដែន​នៃ​ប្រទេស​ជិតខាង​ទាំងនេះ​ត្រូវ​បិទ​មិន​ឲ្យ​ឆ្លងកាត់​លើកលែងតែ​ទំនិញ ។ ជា​ការ​កត់សម្គាល់​ទាំង​ភាគី​វៀតណាម​និង​ថៃ ដែល​ជា​ប្រទេស​ជិតខាង​កម្ពុជា​តែងតែ​រំលោភ​បំពាន​ឥត​ឈប់​ឈរ ដោយសារ​ការ​មិន​គោរព​បូរណភាព​ដែនដី​កម្ពុជា ។

អ្នកវិភាគ​ខ្លះ​និយាយ​ថា ចង់​បោះ​តង់ ឬ​ដាក់​អី​ការពារ​កូ​វី​ដ​១៩ ដាក់​ក្នុង​ដី​ខ្លួន​ទៅ បែរជា​មក​ដាក់​ក្នុង​តំបន់​ដែល​ខ្លួន​ដឹង​ថា​មិន​ទាន់​ឯកភាព​គ្នា ។ប្រទេស​កម្ពុជា​និង​ប្រទេស​ជិតខាង​ដូច​ជា​វៀតណាម ថៃ​និង​ឡាវ នៅ​មាន​បញ្ហា​វិវាទ​ព្រំដែន​យូរ​ៗ​ម្តង​ដោយសារ​កន្លែង​ខ្លះ​មិន​ទាន់​បាន​បោះបង្គោល​ចប់​សព្វគ្រប់ ហើយ​ការ​កំណត់​ខ្សែបន្ទាត់​ព្រំដែន​នៅ​មាន​ភាព​ស្មុគស្មាញ និង​បន្ត​ចរចា​គ្នា​នៅឡើយ ។ ការណ៍​នេះ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​យោធា​ជួរ​មុខ​ពេល​ខ្លះ​ផង​ដែរ ។

តែ​ការ​ដោះស្រាយ​ពីរ​លើក​ចុង​ក្រោយ​នេះ​ដែល​មានការ​សង់រោង​ពី​ភាគី​ថៃ​នៅ​តាម​ព្រំដែន ខេត្ត​ប៉ៃលិន និង​បោះ​តង់​ពី​ភាគី​វៀតណាម​នៅ​តាម​បណ្តោយ​ព្រំដែន​នៅ​ខេត្តកណ្តាល​នោះ គេ​មិន​បាន​សង្កេត​ឃើញ​ថា មាន​ភាព​តានតឹង​កើតឡើង​ខ្លាំង​ដូច​ពេល​មុន​ទេ ក្រោយ​ពេល​មន្ត្រីខេត្ត​អាន​យ៉ាង នៃ​ប្រទេស​វៀតណាម​ជាប់​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា​បាន​ជូនដំណឹង​ជា​ផ្លូវការ​ដល់​កម្ពុជា​អំពី​ការ​បោះ​តង់​នោះ ថា​ជា​រឿង​បណ្តោះ​អាសន្ន​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ។

ភាគី​វៀតណាម​បាន​សន្យា​ថា នឹង​រើ​តង់​ចំនួន​៣១​កន្លែង​ចេញ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ថា​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជូន​កំណត់​ទូត​តវ៉ា​អំពី​រឿង​បោះ​តង់​នៅ​លើ​តំបន់ហាមឃាត់ ឬ​តំបន់​ស​នោះ ។ ដោយឡែក​ ភាគី​ថៃ​បាន រើ​រោង​យោធា​ជួរ​មុខ​ចេញ​ដោយ​សន្តិវិធី តែ​គេ​មិន​ទាន់​ឃើញ​មានការ​ពន្យល់​ជា​ផ្លូវការ​ដែរ ។ ក្រុម​មន្ត្រី​កម្ពុជា​ធ្លាប់​បាន​និយាយ​ថា កម្ពុជា​ធ្លាប់​អះអាង​ថា មិន​អាច​ឲ្យ​ទឹកដី​របស់​ខ្លួន​ត្រូវ​បាត់បង់​សូ​ម្បី​តែ​១​មី​លី្ល​ម៉ែត្រ ហើយ​ក៏​មិន​ចង់បាន​ចំណេញ​ទឹកដី​ប្រទេស​ជិតខាង​ណាមួយដែរ ៕

អត្ថបទសរសេរ ដោយ