មិន​ខ្វល់​ទេ ម៉ូតូ​ប៉ូលិស​ក៏​លួច​ដែរ ឱ្យ​តែ​ប្រហែស


រាជធានី​ភ្នំពេញ ៖ ជន​ម្នាក់​ពិតជា​ថ្លើមធំ​ពាសមេឃ​មែន ដោយ​ហ៊ាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ធំ​១​គ្រឿង​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​មួយ​រូប ដែល​មាន​ទាំង​បិទ​ឡូ​ហ្គោ​POLICE និង​ពាក់​ផ្លា​ក​លេខ​នគរបាល​ផង​ដែរ​។ ការ​លួច​នេះ​គឺ​ខណៈ​ម៉ូតូ​ខូច ហើយ​មន្ត្រី​នគរបាល​រូប​នោះ​យក​ទៅ​ឲ្យ​ជាង​ជួសជុល​ម៉ូតូ​មួយ​កន្លែង នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ជួយ​ជួសជុល​ឲ្យ និង​ផ្ញើ​ទុក​នៅ​ទីនោះ​។

ប៉ុន្តែ​សកម្មភាព​ខាងលើ​មិន​អាច​គេច​ផុត​ពីភ្នែក​នគរបាល​ឡើយ ទី​ផុត​ក្រោយ​ពេល​លួច​យកទៅ​ដល់​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​ជួប​កម្លាំង​នគរបាល​កំពុង​ល្បាត​ក៏​ចាប់ខ្លួន​និង​ដកហូត​យក​ម៉ូតូ​បាន​មក​វិញ ។សកម្មភាព​លួច​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រ​ហែ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ ចំណែក​ជនសង្ស័យ ត្រូវ​ចាប់ខ្លួន​បាន​នា​វេលា​ម៉ោង​ប្រមាណ ៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ដដែល​នោះ នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ព្រៃ​ស​ខាងកើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

ជនសង្ស័យ​ឈ្មោះ ផ​ន ភក្តី អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​បឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​អេស​អិ​ល ពណ៌​ទឹកប្រាក់ បិទ​ស្កុ​ត​ពណ៌​ត្រួយ​ចេក ស៊េរី​ឆ្នាំ​១៩៩៧ ពាក់​ផ្លា​ក​លេខ នគរបាល ១-៨៨០១ និង​មាន​បិទ​ឡូ​ហ្គោ​POLICE ជា​កម្មសិទ្ធិ​របស់លោក ឡុ​ច លី​ណា អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ខណ្ឌចំការមន ។

នគរបាល​ប៉ុស្តិ៍​ព្រៃ​ស​និយាយ​ថា ក្រោយ​ពី​លួច​ម៉ូតូ​បាន​ហើយ ជនសង្ស័យ​បាន​បណ្តើរ​តាម​ផ្លូវ​បេតុង នៅ​ក្នុងភូមិ​ព្រៃ​ស​ខាងកើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ក៏​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស​ល្បាត​ប្រទះ​ឃើញ ចាប់​ឃាត់ខ្លួន​និង​ដកហូត​យក​ម៉ូតូ​បាន​មក​វិញ ។បន្ទាប់​មក ក៏​ប្រគល់​ជនសង្ស័យ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ