ព្រ​លាន​យន្តហោះ​ខេត្ត​ព្រះ​សីហ​នុ គ្រោង​បញ្ចប់​ពាក់កណ្តាល​ឆ្នាំ​២០២២


ខេត្ត​ព្រះ​សីហ​នុ ៖ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​(SSCA) បាន​ជំរុញ និង​កំណត់​ឱ្យ​ក្រុមហ៊ុន Cambodia Airport ព​ន្លឿ​ន​ការ​ការ​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ ធ្វើ​យ៉ាងណា​ឱ្យ​ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២២ ខាង​មុខ​នេះ ខណៈ​ក្រុមហ៊ុន​មួយ​នេះ បាន និង​កំពុង​សាងសង់​យ៉ាង​សកម្ម​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ SSCA នៅ​រសៀល​ថ្ងៃ​ទី​៣ ខែមិថុនា​។

លោក ស៊ី​ន ចាន់​សិរី​វត្ថា អ្នកនាំពាក្យ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន និង​កំពុង​អនុវត្ត​យ៉ាង សកម្ម​ទៅ​តាម​ផែនការ​ដែល​បាន​កំណត់ និង​កិច្ចព្រមព្រៀង​ទៅ​លើ​ការ​ព​ន្លឿ​ន​ការ​ស្ថាបនា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​។ លោក ចាន់​សិរី​វត្ថា បាន​បន្ត​ប្រាប់​កោះសន្តិភាព​ថា «​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​នេះ អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​ចុះ​ចត បាន​ច្រើន​ជាង​១៣​គ្រឿង ពិសេស​អាច​ស្វាគមន៍​វត្តមាន​ប្រភេទ​យន្ដហោះ​ធុន​ធំ​បាន ត្រូវ​បាន​ថ្នាក់ដឹកនាំ​នៃ​រដ្ឋលេខាធិការដ្ឋាន អាកាស​ចរ​ស៊ី​វិល​បាន​ចុះហត្ថលេខា លើ​របាយការណ៍​ចុង​ក្រោយ​ផែនការមេ​ជា​ផ្លូវការ​»​។

នៅ​ក្នុង​ផែនការមេ ដែល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល ឆ្នាំ​២០២២ ខាង​មុខ​នេះ​រួម​មាន​៤​ជំហាន ដែល​ក្នុង​នោះ ដោយ​ជំហាន​ទី​១-​ការ​រៀបចំ​ស្ថានីយ​អ្នកដំណើរ​ថ្មី ដែល​មាន​២​ដំណាក់កាល ដោយ​ទី​១ សម្រាប់​ផែនការ​ឆ្នាំ​២០២០ ដល់​២០៣០ ដែល​អាច​ទទួល​អ្នកដំណើរ​បាន ៦​លាន​នាក់​។ ដំណាក់កាល​ទី​២ សម្រាប់​ផែនការ​ឆ្នាំ​២០៣០ ដល់​២០៤០ សម្រាប់​ទទួល​អ្នកដំណើរ​ឱ្យ​បាន​៥ លាន​នាក់ តែ​ប្រសិនបើ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន និង​មាន​អ្នកដំណើរ​ច្រើន ក្រុមហ៊ុន​អាច​នឹង​ពង្រីក​វិសាលភាព​រហូត​ដល់ ១០​លាន​នាក់ (​ក្នុង​ការ​រំពឹង​ទុក​)​។

លោក ចាន់​សិរី​វត្ថា បាន​បន្ត​ត​ទៀត​ថា «​ជំហាន​ទី​២ គឺ​ការ​ពង្រីក និង​ពង្រឹង​ផ្លូវ​រត់ (Runway) ពី​ចម្ងាយ ២៥០០​ម៉ែត្រ ទៅ​៣៣០០ ម៉ែត្រ (​ត្រូវ​បាន​បញ្ចប់​) និង​គ្រោង​ពង្រីក​ផ្លូវ​រត់​ដល់​ប្រវែង​៣៨០០​ម៉ែត្រ​។ ជំហាន​ទី​៣ គឺ​ការ​ពង្រីក និង​ពង្រឹង​ផ្លូវ​បរ Taxi ways ចំងាយ​៤២០​ម៉ែត្រ​។ រីឯ​ជំហាន​ទី​៤ គឺ​ការ​សាងសង់​ចំណត​យន្តហោះ សម្រាប់​ដំណាក់កាល​ទី​១ អាច​មាន​សមត្ថភាព​ចត​បាន​១៣​យន្តហោះ និង​ដំណាក់កាល​ទី​២ អាច​ចត​បាន​១៩​យន្តហោះ​» ។

លោក​បាន​បន្ថែម​ថា កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ពង្រឹង ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ ដែល​នៅ​សេសសល់​គឺ​ការងារ ដាក់​ដំឡើង​ភ្លើង​បំភ្លឺ​ផ្លូវ​ហោះហើរ​។ នៅ​ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ នឹង​អាច​ទទួល​យន្តហោះ​ធំ​ៗ ដូច​ជា Airbus A350-1000 និង Boeing 777-300ER និង​មាន​ជើងហោះហើរ​ត្រង់ ពី​បណ្តា​ប្រទេស​មួយ​ចំនួន​មក​កាន់​ពី​ខេត្ត​ព្រះ​សីហ​នុ ។

សូម​រម្លឹក​ផង​ដែរ​ថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ បាន​ចុះហត្ថលេខា​លើ​របាយការណ៍​ចុង​ក្រោយ នៃ​ការ​រៀបចំ​ផែនការមេ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​សម្បទាន អាកាសយានដ្ឋាន​៕ ដោយ ៖ ស្រី គំនិត

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ