សិ​ទ្ធី នី​កា វិល​មក​កាន់​ឆាក​សម្តែង​ឡើង​​វិញ​ហើយ បន្ទាប់​ពី​សម្ងំ​សម្រាល​កូន​​ម្នាក់


រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង សិ​ទ្ធី នី​កា បាន​វិល​មក​កាន់ការ​សម្តែង​របស់​ខ្លួន​វិញ​ហើយ បន្ទាប់​ពី​នាង​បាន​សម្ងំ​សម្រាក​បានកូន​ប្រុស​ដ៏​គួ​ឲ្យ​ស្រឡាញ់​ម្នាក់ ក្រោយ​ពី​នាង​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ដែល​ជា​សែ​រាជវង្ស​មួយ​រូប អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។

តារា​រូប​នេះ​នៅ​តែ​ទទួល​បាន​តំណែង​តួឯក​នៅ​ក្នុង​ខ្សែភាពយន្ត​លើក​ដំបូង បន្ទាប់​ពី​សម្រាលកូន ដោយ​នាង​បាន​ចាប់​ដៃគូ​សម្តែង​ជាមួយ​តួឯក​ប្រុស​រូប​សង្ហារ គឺ​លោក ខាត់ វ៉ៃ​ហាំ​ង ក្នុង​រឿង «​ពណ៌​ជីវិត​» ខណៈ​ពេល​ខ្សែភាពយន្ត​ភាគ​ថ្មី​នេះ​នឹង​ត្រូវ​ចាក់​ផ្សាយ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

តារា​សម្តែង​ក្នុង​បទ «​មេឃ​កំពុង​ភ្លៀងហើយ​» នាង សិ​ទ្ធី នី​កា បាន​អះអាង​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា នេះ​ជា​រឿង​ដែល​នាង​សម្តែង​លើក​ដំបូង បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ ហើយ​ជា​ក៏​ជា​រឿង​ភាគ​លើក​ដំបូង​ផង​ដែរ ដែល​នាង​បាន​សម្តែង​រួម​គ្នា​ជាមួយ​តួ​ប្រុស​លោក ខាត់ វ៉ៃ​ហាំ​ង​។

នាង​បញ្ជាក់​ថា ខ្សែ​រឿង​ថ្មី​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​កាន់​ប្រិ​យ​មិត្ត​គាំទ្រ ដែល​បាន​ទន្ទឹងរង់ចាំ​ការ​សម្តែង​របស់​នាង និង​លោក ខាត់ វ៉ៃ​ហាំ​ង បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ពុំដែល​បាន​ចាប់​ដៃគូ​សម្តែង​ជាមួយ​គ្នា​ពី​មុន​មក​នោះ​ឡើយ បើ​ទោះបីជា​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​វត្តមាន​សម្តែង​ជា​បន្តបន្ទាប់​ក្តី​។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វិល​មក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​នា​ពេល​នេះ ត្រូវ​បាន​នាង សិ​ទ្ធី នី​កា លើក​ឡើង​ថា នេះ​គឺជា​ការ​សម្រេច​របស់​នាង ដោយ​មានការ​ឯកភាព​ទាំងស្រុង​ពី​ស្វាមី​របស់​នាង​ផង​ដែរ ទើប​នាង​បាន​ចាប់ផ្តើម​ឱកាស​ទទួលយក​ការ​សម្តែង​ឡើង​វិញ​នា​ពេល​នេះ​។

នាង​ថា ហើយ​ការ​វិល​ត្រលប់​ចូល​សម្ដែង​វិញ គឺ​មានការ​យល់​ស្រប​ពី​គ្រួសារ គឺ​គាត់​អត់​បិទ​សិទ្ធិ​ទេ ចំណែក​មូលហេតុ​ដែល​ចូល​ថត​វិញ ពីព្រោះ​ខ្ញុំ​ស្រឡាញ់​ការងារ​សិល្បៈ ហើយ​ខ្ញុំ​ទទួល​ថត​គ្រប់​ធម្មតា គ្រាន់តែ​កា​ងារ​ខ្លះ​អត់​បាន​ទទួល ដោយសារ​ខ្ញុំ​មិន​មាន​ពេល​គ្រប់គ្រាន់​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ដែល​ជា​សែ​រាជវង្ស​មក សិ​ទ្ធី នី​កា បាន​ផ្តាច់​ការងារ​សិល្បៈ​មួយ​រយៈ​ប្រមាណ​២​ឆ្នាំ ដោយសារ​តែ​នាង​បាន​សម្ងំ​ពពោះ​កូន​ដំបូង​របស់​ខ្លួន ខណៈ​ពេល​ដែល​នាង​បាន​ទទួល​ការ​ថ្នាក់ថ្នម​យ៉ាង​ល្អ​ពី​ស្វាមី​របស់​នាង​។ ការ​កសាង​គ្រួសារ​ជាមួយ​បុរស​សែ​រាជវង្ស​នេះ ត្រូវ​បាន​ទស្ស​និក​ជ​ជា​ច្រើន​យល់​ឃើញ​ថា តារា​រូប​នេះ​នឹង​មិន​អាច​វិល​មក​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​នោះ​ឡើយ ដោយសារ​តែ​នាង​ត្រូវ​មាន​ភារកិច្ច​មើល​ថែ​កូន និង​គ្រួសារ ជាមួយនឹង​ការ​រស់នៅ​ក្នុង​ជីវភាព​យ៉ាង​សុខដុម​។

យ៉ាងណា​អ្វី​ៗ​បាន​ខុស​ពី​ការ​ពិត ដោយសារ​តែ​ពេល​នេះ នាង​បាន​បង្ហាញ​វត្ត​សម្តែង​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​កូន​របស់​នាង​កាន់តែ​ចម្រើន​វ័យ ជាមួយនឹង​ការ​បើកភ្លើង​ខៀវ​ពី​គ្រួសារ​ផង​នោះ ទើប​នាង​មានឱកាស​ចូល​ប្រឡូក​សិល្បៈ​នេះ​តាម​ក្តី​បំណង​របស់​ខ្លួន​។

ទោះជា​យ៉ាងណា តាម​រយៈ​ខ្សែភាពយន្ត​ថ្មី​ដែល សិ​ទ្ធី នី​កា បាន​ចូលរួម​សម្តែង​ឡើង​វិញ​នា​ពេល​នេះ ត្រូវ​បាន​ទស្សនិកជន​រំពឹង​ថា នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា ខណៈ​ពេល​ដែល​តារា​សម្តែង​កូន​រូប​នេះ​នៅ​តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត បូក​រួម​ជាមួយនឹង​ទេព​កោ​ល​ស្យ​សម្តែង​ដ៏​សាក​សម​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ