ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្ម​ផលិត​សំបក​ណែម​​អ្នក​ភូមិ​ដូន​ទាវ​ រាង​ងើបឡើងវិញ​ហើយ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ក្រោយ​ពី​ដួល​សន្លប់​មួយ​ដង្ហើមធំ​ជិត​២​ខែក្រោម​កណ្ដាប់ដៃ​ដ៏​ធ្ងន់ធ្ងរ«​កូ​វី​ដ​១៩»សិប្បកម្ម​ផលិត​សំបក​ណែម​របស់​អ្នក​ភូមិ​ដូនទាវ បាន​និង​កំពុង​ប្រឹង​ងើបឈរ​ឡើង​យ៉ាង​ត្រ​ដាប​ត្រ​ដូ​ល ជា​បណ្ដើរ​ៗ​វិញ​ហើយ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ទាំង​គ្រវីក្បាល​ហួស​ចិត្តរបស់​អ្នក​ភូមិ​ដែល​មានមុខ​របរ​ផលិត​សំបក​ណែម នៅ​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​។ អ្នក​ផលិត​សំបក​ណែម​អាជីព​ម្នាក់ គឺ​លោក សុត…

ខេត្តបាត់ដំបង​៖ ក្រោយ​ពី​ដួល​សន្លប់​មួយ​ដង្ហើមធំ​ជិត​២​ខែក្រោម​កណ្ដាប់ដៃ​ដ៏​ធ្ងន់ធ្ងរ«​កូ​វី​ដ​១៩»សិប្បកម្ម​ផលិត​សំបក​ណែម​របស់​អ្នក​ភូមិ​ដូនទាវ បាន​និង​កំពុង​ប្រឹង​ងើបឈរ​ឡើង​យ៉ាង​ត្រ​ដាប​ត្រ​ដូ​ល ជា​បណ្ដើរ​ៗ​វិញ​ហើយ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ទាំង​គ្រវីក្បាល​ហួស​ចិត្តរបស់​អ្នក​ភូមិ​ដែល​មានមុខ​របរ​ផលិត​សំបក​ណែម នៅ​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​។

អ្នក​ផលិត​សំបក​ណែម​អាជីព​ម្នាក់ គឺ​លោក សុត ចាប បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មិថុនា នេះ​ថា នៅ​ក្នុង​អំឡុង​ផ្ទុះ​ជំងឺ​«​កូ​វី​ដ​១៩»ថ្មី ស្ទើរ​គ្រប់​ទីតាំង​ដែល​អ្នក​ភូមិ​ដូនទាវ ប្រកប​មុខរបរ​ផលិត​សំបក​ណែមបាន​ផ្អាក​ដំណើរការ ដែល​ធ្វើ​ឲ្យ​គ្រួសារ​នីមួយ​ៗ​បាត់បង់​ចំណូលម្នាក់​ៗ​ជំពាក់​ថ្លៃ​អង្ករ​ម៉ូយ​គ្រប់​ទីកន្លែង​ស្ទើរ​វ័ណ្ឌ​.​ក ​។ គាត់​និយាយ​ថា អាជីវកម្ម​របស់​គាត់បាន​បិទទាំងស្រុង តាំងពី​ដើមខែមីនា​នៅ​ក្នុង​អំឡុង «​កូ​វី​ដ​១៩»ផ្ទុះ​ខ្លាំង​បំផុត រហូត​មក​ដល់​ដើមខែ​ឧសភា ទើប​គាត់​ចាប់ផ្ដើម​កម្រើក​បើក​ដំណើរការ​ឡើង​វិញ​ជា​បណ្ដើរ​ៗ​។

មិន​ទម្លាប់​ពាក់អាវ ​ឬ​ស្លៀកខោ​វែង​ទេ គាត់​ស្លៀក​តែ​ខ្លី​ជាប់​ចង្កេះ​បែប​ទំនង​ក្ដៅស្អុះ​ស្អាប់​ពេក បុរស​វ័យ​៥៩​ឆ្នាំ សម្បុរ​ស្រអែម​រូប​នេះ បាន​ប្រាប់​ដូច្នេះ​ថា «គ្រាន់តែ​បិទ​អាជីវកម្ម​ធ្វើ​សំបក​ណែម​រយៈពេល​២​ខែ ដោយ​សារ​កូ​វី​ដ​១៩ គ្រួសារ​ខ្ញុំជំពាក់​ថ្លៃ​អង្ករ​គេ​ជាង​២​តោន ព្រោះ​គ្មាន​ចំណូល​សោះ​..! សូ​ម្បី​តែ​ដើរ​ចេញ​ក្រៅ​ផ្ទះ ក៏​មិន​ហ៊ាន​ចេញ​ទៅ​ណាមក​ណា​ដែរ​»​។ នៅ​ក្នុង​កិច្ចការ​នេះ គាត់​ជា​អ្នក​លើក​សំបក​ណែម​ដាក់​តំរៀប​ហាល តែ​គាត់​អាច​និយាយ​រៀបរាប់​អំពី​ស្ថានភាព​មុខរបរ​របស់​គាត់​ដែល​ស្ថិត​ក្រោម​សម្ពាធ​កូ​វី​ដ​១៩ ប្រាប់​យើង​បាន​។ គាត់​គ្រវីក្បាល ហើយ​ពោល​ថា «​ជំងឺ​ចង្រៃ​នេះ បាន​ផ្ដាច់ផ្ដិល​មុខរបរ និងជី​វភាព ស្ទើរ​គ្រប់​គ្រួសារ នៃ​អ្នក​ផលិត​សំបក​ណែម នៅ​ក្នុងភូមិ​ដូនទាវ​។ ម៉ូយ​ធំ​ៗ​ដែល​ធ្លាប់​ទិញ បាន​បាត់​មុខ​ឈប់​កុម្ម៉ង់​ទិញ រីឯ
​អ្នក​ធ្លាប់​ហូប​សំបក​ណែម​ក៏​មិន​ត្រូវការ​។ ជា​ពិសេស ​សិស្ស​នុ​សិស្ស​តែ​ម្ដង ដែល​ជាទី​ផ្សារ​សំបក​ណែម​ដ៏​ធំ​បំផុត​»​។

យ៉ាងនេះ​ក្ដី លោក​សុត ចាប បាន​ប្រាប់​ថា ពេល​នេះ​ សិប្បកម្ម​ផលិត​សំបក​ណែម​របស់​អ្នក​ភូមិ​ដូនទាវ ហាក់​​​​ប្រឹង​ងើបឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ ក្រោយ​ពី​ជំងឺ​ «​កូ​វី​ដ​១៩»​នេះ ហាក់​មាន​សភាព​ធូរស្រាល​បន្តិច​។ គាត់​បាន​បញ្ជាក់​ថា កាល​មិន​ទាន់​ផ្ទុះ​ជំងឺ ​«​កូ​វី​ដ​១៩» គាត់​ផលិត​សំបក​ណែម​ក្នុង​១​ថ្ងៃ អស់​អង្ករ​យ៉ាងតិច​២៥​គ​.​ក តែ​ពេល​នេះ ក្រោយ​ងើប​ពី​សន្លប់​ដោយសារ​កូ​វី​ដ ក្នុង​១​ថ្ងៃ​ធ្វើ​អស់​អង្ករ​ត្រឹម​ចន្លោះ​ពី​១០ ​ទៅ​១៥​គ​.​កប៉ុណ្ណោះ​។ ប៉ុន្តែ​យ៉ាងណា អាជីវកម្ម​របស់​លោក​បាន​ចាប់ផ្ដើម​ដំណើរការ​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ បើ​ទោះជា​មិន​ទាន់​បាន​១០០%ក្ដី​ ។

ដោយឡែក​ អ្នក​ផលិត​សំបក​ណែម​អាជីព​មួយ​រូប​ទៀត គឺលោក​រឿ​ត សុខា អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ដូនទាវ ជាមួយ​គ្នា​ដែរ បាន​ផ្ដល់​បទ​សម្ភាស​ន៍ជាមួយ​កោះសន្តិភាព​ថា ខណៈ​ដែល​ជំងឺ «​កូ​វី​ដ១៩» ផ្ទុះ​ខ្លាំង​ពាស​ពេញ​ពិភពលោក ​និង​នៅ​ក្នុង​ប្រទេស​កម្ពុជា អាជីវកម្ម​របស់​លោក​មិន​បាន​បិត​ទេ គឺ​នៅ​តែ​ដំណើរការ​ដដែល តែ​តិច​ទូច​បំផុត ​។ ព្រោះ​គ្មាន​ម៉ូយ​ទិញ គ្មាន​ទីផ្សារ តែ​ផលិត​សម្រាប់​លក់​នៅ​ក្នុង​មូលដ្ឋាន​បន្តិច
បន្តួច សម្រាប់​អ្នក​ភូមិ​ទិញ​ហូប​ខ្លួនឯង ​។ លោក​រឿ​ត សុខា បាន​បញ្ជាក់​ប្រាប់​ថា កាល​អំឡុង​ជំងឺ​កូ​វី​ដ​ផ្ទុះ​ខ្លាំង ម៉ូយ​ធំ​ៗ​ជា​ច្រើន​បាន​ទូរស័ព្ទ​មក​ប្រាប់​គាត់​ថា «​ផ្អាក​ទិញ​សិន​» រីឯ​នៅ​លើ​ទីផ្សារ ក៏​គ្មាន​អ្នកទិញ​ដែរ នៅ​ពេល​គាត់​យក​ទៅ​លក់ សូ​ម្បី​មនុស្ស​ដើរ​ផ្សារ​ក៏​គ្មាន​ផង​។ ដូច្នេះ ស្ទើរ​គ្រប់​ទំនិញ​ទាំងអស់​ត្រូវ​ខាត​ឡុង​ចុង មិនមែន​មាន​តែ​សំបក​ណែម​របស់​អ្នក​ភូមិ​ដូនទាវ​មួយ​មុខ​ទេ​។ ប៉ុន្តែ​បច្ចុប្បន្ន របរ​ធ្វើ​សំបក​ណែម​របស់​គាត់​បាន​ចាប់ផ្ដើម មាន​ម៉ូយ​កុម្ម៉ង់​ទិញ​វិញ​ដូច​គេឯង​ខ្លះ​ៗ​ហើយ​។

ពាក់ព័ន្ធ​នឹង​ទីផ្សារ​សំបក​ណែម​នេះ អ្នក​ផលិត​សំបក ក៏​ដូច​ឈ្មួញកណ្ដាល​ដែរ សុទ្ធតែ​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា សំបក​ណែម​មួយ​ផ្នែក​ត្រូវ​បាន​នាំ​ចេញ​ក្រៅ​ខេត្ត រីឯ​មួយ​ផ្នែក​លក់​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្ត​។ សម្រាប់​ទីផ្សារ​នៅ​ក្នុង​ខេត្ត បើ​តាម​ឈ្មួញកណ្ដាល​បាន​និយាយ​ថា អ្នក​ដែល​និយម​ហូប​សំបក​ណែម​នេះ​ខ្លាំង​បំផុត គឺ «​សិស្សានុសិស្ស​នៅ​តាម​បណ្ដា​សាលារៀន​»​។ រីឯ​អ្នកលក់​សំបក​ណែម​នៅ​តាម​បណ្ដា​សាលារៀន​វិញ បាន​និយាយ​ដូច​ៗ​គ្នា​ថា «​សិស្សសាលា​ក្មេង​ៗ និយម​ហូប​សំបក​ណែម នេះ​ខ្លាំង​បំផុត​។ ពួក​គេ​បាន​ទិញ​សំបក​ដែល​ទើប​ធ្វើ​ថ្មី ជ្រលក់​ជាមួយ​អំបិលម្ទេស ទឹក​កាពិ អំបិល​មី ឬជាមួយ​គ្រឿងផ្សំ​ផ្សេង​ៗ​ទៀត ដែល​ពួក​គេ​ចូល​ចិត្ត​។ ប៉ុន្តែ​នៅ​ពេល​សាលារៀន​បិទទ្វារ​ជិតឈឹងបែប​នេះ សំបក​ណែម​លក់​មិន​ដាច់​ទេ ព្រោះ​ទីផ្សារ​ធំ​នៅ​លើ​សិស្សានុសិស្ស​នេះ​ហើយ​»​។

ទោះ​យ៉ាងណា បើ​តាម​អ្នក​ភូមិ​ដូនទាវ ដែល​មានមុខ​របរ​ផលិត​សំបក​ណែម បាន​និយាយ​ថា ពិតមែនតែ​កន្លង​ទៅ​នេះ អាជីវកម្ម​ផលិត​សំបក​ណែ​មបាន​ដួល​សន្លប់​មួ​យស​ង្ហើ​ម​ធំក្រោម​កណ្ដាប់ដៃ​ «​កូ​វី​ដ​១៩» តែ​ពេល​នេះ​ ហាក់​បាន​ប្រឹង​ងើបឈរ​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ​ ។ អ្នក​ផលិត​សំបក​ណែម​បាន​បញ្ជាក់​ថា តំលៃ​សំបក​ណែម នៅ​មាន​តំលៃ​ប្រហាក់ប្រហែល​មុន​ពេល​ផ្ទុះ «​កូ​វី​ដ​១៩» តែ​ការ​ផលិត​ហាក់​ទើបនឹង​ស្ទុះ​បាន​ត្រឹម​ចន្លោះ​ពី​៥០ ទៅ៧០%ប៉ុណ្ណោះ​ បើ​ប្រៀបធៀប​កាល​មិន​ទាន់​ផ្ទុះ​កូ​វីដ ព្រោះ​ម៉ូយ​ចាស់​ៗ​មិន​ទាន់​ហ៊ាន​កុម្ម៉ង់​ទិញ​នៅឡើយ​ ។ ប៉ុន្តែ​យ៉ាងណា គេ​រំពឹង​ថា «​ទីផ្សារ​សំបក​ណែម​របស់​អ្នកស្រុក​ឯក​ភ្នំ និងហក់​ឡើង​ដូច​គ្រា​មុន​វិញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ក្រោយ​ពេល​ជំងឺ​កូ​វី​ដ​ចង្រៃ​នេះ​រលាយ​អស់ពី​ផែនដី​»៕

អត្ថបទសរសេរ ដោយ