ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​គ្នា​ហើយ កូន​ម្តាយ​ជា​អ្នក​ចិញ្ចឹម ឪពុក​នឹក​ពេក​យក​ទៅ​ថែរក្សា​ជាប់ចោទ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ ពាក់ព័ន្ធ​លើ​ការ​ចោទប្រកាន់​ថា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ ពាក់ព័ន្ធ​លើ​ការ​ចោទប្រកាន់​ថា (​មិន​ព្រម​ប្រគល់​អនីតិជន​) ។

សេចក្តីរាយការណ៍​បន្ត​ថា ជនជាប់សង្ស័យ​នោះ​ឈ្មោះ ខៃ សុក្រ​ពារ ភេទ​ប្រុស អាយ​៣៤​ឆ្នាំ មាន​ទីលំនៅ​ផ្លូវលំ ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

បើ​តាម​លោក​ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​បុរស​ខាងលើ​នេះ គឺ​សមត្ថកិច្ច​របស់​លោក​បាន​អនុវត្ត​ទៅ​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បន្ត​ថា ហើយ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​នោះ ដោយ​សំអាង​ហេតុ តាម​ដីកា​សន្និដ្ឋាន​រឿង​ស៊ើបសួរ​ចុះ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ដែល​បាន​ចោទប្រកាន់​ឈ្មោះ ខៃ សុក្រ​ពារ ពី​បទ​.​មិន​ព្រម​ប្រគល់​អនីតិជន​. ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៨ ហើយ​បទល្មើស​ព្រហ្មទណ្ឌ​នេះ​មាន​ចែង​ក្នុង​មាត្រា​៣២៦ នៃ​ក្រមព្រហ្មទណ្ឌ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ បើ​តាម​ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ដឹង​ថា ដើមចម គឺ​ដំបូង​ឡើយ​ឈ្មោះ ខៃ សុក្រ​ពារ មាន​ប្រពន្ធ និង​មានកូន​ម្នាក់ នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០១៨ គ្រួសារ​មួយ​នេះ​ត្រូវ​បែកបាក់ ដោយសារ​ការ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ហើយ​ភាគី​ទាំង​ពីរ​បាន​ប្តឹង​តតាំង​គ្នា​សុំ​ផ្តាច់​និ​តិ​សង្វាស​ជា​ប្តី​ប្រពន្ធ​តាម​រយៈផ្លូវ​តុលាការ​។ ការ​ប្តឹង​លែងលះ​ជា​ប្តី​ប្រពន្ធ​បាន​ធ្វើ​ឡើង​ពី​សាលាដំបូង រហូត​ដល់​តុលាការ​កំពូល ទីបំផុត​សាលដីកា​បាន​សម្រេច ដោយ​ប្រគល់​កូន​ម្នាក់​ឲ្យ​ទៅ​ស្ត្រី​ជា​ម្តាយ​គ្រប់គ្រង និង​មើលថែ​រហូត​គេ​ធំ​ពេញវ័យ ។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​សាលដីកា​សម្រេច​យ៉ាង​ដូច្នេះ ឈ្មោះ ខៃ សុក្រ​ពារ ដែល​ជា​ឪពុក​ក្មេង​នោះ បាន​សុំ​ការ​អនុញ្ញាតិ​ពី​ខាង​ស្ត្រី​ជា​ម្តាយ​យក​កូន​ទៅ​ថែរក្សា ប៉ុន្តែ​មិន​មាន​សិទ្ធិ​ពេញ​លេញ​​ក្នុង​ការ​គ្រប់គ្រង​កូន​នោះ​គ្រប់ពេលវេលា​ទេ ពោល​គឺ​ម៉ោង​ណា ឬ​ពេល​ណា ដែល​ស្ត្រី​ជា​ម្តាយ​ត្រូវការ​យក​កូន​ទៅ​វិញ ដាច់ខាត​បុរស​ជា​ឪពុក​ត្រូវ​តែ​យក​កូន​ប្រគល់​ឲ្យ​ទៅ​ម្តាយ​គេ វិញ​។
តាម​លក្ខ​ណ្ឌ​ទាំង​អស់នោះ កន្លង​ទៅ បុរស​ជា​ឪពុក​អនុវត្ត​បាន​ភ្ជាប់​ភ្ជួ​ន តែ​មួយ​រយៈ​ក្រោយ នេះ ឈ្មោះ ខៃ សុក្រ​ពារ បាន​មាន​ប្រពន្ធ​ថ្មី​ទៀត ហើយ​បាន​ផ្លាស់​ប្តូរ​ទីលំនៅ ដោយ​មិន​បាន​ជូន​ដំណឹង​ឲ្យ​ទៅ​អតីត​ជា​ភរិយា​បានដឹង​ឡើយ ដែល​នោះ​ធ្វើ​ឲ្យ​ការ​ទំនាក់ទំនង​រវាង​កូន និង​ម្តាយ ត្រូវ​ដាច់​ខ្សែរយៈ ឬ​ក៏​ថា ជា​ការ​លាក់បាំង​មិន​ឲ្យ​ម្តាយ​ជួប​មុខ​កូន ។

ប្រការ​ដូច​អង្គហេតុ​បាន​រៀបរាប់​ខាងលើ​នេះ ទើប​ស្ត្រី​ជា​ម្តាយ​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលា​ការ ដើម្បី​ឲ្យ​ឈ្មោះ ខៃ សុក្រ​ពារ នាំ​កូន​ប្រគល់​ឲ្យ​មក​ម្តាយ​គេ​វិញ រួម​ទាំង​ចាត់ការ​លើ​អតីត​ប្តី​រូប​នេះ​តាម​ផ្លូវច្បាប់​ទៀត​ផង ។ ហើយ​បុរស​រូប​នោះ​ស្ថិត​នៅ​ចៅក្រម​ស៊ើបសួរ​កំពុង​បើក​ការ​សាក​សួរ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២ ខែមិថុនា នេះ​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ