ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​មុខ​តំណែងស្នងការនគរ​បាល​​ខេត្ត​កែប

3 ឆ្នាំ មុន
  • កែប

​ខេត្ត​កែប​ ៖ កាលពី​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០​​ លោក​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​ក្រឡាហោម…

​ខេត្ត​កែប​ ៖ កាលពី​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០​​ លោក​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​។

នៅ​ក្នុង​ពិធី​នេះដែរ​​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កែប ប្រធាន​សាលាដំបូង លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​ខេត្តកំពត មន្ត្រី​នគរបាល​ជាន់ខ្ពស់​មក​ពី​អគ្គស្នងការ​នគរបាល​ជាតិ លោកស្រី អភិបាលក្រុង ស្រុក និង​មន្ត្រី​នគរបាល​គ្រប់​ផ្នែក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​។

យោង​តាម​សេចក្តី​ប្រកាស​របស់​រាជរដ្ឋាភិបាល​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង លោក​ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធា​រដ្ឋ ពី​ស្នងការ​រង​នគរបាល​ខេត្តកំពត​ មក​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ខណៈ​លោក​ឧត្តមសេនីយ៍ទោ បែន តារា បាន​ផ្ទេរ​ភារកិច្ច ជា​អនុប្រធាន​នាយកដ្ឋាន​កណ្តាល​ព្រំដែន​គោក​វិញ​។

មាន​មតិ​ផ្តាំផ្ញើ​សួរសុខទុក្ខ ​លោក​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ការ​កោតសរសើរ​ដល់​លោក​ឧត្តមសេនីយ៍ត្រី បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប​ចាស់ ដែល​កន្លង​បាន​ដឹកនាំ​កងកម្លាំង​អនុវត្ត​ការងារ​បាន​ល្អ​ប្រសើរ ដែល​ធ្វើ​ឱ្យ​បទល្មើស​មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់​គួរ​ឲ្យ​កត់សំគាល់​។

ក្នុង​ឱកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​នា​ពេល​នេះ​ដែរ ​លោក​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ក៏​បាន​ជំរុញ​ផ្តាំផ្ញើ​ដល់​លោកស្នងការ​នគរបាល​ខេត្ត​កែប​ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​ខិតខំ​បន្ត​អនុវត្ត​កិច្ចការ​ដែល​លោកស្នងការ​ចាស់​បាន​ធ្វើ​នៅ​សេសសល់​និង​យក​គំរូ​កិច្ចការ​ដែល​ស្នងការ​ចាស់​ធ្វើ​បាន​ល្អ​និង​ពង្រឹង​ការងារ​សន្តិសុខ​សង្គម​ឱ្យ​បាន​ល្អ​ប្រសើរ​បន្ថែម​ទៀត ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត​កែប​របស់​យើង​។

ជាមួយ​គ្នា​នេះ លោក​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ បាន​លើកយកបញ្ហា​​អាទិភាព​សំខាន់​ៗ​ជា​ច្រើន​ចំណុច​សម្រាប់​អនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព ដោយ​បាន​ជំរុញ​ឱ្យ​ប្រធាន​គណៈ​បញ្ជាការ​រដ្ឋបាល​ខេត្ត ជា​អ្នកដឹកនាំ​ដើម្បី​អនុវត្ត​ការងារ ហើយ​ស្នងការ​នគរបាល​ខេត្ត រួម​ជាមួយ​កងកម្លាំង​រាជ​អាវុធហត្ថ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ផ្សេង​ទៀត​ធ្វើ​ផែនការ​ព្យាករណ៍​មួយ​សម្រាប់​ចាត់វិធានការ ហើយ​ក៏​សូម​ឱ្យ​គណៈ​បញ្ជាការ​ឯកភាព​ក្រុង ស្រុក ជួយ​ដឹកនាំ​បន្ត ដោយ​ជំរុញ​ដល់​លោក​អធិការ​ក្រុង ស្រុក សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​ផែនការ​ពង្រឹង​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព នៅ​តាម​សហគមន៍​ប្រជាពលរដ្ឋ​។

លោក​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិបានបន្ត​ថា​ ដើម្បី​ឱ្យ​សហគមន៍​នីមួយ​ៗ​ក្លាយជា​ភូមិ ឃុំ​មាន​សុវត្ថិភាព យើង​ត្រូវ​តែ​អនុវត្ត​នូវ​គោលការណ៍​សំខាន់​ៗ​មួយ​ចំនួន រួម​មាន​៖ យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ,​យុទ្ធនាការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ និង​យុទ្ធនាការ បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​តាម​សហគមន៍​នីមួយ​ៗ​។

នៅ​ទី​បញ្ចប់​នៃ​កម្មវិធី លោក​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ក៏​បាន​ប្រគល់​រថយន្ត​១​គ្រឿង ម៉ូតូ​ចំនួន​៥​គ្រឿង និង​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​លាន​រៀល ជូន​លោកស្នងការ​ខេត្ត​កែប​ទើប​ទទួល​តំណែង​ថ្មី ព្រមទាំង​បាន​ឧបត្ថម្ភ​ដល់​អង្គភាព​នគរបាល​ព្រំ​ដែនទឹក​ចំនួន​២​លាន​រៀល បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​២​លាន​រៀល និង​បញ្ជាការដ្ឋាន​តំបន់សឹករង​កែប ចំនួន​២​លាន​រៀល​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ