ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយ​ធម្មជាតិ​​​បំផ្លាញ​ផ្ទះ​40​ខ្នង ​ប្រល័យ​​ទាំង​ជីវិត​គោក្របី

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នា​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ កងកម្លាំងប្រដាប់អាវុធ​មាន នគរបាល កងរាជអាវុធហត្ថ និង​យោធា រួម​ទាំងអាជ្ញាធរ​មូលដ្ឋាន​ផង…

ខេត្តកំពង់ឆ្នាំង ៖ នា​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ កងកម្លាំងប្រដាប់អាវុធ​មាន នគរបាល កងរាជអាវុធហត្ថ និង​យោធា រួម​ទាំងអាជ្ញាធរ​មូលដ្ឋាន​ផង បាន​ចុះ​ទៅ​ជួយ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​ខ្លះ​រលំ និង​ខ្លះ​របើក​ដំបូល នៅ​ស្រុក​សាមគ្គី​មាន​ជ័យ ដែល​រង​គ្រោះ​ចំនួន​៤០​ខ្នង កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០​កន្លង​ទៅ។

លោក អៀរ ប៊ុ​ន​ធឿ​ន ស្នងការ​រង​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា កង​កម្លាំងប្រដាប់អាវុធ​ជាង​១០០​នាក់ក្នុង​នោះ​មាន​យោធា នគរបាល និង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ដោយ​មានការ​ចូលរួម​ពី​ប្រជា​ការពារ និង​អាជ្ញាធរ​មូលដ្ឋាន​ផង បាន​បែងចែក​គ្នា​ជា​ក្រុម​​ចុះ​ជួយ​លើក និង​ជួសជុលផ្ទះ​ជូន​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​របើក​ដំបូល ជញ្ជាំង និង​រលំ​ទាំងស្រុង​នៅ​ឃុំ​ចំនួន​២ ក្នុងស្រុក​សាមគ្គី​មាន​ជ័យ ។ ការ​ចុះ​ជួយ​នេះ មាន​ខ្លះ​ជួស​ប្រក់​ដំបូល បាំងជញ្ជាំង ប៉ុន្តែ​ខ្លះ​ទៀត​ដែល​រលំ​ទាំងស្រុង គឺ​បាន​ត្រឹម​ជួយ​រើ​គរ​ទុក​ម្តុំ​សម្រាប់​ម្ចាស់ផ្ទះ​មាន​លទ្ធភាព​ធ្វើ​នៅ​ថ្ងៃក្រោយ ។

ដោយឡែក តាម​ការ​បញ្ជាក់​របស់​គណៈ​កម្ម​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ សរុប​​ចំនួន​៤០​ខ្នង ក្នុង​នោះ​បាក់​រលំ​រាប​ដល់​ដី​៥​ខ្នង របើក​ដំបូល ជញ្ជាំង ចំនួន​៣៥​ខ្នង និង​បណ្ដាល​ឲ្យ​គោ​៣​ក្បាល​ងាប់​ដោយសារ​រន្ទះ​បាញ់ ។ គ្រោះ​ធម្មជាតិ​នេះ​បាន​កើតឡើង​នៅ​ឃុំ​ចំនួន​២ គឺ​ឃុំ​ពាម​និង​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ ។

សូម​រំឭក​ថា ចាប់់ពី​រដូវវស្សា​មក​ដល់ ពេល​មាន​ភ្លៀង​ធ្លាក់​តែង​មាន​ខ្យល់​កន្ត្រាក់​បោកបក់​បង្ក​គ្រោះ​​មហន្តរាយ បណ្ដាល​ឲ្យ​រលំ​ផ្ទះ របើក​ដំបូល​ជា​បន្តបន្ទាប់ គ្រាន់តែ​តិចតួច​ត្រឹមតែ​១​ឬ​២​ខ្នង​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នេះ គោក្របី​របស់​ប្រជាពលរដ្ឋ​ក៏​ត្រូវ​រន្ទះបាញ់​បណ្តាល​ឱ្យ​ងាប់​ជា​ច្រើន​ក្បាល​ជា​បន្តបន្ទាប់ ។ ដោយឡែក នៅ​ថ្ងៃ​ទី​១ ខែមិថុនា គ្រោះ​មហន្តរាយ​ដោយ​ខ្យល់​កន្ត្រាក់​នេះ អាច​ចាត់​ទុក​ថា​ជា​ចំនួន​ច្រើន​ជាង​ថ្ងៃ​ណា​ៗ​ទាំងអស់ ចាប់តាំងពី​ដើមរដូវ​វស្សា​ឆ្នាំ​២០២០​នេះ​មក៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ