ខេត្តស្ទឹងត្រែង ៖ ទោះបីជាខេត្តស្ទឹងត្រែងអវិជ្ចមាននៃមេរោគCovid-19 យ៉ាងណានោះ ក៏អាជ្ញាធរខេត្ត រួមនឹងមន្ទីរសុខាភិបាល មានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច គិតគូរសុខភាពប្រជាពលរដ្ឋ ជាចម្បង។ ជាក់ស្តែងនារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្ត សហការជា មួយអង្គភាពកងពល «ង៧០» ផ្នែកសង្គ្រោះបន្ទាន់៧១១ ក្រោមការចង្អុលបង្អាញពីរដ្ឋបាល ខេត្តស្ទឹងត្រែង ដែលមានលោក ម៉ុម សារឿន ជាអភិបាល នៃគណៈអភិបាលខេត្ត បានធ្វើយុទ្ធនាការ បាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងធំៗចំនួន៤កន្លែង នៃក្រុងស្ទឹងត្រែង មានសាលាខេត្តស្ទឹងត្រែង, ស្នងការនគរបាលខេត្ត ចំណតរថយន្តខេត្ត និងផ្សារសាមគ្គីស្ទឹងត្រែង ដែលប្រឈម ខ្ពស់នៅជំងឺឆ្លងនានា។
លោក ទន់ វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានប្រយុទ្ធជំងឺឆ្លង បានឱ្យដឹងថា៖ ការធ្វើយុទ្ធនាការ បាញ់ថ្នាំសម្លាប់មេរោគគឺ ទី១-យើងធ្វើដើម្បីកាត់បន្ថយការភ័យខ្លាច របស់ប្រជាពលរដ្ឋ ដែលកន្លងមកប្រជាពលរដ្ឋមានការព្រួយបារម្ភពីបញ្ហាជំងឺCovid-19 ការបាញ់ថ្នាំ នេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានភាពកក់ក្តៅ, ទី២-ឲ្យបងប្អូនប្រជាពលរដ្ឋយល់កាន់តែ ច្បាប់ថែមទៀតជាមួយជំងឺCovid-19 អ្វីដែលសំខាន់គឺឲ្យបងប្អូនក្នុងខេត្តមានភាពកក់ក្តៅ នៃការដឹកនាំរបស់ខេត្ត ដែលមានលោក ម៉ុម សារឿន ជាអភិបាលខេត្តក៏ដូចជាការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យពលរដ្ឋទទួលបានភាពកក់ក្តៅ។
ហើយកន្លង មកមន្ទីរសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ធ្វើការផ្សព្វផ្សាយនូវសារអប់រំ ការអនុវត្តជាក់ស្តែង និងការចែកខិតប័ណ្ណ ដើម្បីប្រជាពលរដ្ឋយល់ដឹង ពីជំងឺCovid-19 គឺបានធ្វើយ៉ាងទូលំទូលាយ ឲ្យចេះថែករក្សាសុខភាព ចេះសម្អាតអនាម័យជាដើម។ កន្លងមកថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអភិបាលខេត្ត បានធ្វើការក្រើនរំលឹកដល់មន្ត្រីរាជការ ក៏ដូចប្រជាពលរដ្ឋកុំឲ្យភ្លេចខ្លួន សម្អាតអនាម័យ ដើម្បីចៀសផុតជំងឺCovid-19 ដ៏កាចសហាវនេះ ទោះជាជំងឺនេះ មិនមានវត្តមានក្នុងខេត្តស្ទឹងត្រែងយ៉ាងណាក៏ដោយ តែវាអាចកើតឡើងគ្រប់វេលា កាលណាយើងមានការធ្វើប្រហែស៕ ដោយ ៖ ពុយ វឌ្ឍនា
ចែករំលែកព័តមាននេះ