ប្រទេសម៉ាលី ៖ អង្គការសហប្រជាជាតិ អ.ស.ប និងអង្គភាពទាហានមួកខៀវ(FC) រួមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត គ្រោងនឹងរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ស សាវី នាយទាហាននៃកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ដែលបានបាត់បង់ជីវិត ក្នុងពេលបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសម៉ាលី ។ ការគោរពវិញ្ញាណក្ខន្ធជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅរដ្ឋធានីបាម៉ាកូ នៃសាធារណរដ្ឋម៉ាលី ។
តាមសេចក្តីប្រកាសរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា បានឱ្យដឹងថា ពិធីគោរពវិញ្ញាណក្ខន្ធសពឧត្តមសេ នីយ៍ទោ ស សាវី មានការអញ្ជើញចូលរួមពីអគ្គលេខាធិការ អ.ស.ប(SRSG) មេបញ្ជាការទាហានមួកខៀវ(FC) ថ្នាក់ដឹកនាំមន្ត្រីយោធា ស៊ីវិល កងយោធាមួកខៀវក្នុងតំបន់ Minusma ព្រមទាំងមន្ត្រីម្ចាស់តំបន់ផងដែរ ។ សពឧត្តមសេនីយ៍ទោ ស សាវី ត្រូវបានកម្លាំងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ព្រមទាំងនាយទាហាន នាយទាហានរងទាំងអស់ ដែលបម្រើការក្នុងក្របខណ្ឌ អ.ស.បនៃសាធារណរដ្ឋម៉ាលី រៀបចំពិធីជូនដំណើរសព នៅព្រលានយន្តហោះទីក្រុងហ្កាវ ប្រទេសម៉ាលីនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដើម្បីដឹកឆ្ពោះទៅរដ្ឋធានីបាម៉ាកូ ។
សូមបញ្ជាក់ថា ឧត្តមសេនីយ៍ទោ ស សាវីបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងពេលបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ អ.ស.បនៅប្រទេសម៉ាលី ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការសោកស្តាយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ និង២០លានរៀល ជូនគ្រួសារសពផងដែរ ។
ដោយឡែក នៅក្នុងប្រទេសកម្ពុជាឯណេះវិញនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមនៃក្រសួងការពារជាតិ ក៏បាននិងកំពុងពិភាក្សាជាមួយគ្រួសារសព ដើម្បីរៀបចំពិធីបុណ្យសពរបស់ឧត្តមសេនីយ៍ទោ ស សាវី តាមប្រពៃណីព្រះពុទ្ធសាសនានៅឯគេហដ្ឋានរបស់សព ស្ថិតក្នុងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។បើ តាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនីគឺបានដាក់សំណើទៅកាន់សម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីដំឡើងឋានន្តរស័ក្តិសពឧត្តមសេនីយ៍ទោ ស សាវី ជាឧត្តមសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈ ។
សូមជម្រាបថា ឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីវេលាម៉ោង៤និង៤៥នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ក្នុងពេលបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ អ.ស.ប នៅប្រទេសម៉ាលី ។ បច្ចុប្បន្ន សពរបស់លោកកំពុងស្ថិតនៅក្នុងប្រទេសម៉ាលីនៅឡើយ ហើយមន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើសពឧត្តមសេនីយ៍ទោ ស សាវី នឹងត្រូវបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ ឬក៏ត្រូវបូជានៅក្នុងប្រទេសម៉ាលី ?
កម្ពុជា បានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនចំនួន២៩៨នាក់ ឲ្យទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសម៉ាលី ក្រោមឆត្ររបស់ អ.ស.ប ដោយចែកចេញជា២កងពល គឺកងវិស្វកម្មចំនួន១៥៤នាក់ និងកងកម្ទេចគ្រឿងផ្ទុះចំនួន១៤៤នាក់ ។ ឧត្តមសេនីយ៍ទោ ស សាវី ស្ថិតនៅក្នុងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ដែលបានទៅបំពេញបេសកកម្មនៅក្នុងប្រទេសម៉ាលីចំនួន២លើករួចមកហើយ គឺនៅឆ្នាំ២០១៦ម្តង និងឆ្នាំ២០១៩ម្តង ។
គួរកត់សម្គាល់ថា មរណភាពនៃកងទ័ពមួកខៀវកម្ពុជា ឧត្តមសេនីយ៍ទោ ស សាវី កើតឡើងចំពេលដែល អ.ស.ប ប្រារព្ធទិវាអន្ដរជាតិនៃកងកម្លាំងរក្សាសន្តិភាពក្រោមឆត្រ អ.ស.ប ២៩ ឧសភា ។ កម្មវិធីអភិវឌ្ឍន៍ អ.ស.បប្រចាំនៅកម្ពុជា(UNDP) បានឆ្លៀតឱកាសនេះ ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក ស សាវី ។ ចំណែកលោក អង់តូនីញ៉ូ ហ្គូទែស អគ្គលេខាធិការ អ.ស.ប បានថ្លែងថា រោគរាតត្បាតផ្លូវដង្ហើមបណ្ដាលមកពីវីរុសកូរ៉ូណាបានផ្លាស់ប្ដូរអ្វីៗជាច្រើន ប៉ុន្តែមិនអាចផ្លាស់ប្ដូរការលះបង់របស់កងទ័ពមួកខៀវជាង៩ម៉ឺន៥ពាន់នាក់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពចំនួន១៣ប្រទេស នៅទូទាំងពិភពលោកបានឡើយ ។
បើតាមទិន្នន័យពី អ.ស.ប រហូតមកទល់ពេលនេះ មានកងទ័ពមួកខៀវយ៉ាងហោចណាស់១៣៧នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ ក្នុងពេលដែលពួកគេកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេស ។ យ៉ាងណាក៏ដោយ ករណីស្លាប់នៃកងទ័ពមួកខៀវដោយសារជំងឺកូវីដ-១៩ ទើបតែកើតមានចំនួន២ករណីប៉ុណ្ណោះ គឺមួយករណីកើតឡើងលើកងទ័ពមួកខៀវកម្ពុជា និងមួយទៀតកើតលើកងទ័ពមួកខៀវមកពីប្រទេសអែលសាវា៉ឌ័រ ។
គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ តាមប្រភពព័ត៌មានថា កងទ័ពមួកខៀវកម្ពុជាចំនួន៤នាក់ទៀតដែលកំពុងបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលីត្រូវបានរកឃើញមានផ្ទុក វីរុសកូវីដ-១៩ ធ្វើឱ្យចំនួនអ្នកមានជំងឺនេះកើនឡើងដល់១០នាក់ ក្នុងនោះមានស្ត្រីម្នាក់ ។ នេះបើតាមឧត្តម សេនីយ៍ឯក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម មានប្រសាសន៍ប្រាប់អង្គភាពព័ត៌មានក្នុងស្រុកមួយ ។
សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាមានកងទ័ពមួកខៀវកំពុងបំពេញបេសកកម្មនៅប្រទេសម៉ាលីមានចំនួនជិត៣០០នាក់ កំពុងឈរជើងនៅក្នុងតំបន់ចំនួន៥ផ្សេងៗគ្នា រួមមាន តំបន់ទេសាលី តំបន់គីដាល់ តំបន់ហ្គាវ តំបន់ជីវិនទុស និងតំបន់ម៉បទី ៕
ចែករំលែកព័តមាននេះ