ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្ទង់​មតិបង្ហាញ​ថា កុមារ​រៀន​នៅ​តាម​ផ្ទះ​ក្នុងអំឡុងពេល​បិទ​សាលារៀន ​មាន​តែ​ជាង​៥០%

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អង្គការ​ធ្វើការ​ងារ​លើ​ផ្នែក​អប់រំ និង​សិទ្ធិ​កុមារ​នៅ​កម្ពុជា​ចំនួន​៦ ធ្វើការ​ស្ទង់​មតិ​បង្ហាញ​ថា មាន​តែ​កុមារ​ប្រហែល​៥៤​ភាគរយ​ប៉ុណ្ណោះ ដែល​មាន​លទ្ធភាព​ទទួល​បាន​ឯកសារ​សិក្សា​ពេល​នៅផ្ទះ ខណៈ​ចំនួន​៤៨​ភាគរយ​ទៀត រាយការណ៍​ថា បាន​ទទួល​ការ​គាំទ្រ…

រាជធានី​ភ្នំពេញ ៖ ក្រុម​អង្គការ​ធ្វើការ​ងារ​លើ​ផ្នែក​អប់រំ និង​សិទ្ធិ​កុមារ​នៅ​កម្ពុជា​ចំនួន​៦ ធ្វើការ​ស្ទង់​មតិ​បង្ហាញ​ថា មាន​តែ​កុមារ​ប្រហែល​៥៤​ភាគរយ​ប៉ុណ្ណោះ ដែល​មាន​លទ្ធភាព​ទទួល​បាន​ឯកសារ​សិក្សា​ពេល​នៅផ្ទះ ខណៈ​ចំនួន​៤៨​ភាគរយ​ទៀត រាយការណ៍​ថា បាន​ទទួល​ការ​គាំទ្រ ក្នុង​ការ​បន្ត​ការ​សិក្សា​នៅផ្ទះ ក្នុងអំឡុងពេល​រាជរដ្ឋាភិបាល​បិទ​សាលារៀន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ។

សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​ធ្វើការ​ផ្នែក​អប់រំ និង​សិទ្ធិ​កុមារ​នៅ​កម្ពុជា រួម​មាន ៖ អង្គការ​ឆាល​ហ្វា​ន​, អង្គការ​ភ្លែ​ន​អន្តរជាតិ​, អង្គការ Save the Children, អង្គការ Terre des Hommes, អង្គការ​ភូមិ​កុមារ SOS និង​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ បាន​បង្ហាញ​ថា ការ​សិក្សា​របស់​កុមារ នៅ​តាម​ផ្ទះ​របស់​កម្ពុជា ដែល​មាន​អាយុ​ពី​១០ ដល់​១៧​ឆ្នាំ ជួប​បញ្ហា​ប្រឈម​រួម​មាន ៖ ល្បឿន​អ៊ី​ន​ធើ​ណិ​ត​យឺត ការ​ចំណាយ​លើ​ថ្លៃ​អ៊ី​ន​ធើ​ណិ​ត និង​ការ​មិន​អាច​ទាក់ទង​គ្រូ ដើម្បី​សួរ​សំណួរ ។

ការ​វាយតម្លៃ ធ្វើ​ឡើង​ដោយ​អង្គការ​អន្តរជាតិ​កម្ពុជា បាន​បង្ហាញ​ថា ឪពុក​ម្តាយ ស្ទើរតែ​៣០​ភាគរយ មិន​បាន​បង្រៀន​កូន​របស់​ពួក​គេ ទាល់តែ​សោះ ខណៈ​ឪពុក​ម្តាយ​៦០​ភាគរយ ផ្តល់​ការ​គាំទ្រ​តិចតួច​បំផុត ដល់​ការ​សិក្សា និង​អភិវឌ្ឍន៍​ដល់​កូន​តូច​របស់​ពួក​គេ ។ ជាមួយ​គ្នា​នេះ ឪពុក​ម្តាយ​៧៤​ភាគរយ រាយការណ៍​ថា ពួក​គេ​មានចំណេះ​ដឹង​តិចតួច អំពី​របៀប​បង្រៀន​កូន​តូច​របស់​ពួក​គេ ។

សេចក្តីថ្លែងការណ៍ បាន​បន្ត​ថា ការ​បិទ​សាលារៀន​អាច​មាន​ផល​ប៉ះពាល់​ច្រើន​លើ​ក្មេង​ស្រី ជា​ពិសេស​ក្មេង​ស្រី​ងាយ​រង​គ្រោះ​បំផុត ដោយសារ​ក្មេង​ស្រី​ត្រូវ​បាន​គេ​ឲ្យ​ជួយ​ធ្វើ​ការងារ​ផ្ទះ​បន្ថែម​ទៀត ដែល​នេះ​បាន​កាត់​បន្ថយ​ពេលវេលា​សម្រាប់​ពួក​គេ​សិក្សា​នៅផ្ទះ​។

ទោះជា​យ៉ាងនេះ​ក្តី ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា ជា​ទូទៅ ក្រសួង​សង្កេត​ឃើញ​ថា មាតាបិតា សិស្សានុសិស្ស និង​គ្រប់​ភាគី​ពាក់ព័ន្ធ​បាន​ស្វាគមន៍ និង​គាំទ្រ​សេវា​សិក្សា​ពី​ចម្ងាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ពិសេស​ជាមួយនឹង​ការ​ផ្សាយ​តាម​រយ​:​ទូរទស្សន៍​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​២) ដែល​អាច​បន្ត​ឲ្យ​មានការ​រៀន និង​បង្រៀន​នៅ​ទីក្រុង និង​ជនបទ ទូ​ទាំង​២៥​ខេត្ត រាជធានី ក្នុង​ឱកាស​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩ ។

ឯកឧត្តម បន្ត​ថា គ្រួសារ​ដែល​មិន​ទាន់​មាន​ទូរទស្សន៍​អាច​រៀន​តាម​ទូរទស្សន៍​ជាមួយ​អ្នក​ជិតខាង​មិន​ឲ្យ​លើស ពី​១០​នាក់ ដោយ​តម្រូវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​រក្សា​គម្លាត​សុវត្ថិភាព និង​អនុវត្តន៍​គោលការណ៍​វេជ្ជសាស្ត្រ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

សូម​បញ្ជាក់​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​កម្មវិធី​សិក្សា​ពី​ចម្ងាយ​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​១-១២ ក្នុងអំឡុងពេល​រាជរដ្ឋាភិបាល​បិទ​សាលារៀន តាម​រយៈ​ការ​បង្រៀន​លើ​ឆា​ណែ​ល​យូ​ធូប ផេ​ក​ហ្វេ​ស​ប៊ុ​ក និង​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា សំដៅ​ឲ្យ​សិស្សានុសិស្ស​ទទួល បានការ​អប់រំ​ដូច​នៅ​តាម​សាលារៀន ៕ (​ប្រភព​៖ ទ​ទក)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ