រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី៣ មិថុនា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ.ប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបរិហាកេរ្តិ៍ជាសាធារណៈ ។ ជនត្រូវចោទ ដែលសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ សូ បិនឡា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅផ្ទះលេខ១០A ផ្លូវលេខ២៣២ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ទាក់ទិននិងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្តកិច្ចបានឲ្យដឹងថា ជាការធ្វើឡើងដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលក្នុងដីកាបង្គាប់ឲ្យនាំខ្លួននោះឈ្មោះ សូ បិនឡា ត្រូវបានចោទប្រកាន់ពីបទ.ប្រើអំពើហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបរិហាកេរ្ត៏ជាសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិព្រែកអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីអំឡុងថ្ងៃទី៣០ ខែតុលា និងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលបទល្មើសនេះមានចែងតាមបញ្ញត្តិមាត្រា២៥៣ នៃច្បាប់ភូមិបាល និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
អង្គហេតុបានបញ្ជាក់ថាក្នុងឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ សូ បិនឡា បានលក់ដីមួយកន្លែងមានទំហំជិត៤ហិតា នៅ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ឲ្យឈ្មោះ កើត ខេង ដោយការលក់ដូរនោះមានការផ្ទេរសិទ្ធិកាន់កាប់ទទួលស្គាល់ដោ យអាជ្ញាធរត្រឹមត្រូវតាមច្បាប់ គ្រប់ជាន់ថ្នាក់រួចរាល់ហើយ ។ លុះក្រោយមកនៅពេលដីមានហាងឆេង និងឡើងថ្លៃ ស្រាប់ឈ្មោះ សូ បិនឡា បានក្លែងឯក សារដាក់ប្តឹងគ្រប់កន្លែង ដើម្បីទាមទារយកដីដែលបានលក់ និងផ្ទេរកម្មសិទ្ធិឲ្យទៅឈ្មោះ កើត ខេង នោះវិញ ដោយមានការញុះញុងពីមន្ត្រីយោធាពាក់ផ្កាយ២ម្នាក់នៅពីក្រោយ ក្រោមរូបភាព (ឈ្នះបានដី ចាញ់បានលុយ) ប៉ុន្តែទីបំផុតឈ្មោះ កើត ខេង បានប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ សូ បិនឡា ក៏ត្រូវសមតកិច្ចតាមចាប់ឃាត់ខ្លួន ។
មុនសមត្ថកិច្ចឃាត់ខ្លួនសំណុំរឿងក្តីនេះ ត្រូវបានតុលាការចេញដីកាឲ្យឈ្មោះ សូ បិនឡា ចូលខ្លួនទៅឆ្លើយបំភ្លឺជាច្រើនលើកដែរ តែជនត្រូវចោទឈ្មោះ សូ បិនឡា មិនបានចូលខ្លួនតាមការកំណត់របស់តុលាការនោះទេ ។ ដូច្នោះហើយដើម្បីធានាដល់ការស៊ើវសួរ ឲ្យបានពេញលេញ ជៀសវាងការរឹងទទឹង និងរត់គេចខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌ គាប់បីតុលាការធ្វើការនាំខ្លួនឈ្មោះ សូ បិនឡា មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរបំភ្លឺរកការពិតតាមអង្គសេចក្តីលើសំណុំរឿងក្តីនេះ ។
ជនសង្ស័យឈ្មោះ សូ បិនឡា ត្រូវតុលាការចោទប្រកាន់ពីបទប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបរិហាកេរ្ត៏ជាសាធារណៈបានគេចវេសចំនួន៣លើកមិនចូលខ្លួនតាមដីកាបង្គាប់របស់តុលាការតែបែរជាទៅបង្កើតបញ្ហាជាមួយដើមបណ្តឹងទៀតតាមរូបភាពបរិហាកេរ្តិ៍ជាច្រើនលើកតាមបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះពិសេសបានដើរដាក់ពាក្យបណ្តឹងតាមស្ថាប័នមន្ត្រីនគរបាលយុត្តិធ៍មក្នុងគោលបំណងបំភ័ន្តអង្គហេតុបំភ្លៃរឿងដើម្បីទម្លាក់កំហុសមកលើដើមបណ្តឹងវិញ ។
ករណីនេះដើមបណ្តឹងយល់ឃើញថាដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ ចៀសវាងការរឹងទទឹង រត់គេចខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌ និងបង្កបញ្ហាបង្កើតជាបទល្មើសព្រហ្មទណ្ឌតាមគ្រប់រូបភាពថ្មីៗទៀតនោះសំណូមពរសុំឲ្យតុលាការឃុំខ្លួនឈ្មោះ សូ បិនឡា ដើម្បីបង្ការនិងបញ្ចប់បទល្មើសទាំងនេះផងដែរ ៕
ចែករំលែកព័តមាននេះ