ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បន្ត​ព្រមាន​កីឡាករ​ឡើង​រេញ​​​អំឡុង​​​​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​សង្វៀន​ប្រដាល់​នៅ​តែ​បន្ត​ប្រកួត​បិទទ្វារ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​លោក តែម ម៉ឺន បាន​ប្រកាស​យ៉ាង​មុតមាំ​ថា នឹង​បន្ត​ព្រមានចំពោះ​សង្វៀន និង​កីឡាករ​ប្រដាល់​ដែល​ធ្វើការ​ប្រកួត​មិន​អស់ដៃ ដោយសារ​តែ​សំអាង​ថា…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​សង្វៀន​ប្រដាល់​នៅ​តែ​បន្ត​ប្រកួត​បិទទ្វារ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​លោក តែម ម៉ឺន បាន​ប្រកាស​យ៉ាង​មុតមាំ​ថា នឹង​បន្ត​ព្រមានចំពោះ​សង្វៀន និង​កីឡាករ​ប្រដាល់​ដែល​ធ្វើការ​ប្រកួត​មិន​អស់ដៃ ដោយសារ​តែ​សំអាង​ថា នោះ​ជា​ការ​ប្រដាល់​បិទ​ទ្វារ​គ្មាន​អ្នក​ទស្សនា​ផ្ទាល់​ជាដើម ។ បន្ថែម​ពីលើ​ការ​ប្រជុំ​ដដែល​ជា​ដដែល លោក​នឹង​មាន​វិធាន​ការ​ចំពោះ​កីឡាករ និង​មន្ត្រី​ពាក់ព័ន្ធ​លើ​ករណី​នេះ​ផង​ដែរ​។

លោក តែម ម៉ឺន និយាយ​ថា តាំងពី​ដំណាក់​កាល​កូ​វី​ដ​-១៩​ធ្វើការ​វាយលុក បណ្ដា​សង្វៀន​​ប្រដាល់​​ទាំងអស់​នៅ​តែ​មិន​ទាន់​អនុញ្ញាត​ឱ្យ​បើក​ការ​ប្រកួត​ដោយ​បើកទ្វារ​ដើម្បី​ឱ្យ​អ្នកគាំទ្រ​អាច
ចូល​ទស្សនា​នោះ​ទេ បើ​ទោះជា​ក្នុង​ពេល​នេះ ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​ជាង​មុន​ដែល​មិនសូវ​រង​ផល​ប៉ះពាល់​ក្ដី ។ លោក​ថា សង្វៀន​មួយ​ចំនួន​ក៏​ពិបាក​ក្នុង​ការ​គ្រប់គ្រង​នៅ​ពេល​កីឡាករ​ប្រកួត​គ្នា​មិន​បាន​ល្អ ដែល​អាច​និយាយ​បាន​ថា ពួក​គេ​ប្រកួត​គ្នា​ដើម្បី​គ្រាន់តែ​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ។

លោក​ទទួលស្គាល់​ថា ការ​ប្រកួត​ដែល​គ្មាន​អ្នក​ទស្សនា​ធ្វើ​ឱ្យ​ពិបាក​ដល់​អ្នក​ប្រដាល់​ប្រកួត​ឱ្យ​អស់​ពី​សមត្ថភាព​ដោយសារ​តែ​ខ្វះ​ភាព​កញ្ជ្រោល​តែ​មិន​អាច​ដោយសារ​តែ​ហេតុផល​នេះ ហើយ​ព្រម​លែងដៃ​មិន​ប្រឹង​ប្រកួត​នោះ​ទេ ដោយ​លោក​ចាត់​ទុក​ថា នោះ​គឺជា​ហេតុផល​ដែល​មិន​មែន​ជា​អ្នក​ប្រដាល់​នោះ​ផង ។ លោក​ថា អ្នក​ប្រដាល់​ទោះ​ត្រូវ​បើក​ប្រកួត​នៅ​ក្នុង​កាលៈ​ទេសៈណា​ក៏​ដោយ ក៏​មិន​អាច​ប្រកួត​លេង​ៗ​មិន​យកចិត្តទុកដាក់​ផង​ដែរ​។

លោក​ចាត់​ទុក​ថា នោះ​គឺជា​បញ្ហា​ដែល​ធ្វើ​ឱ្យ​វិស័យ​ប្រដាល់​រង​ការ​រិះគន់ ជា​ពិសេស​ចំពោះ​អ្នក​ប្រដាល់​ដែល​ខ្វះ​ឆន្ទៈ​ក្នុង​នាម​ជា​អ្នក​ប្រដាល់​។

លោក​នៅ​តែ​ចាត់​ទុក​ថា នេះ​មិនមែន​ជា​ការ​ទទួលខុសត្រូវ​តែ​ម្យ៉ាង​របស់​ម្ចាស់​សង្វៀន​នោះ
ទេ ដោយ​កំហុស​ក៏​រឹតតែ​មិនមែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គណៈកម្មការ​ប្រដាល់ ឬ​អាជ្ញា​កណ្ដាល​​ទៅ​ទៀត បន្ទាប់​ពី​លោក​ក៏​សម្គាល់​ឃើញ​ថា គូ​ប្រដាល់​ដែល​មាន​បញ្ហា​ទាំង​អស់នោះ គឺ​លោក​អាជ្ញាកណ្ដាល និង​គណៈកម្មការ​រៀបចំ​ប្រឹង​អូស​ប្រឹង​តម្រូវ​ឱ្យ​ប្រកួត ខ្លាំង​ៗ​ណាស់ ប៉ុន្តែ​មក​ពី​កីឡាករ​មិន​ព្រម​ចង់​ប្រកួត​តែ​ម្ដង ។

លោក​បាន​តម្រូវ​ឱ្យ​គណៈកម្មការ​ពាក់ព័ន្ធ​បើក​ការ​ប្រជុំ​លើ​ករណី​នេះ​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ ដើម្បី​ព្រមាន​ចំពោះ​អ្នក​ប្រដាល់​ដែល​មាន​បញ្ហា​នេះ ដោយ​លោក​បញ្ជាក់​ថា កីឡាករ​ដែល​មិន​កែ​ទម្លាប់​នេះ គឺ​នឹង​ដកសិទ្ធិ​មិន​ឱ្យ​ឡើង​រេញ ដោយ​មិន​ចេះ​តែ​យោគយល់​រឿង​កូ​វី​ដ​បាន​ទេ ។ ក្នុង​នោះ​លោក​ក៏​អះអាង​ថា ក្រោយ​ការ​ព្រមាន​មិន​ត្រឹមតែ​កីឡាករ​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​កីឡាករ​ផ្សេង​ក៏​មានការ​ប្ដូរ​ទម្លាប់​ផង​ដែរ បើ​ទោះជា​នៅ​ទទួលស្គាល់​ថា ការ​ប្រកួត​ក្នុង​រយៈពេល​នេះ ក្រៅពី​ប្រកួត​យក​ជើងឯក គឺ​កីឡាករ​ម្ខាង​ៗ​នៅ​ប្រកួត​លាក់​ដៃ​។

មិន​ខុស​ពី​ការ​លើក​ឡើង គេ​ឃើញ​នៅ​គ្រប់​សង្វៀន ទាំង​អ្នក​ឈ្នះ និង​អ្នក​ចាញ់​ហាក់​មិន​សូវ​​ប្រកួត​គ្នា​អស់ពី​សមត្ថភាព និង​អស់ដៃ​ទេ​ដោយ​កីឡាករ​ភាគច្រើន​សុខចិត្ត​បោះបង់​ការ​ប្រកួត ដោយ​គ្រាន់តែ​ចាញ់​ប្រៀប​តិចតួច ឬ​ត្រូវ​របួស​តិចតួច​នោះ​ផង ។ ដូច្នេះ​ហើយ​ទើប​ការ​ប្រដាល់​នា​ពេល​ចុង​ក្រោយ សូ​ម្បី​តែ​ទស្សនា​ការ Live ក៏​មិនសូវ​ចាប់អារម្មណ៍ ។ ក្នុង​នោះ​សូ​ម្បី​តែ​ការ​រៀប​ចំ​ដាក់​គូ​ខ្លាំង​ៗ​ឱ្យ​ឡើង​ប្រកួត ក៏​ត្រូវ​គេ​សម្គាល់ថា មិនសូវ​ទាក់ទាញ​ចំណាប់អារម្មណ៍​នោះ​ដែរ ដោយសារ​តែ​អ្នក​រៀបចំ​យល់​ថា ការ​ប្រកួត​នៅ​ក្នុង​ដំណាក់កាល​នេះ ទោះជា​អ្នក​ណា​មក​ប្រកួត​ក៏​មិនល្អ​ជាង​នេះ​ដែរ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា រាល់​​កីឡាករ​ដែល​ប្រកួត​មិន​អស់ដៃ​ទាំង​អស់លោក​មិន​ទាន់​មាន​វិធានការ​មិន​ផ្ដល់​តម្លៃ​ខ្លួន​ដល់​អ្នក​ណា​ម្នាក់​នៅឡើយ​ទេ ដោយសារ​តែ​លោក​យល់​ថា ដំណាក់កាល​នេះ អ្នក​ប្រដាល់​ក៏​ញញើតញញើម​ក្នុង​ការ​ប្រកួត​គ្នា ជា​ពិសេស​ក្នុង​ពេល​កីឡាករ​ទាំងនោះ​មាន​របួស​បន្តិចបន្តួច​កើតឡើង ។

លោក​បន្ត​ថា ការ​ព្រមាន​គឺ​បាន​ត្រឹម​តែ​ព្រមាន ប៉ុន្តែ​ឆន្ទៈ​ពិតប្រាកដ គឺ​អាស្រ័យ​លើ​កីឡាករ​ខ្លួន​ឯង ។ យ៉ាងណា​ក៏​ដោយ​លោក​ចាត់​ទុក​ថា ការ​ព្រមាន​របស់​សហព័ន្ធ និង​មន្ត្រី​គណៈកម្មការ​ប្រដាល់​ចំពោះ​កីឡាករ គឺជា​រឿង​មួយ​ប្រសើរ​សម្រាប់​គ្រប់​បណ្ដា​សង្វៀន អាច​មាន​កីឡាករ​វាយ​ល្អ​នៅ​លើ​សង្វៀន​របស់​ខ្លួន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ