ជារៀងរាល់ឆ្នាំទស្សនាវដ្តីហិរញ្ញវត្ថុដូចជា Forbes និង Fortune តែងតែរាប់បញ្ចូលឈ្មោះមហាសេដ្ឋីក្នុងបញ្ជីមហាសេដ្ឋីលើលោក ។ Bloomberg Index ក៏ជាសូចនាករណ៍មួយទៀតដែលវាស់ទ្រព្យសម្បត្តិរបស់អ្នកមានជុំវិញពិភពលោកដែរ ។ ប៉ុន្តែគោលការណ៍មួយចំនួនរបស់ក្រុមហ៊ុនទាំងនេះហាមឃាត់មិនឲ្យពួកគេរាប់បញ្ចូលមនុស្សមួយចំនួនក្នុងបញ្ជីទោះជាពួកគេមានទ្រព្យសម្បត្តិស្តុកស្តម្ភក៏ដោយ ។
ខាងក្រោម គឺជាមហាសេដ្ឋីមួយចំនួនដែលមិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីរបស់ Forbes និង Fortune ៖
១. ព្រះមហាក្សត្រប្រ៊ុយណេ
ព្រះមហាក្សត្រ ហាស្សាណាល់ បូលគៀ (Hassanal Bolkiah) ប្រចាំប្រទេសប្រ៊ុយណេមានទ្រព្យសម្បត្តិប្រមាណ ២០ប៊ីលានដុល្លារបើយោងទៅតាម Yahoo Finance ។ មានសេចក្តីរាយការណ៍មកថា ទ្រង់មានរថយន្ត Rolls Royce ដល់ទៅ ៦០០គ្រឿងផងដែរ ។
២. លោក ដាវូដ អ៊ីប្រាហ៊ីម (Dawood Ibrahim)
លោក អ៊ីប្រាហ៊ីម ត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងការផ្ទុះគ្រាប់បែកជាច្រើនករណីនៅប្រទេសឥណ្ឌាកាលពីឆ្នាំ ១៩៩៣ ។ លោកបានលាក់ខ្លួនតាំងពីពេលនោះមក ។ លោកធ្លាប់ជាឧក្រិដ្ឋជនតូចតាចមួយមុននឹងក្លាយជាស្តេចគ្រឿងញៀនដែលមានជាងគេលើលោក ។ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៧ប៊ីលានដុល្លារ ។
៣. លោក គីម ជុងអ៊ុន (Kim Jung Un)
មេដឹកនាំប្រចាំកូរ៉េខាងជើងមិនស្ថិតក្នុងបញ្ជីរបស់ Forbes និង Fortune ព្រោះមិនមាននរណាម្នាក់អាចសន្មត់ពីទ្រព្យសម្បត្តិសរុបរបស់លោកពិតប្រាកដទេ ។ ប៉ុន្តែមានរបាយការណ៍ដែលបង្ហាញឲ្យដឹងថាលោកមានទ្រព្យសរុបប្រមាណ ៥ប៊ីលានដុល្លារដែលរកបានពីការហេក និងការលក់ធនធានធម្មជាតិរបស់ប្រទេសជាដើម ។
៤. លោក បាស្សា អាល់ អាសាដ (Bashar al-Assad)
មេដឹកនាំប្រទេស៊ីរីរូបនេះបានដឹកនាំប្រទេសឆ្លងកាត់សង្គ្រាមអស់ជាច្រើនឆ្នាំមកហើយ ។ Yahoo Finance បានឲ្យដឹងថា លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១.៥ប៊ីលានដុល្លារ ប៉ុន្តែលោកបានបង្វិលទ្រព្យទៅគ្រប់ផ្នែកនៃពិភពលោកដែលធ្វើឲ្យចំនួនទ្រព្យសរុបរបស់លោកអាចនឹងស្មើប្រមាណ ១២០ប៊ីលានដុល្លារឯណោះ ៕
ចែករំលែកព័តមាននេះ