កីឡាការិនីជិះស្គីបន្ទះអាជីព (Skateboard) វ័យក្មេងបំផុតលើលោក គឺនាង Sky Brown បាននិយាយថា មួកសុវត្ថិភាព និងដៃបានជួយសង្គ្រោះអាយុជីវិតរបស់នាងពីការធ្លាក់ពីចំណោតខ្ពស់ដ៏គួរឱ្យរន្ធត់មួយ អំឡុងពេលហ្វឹកហាត់នៅសហរដ្ឋអាមេរិក ។
កីឡាការិនីកូនកាត់ជប៉ុន-អង់គ្លេស វ័យ១១ឆ្នាំរូបនេះ បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម Instagram និង Youtube របស់នាងពីការធ្លាក់ពីចំណោតដ៏ខ្ពស់មួយ នៅពេលកំពុងហ្វឹកហាត់ ហើយបច្ចុប្បន្ននាងបានធូរស្រាលបន្តិច និងកំពុងបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផងដែរ។
Sky Brown បាននិយាយថា «ខ្ញុំមិនចង់បង្ហោះវីដេអូពីការធ្លាក់របស់ខ្ញុំ ឬនិយាយអំពីវានោះទេ។ ពីព្រោះខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នា មើលឃើញពីភាពសប្បាយរីករាយ នៅអ្វីដែលខ្ញុំកំពុងធ្វើ។ ប៉ុន្តែនេះគឺជាការធ្លាក់ដ៏អាក្រក់បំផុត ហើយខ្ញុំគ្រាន់តែចង់ឱ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនអីទេ» ។
សូមបញ្ជាក់ថា Sky Brown បានកើតនៅប្រទេសជប៉ុន ដែលមានម្តាយជាជនជាតិជប៉ុន និងឪពុកជាជនជាតិអង់គ្លេស បានក្លាយជាកីឡាការិនី Skateboard អាជីពក្មេងបំផុតលើលោកនៅវ័យ១០ឆ្នាំ។ សមិទ្ធផលធំបំផុតក្នុងអាជីពក្មេងខ្ចីរបស់នាង គឺការឈ្នះមេដាយសំរិទ្ធតំណាងឱ្យអង់គ្លេសក្នុងព្រឹត្តិការណ៍ World Skateboarding Championship កាលពីឆ្នាំ ២០១៩ កន្លងទៅ៕ (ដកស្រង់ចេញពី CNN)
ចែករំលែកព័តមាននេះ