ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការរួមគ្នាបង្កើតសហគមន៍ដាំបន្លែកំពុងកាក់កប​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តពោធិ៍សាត់​ ៖ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ ក៍​ដូច​ជា​ការ​បង្ការ​​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ ១៩​ផង​នោះ អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន និង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត…

ខេត្តពោធិ៍សាត់​ ៖ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ ក៍​ដូច​ជា​ការ​បង្ការ​​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ ១៩​ផង​នោះ អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន និង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត បាន​ជម្រុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់ និង​តាម​បណ្ដា​ស្រុក​ទាំងអស់ នាំ​គ្នា​ដាំ​បន្លែ​សុវត្ថិភាព​ឲ្យ​បាន​ច្រើន ដើម្បី​តម្រូវការ​ទីផ្សារ​ក្នុង​ខេត្ត​ឲ្យ​បាន​គ្រប់គ្រាន់ និង​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ខេត្ត​ទៀត ចៀសវាង​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដែល​ប្រើប្រាស់​សារធាតុ​គីមី នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។

​គ្រួសារ​កសិករ​មួយ​គ្រួសារ​រស់នៅ​ភូមិ​ដប់​បាត សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ដែល​ប្ដី​ឈ្មោះ ភី កំសត់ អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឯក ច​ន្ថា អាយុ​៤២​ឆ្នាំ មានកូន​៥​នាក់ បាន​រៀបរាប់​ប្រាប់​​ឱ្យ​ដឹង​​ថា គ្រួសារ​គាត់​ពុំ​មាន​ដី​សម្រាប់​ដាំ​ដុះ​ច្រើន​ទេ តែ​ដោយ​មើលឃើញ​ការ​ដាំ​បន្លែ ទាំង​យក​ផ្លែ ស្លឹក មើម និង​ដើម ទទួល​បាន​ប្រាក់​ចំណូល​គួរសម ហើយដោយ​សារ​គាត់​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​លើ​ការងារ​ដាំ​ដុះ​ពី​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម និង​អង្គការ​អឹ​ប​ដូ​ផង​នោះ គាត់​បាន​សម្រេចចិត្ត​ជួល​ដីចំការ​ពី​គេ​ចំនួន​២​ហិ​កតា ដោយ​កុងត្រា​ក្នុង​រយៈពេល​៥​ឆ្នាំ ក្នុង​មួយ​ឆ្នាំ​១​លាន​រៀល​ដើម្បី​ដាំ​ដំណាំ​សុវត្ថិភាព នៅ​ដើមឆ្នាំ​២០២០​។ ក្នុង​រយៈពេល៤​ខែ​កន្លង​មកនេះ ពួក​គាត់​បាន​ត្រួសត្រាយ​ដី​កន្លះ​ហិ​កតា​ដាំ ត្រសក់ ម្រះ ននោង និង​ត្រប់ ទទួល​បាន​ផល​លក់​ជា​បណ្ដើរ​ៗ​ហើយ និង​កំពុង​ពង្រីក​ដី​ដាំ​ដុះ​បន្ថែម​ទៀត​ដោយ​មិន​ទុក​ដី​ឲ្យ​នៅ​សល់​នោះ​ឡើយ​។

ចំណែក​លោក ជា សេង​លឿន អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់​ចំការ​និង​តំណាង​សហគមន៍​បន្លែ​នៅ​ក្នុងភូមិ​អូរ​ថ្កូវ សង្កាត់​រលាប បាន​ឲ្យ​ដឹង​ថា កាលពីដើម​ឡើយ​ លោក​ដាំ​ដំណាំ​បន្តិចបន្តួច​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ទុក​ហូប​ខ្លួនឯង​នៅ​ដី​ជុំវិញ​ផ្ទះ​តែ​ប៉ុណ្ណោះ​។ លុះ​នៅ​ឆ្នាំ​២០០០ ក្រោយ​ពីទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ក្នុង​ការ​ដាំ​ដុះ​ពី​មន្ទីរ​កសិកម្ម​ខេត្ត និង អង្គការ​អឹ​ប​ដូ លោក​បាន​ពង្រីក​ការ​ដាំ​ដុះ ដោយ​បាន​ចាត់​ទុក​ថា ការ​ដាំ​បន្លែ​យក​ផ្លែ ជា​មុខរបរ​មួយ​យ៉ាង​សំខាន់​និង​ងាយស្រួល​សម្រាប់​រក​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​។ គិត​មក​ដល់​ពេល​នេះ មាន​ផ្ទៃដី​៦​ហិ​កតា សម្រាប់​ដាំ​ដុះ​ជា​លក្ខណៈ​វិល​ជុំ​បាន​៤​រដូវ​ក្នុង​មួយ​ឆ្នាំ គឺ​ក្នុង​មួយ​រដូវ​ចាប់ពី​៣​ទៅ​៤​ខែ ដោយ​ផ្តោត​សំខាន់​ដាំ​ត្រសក់ ននោង និង​ត្រឡាច​។ ជាក់ស្តែង​ពេល​នេះ​កំពុង​ដំណើរការ​ដាំ​បន្លែ​ត្រប់​ក្រាម និង​ត្រប់វែង នៅ​លើ​ផ្ទៃដី​កន្លះ​ហិ​កតា​អាច​ទទួលផល​ចាប់ពី​១០​តោន​ទៅ​១៥​តោន និង​កំពុង​ពង្រីក​ដាំ​បន្លែ​បន្ថែម​ទៀត​។

​លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ជ្រើសរើស​ដាំ​បន្លែ​យក​ផ្លែ​ដូច​ជា​ត្រប់​នេះ ព្រោះ​វា​ងាយស្រួល​ក្នុង​ការ​ដាំ ថែទាំ​និង​ទទួលផល​បាន​លឿន​។ ដោយ​មើលឃើញ​ពី​ផលប្រយោជន៍​ក្នុង​ការ​ដាំ​ដំណាំ​បន្លែ​ងាយស្រួល​រក​ប្រាក់​ចំណូល​ប្រចាំ​ក្នុង​គ្រួសារ​នេះ ទើប​ធ្វើ​ឲ្យ​បងប្អូន​ប្រជា​កសិករ រស់នៅ​ក្នុង​តំបន់​នេះ​មានការ​ចាប់អារម្មណ៍ ក៏រួម​គ្នា​ចងក្រង​ជា​សហគមន៍​ដាំ​បន្លែ​យក​ផ្លែ​នេះ​ឡើង​មាន​ចំនួន​២៧​គ្រួសារ អនុវត្ត​នៅ​លើ​ផ្ទៃដី​៣៥​ហិ​កតា ពេល​នេះ​កំពុង​ទទួលផល​គ្រប់​ៗ​គ្នា ។ បន្លែ​សុវត្ថិភាព​ទាំងអស់​គឺ​ក្រុម​ឈ្មួញ​ក​ណ្ដា​លម​ក​ប្រមូល​ទិញ​ដល់​កន្លែង ​ព្រមទាំង​មាន​ហាងឆេង​ទីផ្សារ​ល្អ​ប្រសើរ គឺ​បន្លែ​ត្រប់​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​ចាប់ពី​១៨០០​ទៅ​២០០០​រៀល ហើយ​តម្លៃ​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​ទាំងអស់​គ្នា​សប្បាយចិត្ត​ដោយ​បន្ត​ការ​ខិតខំ​ដាំ​ដុះ​មិន​ទុក​ឲ្យ​ដី​នៅ​សល់​ទំនេ​ចោល​នោះ​ឡើយ​។

​លោក អ៊ឹ​ង គឹ​ម​លាង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ដែល​តែងតែ​ចុះ​ពិនិត្យ​មើល​ការ​ដាំ​ដុះ​បន្លែ​នៅ​តាម​សហគមន៍​នោះ បាន​កោតសរសើរ​ដល់​បងប្អូន​ប្រជា​កសិករ​ដែល​បាន​ចាប់​យកមុខ​របរ​ដាំ​បន្លែ​សុវត្ថិភាព​នេះ​ទទួល​បាន​ផល​ល្អ​ប្រសើរ ស្រប​តាម​គោលបំណង​របស់​លោក​អភិបាលខេត្ត ដែល​ចង់​ឃើញ​ជីវភាព​រស់នៅ​របស់​បងប្អូន​មានការ​រីក​ចម្រើន ហើយ​បើ​អ្នក​ខ្ជិលច្រអូស​និង​គ្មាន​គោលការណ៍​ច្បាស់លាស់ មិន​អាច​ទទួល​បាន​ផល​នោះ​ទេ​។​

លោក​សូម​ឲ្យ​ប្រជា​កសិករ​កុំ​ប្រើ​ជីគីមី ត្រូវ​ប្រើ​ជីធម្មជាតិ​​ដូច​ជា កំទេចកំទី​ស្លឹកឈើ​រលួយ លាមក​គោក្របី លាមក​ព្រាប មាន់ ឬ​ប្រចៀវ​ជាដើម​។ រដ្ឋបាល​ខេត្ត​និង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត មាន​សកម្មភាព​ចម្បង​ៗ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ពង្រឹងសមត្ថភាព​កសិករ និង​ធានា​រក​ទីផ្សារ​ជូន​ផង​ដែរ​។

លោក​បន្ត​ថា ពិត​ណាស់​នៅ​ក្នុង​រដូវ​នេះ​តម្លៃ​កសិផល​របស់​ប្រជា​កសិករ​នៅ​តាម​បណ្តា​សហគមន៍​កំពុង​មាន​តម្លៃ​ខ្ពស់ ដែល​អាច​ឲ្យ​ពួក​គាត់​មានឱកាស​ក្នុង​ការ​ដាំ​បន្លែបង្ការ​ផ្សេង​ៗ​សម្រាប់​ជា​តម្រូវការ​ទីផ្សារ​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត ។ នេះ​ដោយសារ​តែ​រាជរដ្ឋាភិបាល កម្ពុជា បាន​ផ្អាក​នូវ​ការ​នាំ​ចូល​បន្លែបង្ការ​ពី​ប្រទេស​ជិតខាង​ទើប​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រជា​កសិករ​ដែល​ប្រកប​មុខរបរ​ដាំ​ដំណាំ ទទួល​បាន​តម្លៃ​សមរម្យ​ដូច​ពេល​បច្ចុប្បន្ន​នេះ​។

លោក​ក៏​បាន​ណែនាំ​ដល់​ប្រជា​កសិករ​ក្នុង​សហគមន៍​ថា នៅ​ពេលធ្វើការ​ដាំ​ដុះ​សូម​ពិនិត្យ​ទៅ​លើ​ប្រភេទ​ដី និង​បែងចែក​ក្នុង​ការ​ដាំ​ដុះ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ព្រោះថា រដូវ​នេះ​ឈាន​ចូល​រដូវវស្សា ហើយ​យើង​មានទឹក​គ្រប់គ្រាន់​មិន​ដូច​រដូវប្រាំង​នោះ​ទេ ​។ ​ស្រប​ពេល​ជម្ងឺ​កូ​វី​ដ​១៩​កំពុង​រីក​រាលដាល​នេះ លោក​បាន​អំពាវនាវ​សូម​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​បង្ការ​ទប់ស្កាត់​ទាំងអស់​គ្នា​។ ចំពោះ​ការ​ដាំ​ដុះ​ត្រូវ​ចេះ​ជ្រើសរើស​និង​ប្រើប្រាស់​ពូជ​សុទ្ធ​ល្អ​ស្រប​ទៅ​តាម​ទីផ្សារ ហើយ​គ្រប់​ក្រុម​គ្រួសារ​និ​មួយ​ៗ​ត្រូវ​មាន​សួន​បន្លែ​តាម​ខ្នង​ផ្ទះ និង​ចិញ្ចឹមសត្វ ដែល​ជា​ប្រភព​ចំណូល​ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ