រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យជាភេទទី៣ ចំនួន២នាក់ ត្រូវកម្លាំងនគរបាលធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីបំពានសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ខ្មាស់ទៅលើក្មេងប្រុស២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០មកម្ល៉េះ នៅចំណុចមាត់ស្រះចិញ្ចឹមត្រី (ច្រកអតីតឡឥដ្ឋ) ផ្លូវលំបេតុង ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ប៉ុន្តែក្រោយមកសមត្ថកិច្ចបានឱ្យឪពុកម្តាយជនរងគ្រោះខលលួងលោមហៅបុរសភេទទី៣ ទាំង២ចូលភូមិវិញ ព្រោះជាមនុស្សស្គាល់គ្នា ទើបតែឃាត់ខ្លួនបានតែម្តងនៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យជាភេទទី៣ ខាងលើទាំង២នាក់ ម្នាក់ឈ្មោះ កុន រ៉ូវីនដូ (ហៅដា) ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរតុបតែងរោងការ និងម្នាក់ទៀតឈ្មោះ ហ៊ុន សុភ័ក្ភ្រ (ហៅម៉ាប់) ភេទប្រុស អាយុ៤២ឆ្នាំ មានទីតាំងនៅផ្ទះលេខ១៧៤២ ផ្លូវជាតិលេខ២ ក្រុម២០ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មុខរបរតុបតែងរោងការ ហើយក្នុងចំណោមពួកគេទាំង២នាក់ មានម្នាក់មាផ្ទុកជំងឺអេសដ៍ផងដែរ ។ ដោយឡែកក្មេងប្រុសទាំង២នាក់មានអាយុទើបតែ១៣ឆ្នាំ និង១៤ឆ្នាំប៉ុណ្ណោះ ។
បើតាមនាយប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ក្រុមក្មេងៗមានគ្នាជិត២០នាក់កំពុងរត់លេងនៅម្តុំចំណុចកើតហេតុខាងលើ ស្របពេលជាមួយគ្នានោះ បុរសភេទទី៣ ទាំង២នាក់បានដើរទៅម្តុំនោះ ហើយក៏ចាប់ដៃក្មេងប្រុស២នាក់ អូសចូលទៅក្នុងគុម្ពព្រៃ រួចធ្វើសកម្មភាពបំពានលើក្មេងទាំង២នាក់បានសម្រេចតែម្តង ។
លោកនាយប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមបានបន្តថា ក្រោយការចាប់បង្ខំបានមួយសន្ទុះ ក្មេងប្រុសរងគ្រោះទាំង២នាក់បានព្យាយាមរើបំរះពីបុរសភេទទី៣ ទាំង២នាក់ ហើយរត់គេចខ្លួនត្រឡប់ទៅផ្ទះតែម្តង ។
ប្រភពដដែលបន្តឱ្យដឹងថា តាំងពីថ្ងៃកើតហេតុមកក្មេងប្រុសទាំង២នាក់មិនបានប្រាប់រឿងរ៉ាវនេះឱ្យអាណាព្យាបាលបានដឹងឡើយ លុះរហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ទើបពួកគេសម្រេចចិត្តប្រាប់ឪពុកម្តាយពីដំណើររឿង ហើយឪពុកម្តាយពួកគេក៏រត់ទៅប្តឹងអង្គការឱ្យជួយអន្តរាគមន៍ បន្ទាប់មកខាងអង្គការក៏ដឹកដៃក្មេងប្រុសទាំង២នាក់មកកាន់ស្នាក់ការប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែក្រោម ដើម្បីដាក់ពាក្យបណ្តឹងប្តឹងចាត់ការតាមនីតិវិធីច្បាប់ ។
លោកនាយប៉ុស្តិ៍ចាក់អង្រែក្រោម បញ្ជាក់ឱ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងហើយនោះ នគរបាលបានឱ្យអាណាព្យាបាលរបស់ក្មេងប្រុសទាំង២នាក់ខលទូរស័ព្ទទៅលួងលោមបុរសភេទទី៣ ទាំង២នាក់ឱ្យត្រឡប់មកភូមិវិញ ព្រោះអាណាព្យាបាលពួកគេ និងបុរសភេទទី៣ ទាំង២នាក់នោះក៏ជាអ្នកស្គាល់គ្នាផងដែរ ។ បន្ទាប់ពីទាក់ទងទូរស័ព្ទហើយនោះ នៅល្ងាចថ្ងៃទី០២ ខែឆ្នាំដដែលនេះ បុរសភេទទី៣ ទាំង២នាក់បានត្រឡប់មកក្នុងភូមិវិញ ក៏ត្រូវសមត្ថកិច្ចចុះទៅធ្វើការឃាត់ខ្លួនភ្លាមៗ រួចបញ្ជូនទៅកាន់ស្នាក់ការនគរបាលប៉ុស្តិ៍ ដើម្បីសាកសួរនាំតែម្តង ។
នៅចំពោះសមត្ថកិច្ចបុរសភេទទី៣ ទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តិនូវសកម្មភាពបំពានសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ខ្មាស់ទៅលើក្មេងប្រុស២នាក់នោះពិតប្រាកដមែន ដោយពេលនោះពួកគេទាំង២នាក់កំពុងកកើតមានចំណង់តណ្ហាខ្លាំង ទើបសម្រេចចាប់បង្ខំក្មេងប្រុសទាំង២តែម្តង ។
យ៉ាងណាមិញ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែក្រោម ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ