មន្ត្រី​ការិយាល័យ​បុគ្គលិក​ចុះ​ស៊ើប​រឿង​អធិ​ការ​ស្រុក​សំឡូត បែរជា​រក​ឃើញ​កាំភ្លើង​​លាក់​ក្នុង​ខ្ទម


ខេត្តបាត់ដំបង ៖ យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ការិយាល័យ​បុគ្គលិក នៃ​ស្នងការ​ខេត្ត​មួយ​ក្រុម ដែល​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ​-​ឃុំ​ផង បាន​ចុះ​ស៊ើបអង្កេត​ស្ងាត់​ៗ កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែមិថុនា ដល់ទី​តាំង​ដី​របស់​រដ្ឋ​ដែល​គេ​សង្ស័យ​ថា លោក​កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត កាប់​រុករាន​ទន្ទ្រាន​យក​អស់​ជាង​១៣,០០០​ម៉ែត្រក្រឡា នៅ​ចំណុច​ភូមិ​វាល​រលឹម ឃុំ​កំពុង់​ល្ពៅ ដែល​ប្ដឹង​ចោទប្រកាន់​ដោយ​ក្រសួងបរិស្ថាន ប៉ុន្តែ​បែរជា​ឆែកឆេរ​រក​ឃើញ​កាំភ្លើង​AK ១​ដើម លាក់​នៅ​ក្នុង​ខ្ទម​ចាំ​ដី​របស់​លោក​អធិការ​រូប​នេះ​ទៅ​វិញ ?

មិន​មាន​ព័ត៌មាន​ជាក់លាក់​អំពី​មេដឹកនាំ ចុះ​ស្រាវជ្រាវ​លើ​សំណុំរឿង លោក​កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត រំលោភ​យក​ដី​បរិស្ថាន​នោះ​ទេ ព្រោះ​កិច្ច​ប្រតិបត្តិការ​នេះ ត្រូវ​បាន​គេ​រឹតត្បិត​ខ្លាំង​បំផុត មិន​អនុញ្ញាត​ឲ្យ​ថតរូប​សកម្មភាព​ផ្ដេសផ្ដាស់ និង​មិន​អនុញ្ញាត​ឲ្យ​ទម្លាយ​ព័ត៌មាន​ចេញ​ក្រៅ​ទៀត​ផង​។ នេះ​បើ​តាម​អ្នក​ដែល​បានដឹង​ព័ត៌មាន​នេះ រួច​បាន​ទម្លាយ​ឲ្យ​កោះសន្តិភាព​។ ប្រភព​បាន​ប្រាប់​ថា មាន​តែ​អាជ្ញាធរ​ភូមិ​-​ឃុំ​ចំនួន​២​រូប​ប៉ុណ្ណោះ ដែល​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ​។ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា មន្ត្រី​មួយ​ក្រុម​ដែល​ចុះ​ស៊ើបអង្កេត​លើ​សំណុំរឿង​ដ៏​អាស្រូវ​របស់​លោក​កោ ស៊ុន​កាំ​ង នេះ​គឺជា​មន្ត្រី​ការិយាល័យ​បុគ្គលិក នៃ​ស្នងការ​ខេត្ត​។

កោះសន្តិភាព មិន​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​មូលដ្ឋាន​បាន​ឡើយ​ពាក់ព័ន្ធ​នឹង​ករណី​នេះ ព្រោះ​មិន​អាច​ទំនាក់ទំនង​បាន ប៉ុន្តែ​ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មន្ត្រី​បុគ្គលិក​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់ទី​តាំង​ដី​របស់​រដ្ឋ ដែល​លោក​កោ ស៊ុន​កាំ​ង បាន​កាប់​រុករាន​ទន្ទ្រាន​យក​ទាំង​បំពាន នៅ​ចំណុច​ភូមិ​វាល​រលឹម ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​។

ប្រភព​បាន​ប្រាប់​ថា កម្លាំង​បាន​ចុះ​ទៅ​ដល់ទី​តាំង​ដី ដែល​មាន​ហ៊ុំ​របង​ព័ទ្ធ និង មាន​សង់រោង​ចាំ​ដី​នៅ​ខាងក្នុង​។ នៅ​ទីនោះ​គេ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់ ដែល​ទំនងជា​អ្នក​ចាំ​ដី​ឲ្យ​លោក​កោ ស៊ុន​កាំ​ង ប៉ុន្តែ​បុរស​នោះ​មិន​បាន​នៅ​ជួប​ជាមួយ​សមត្ថកិច្ច ដើម្បី​និយាយ​គ្នា​ទេ ស្រាប់តែ​ដាក់​មេ​ប្រូច​រត់​ចោល​ខ្ទម​លឿន​ដូច​អា​ម៉ិច​។ នៅ​ក្នុង​ខ្ទម​នោះ គេ​បាន​ឆែកឆេរ​រក​ឃើញ​កាំភ្លើង​ធុន AK.47 ចំនួន​១​ដើម និង សម្ភារៈ​ប្រើប្រាស​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​។

ប្រភព​បាន​ខ្សឹប​ប្រាប់​ថា បុរស​ដែល​នៅ​ក្នុង​ខ្ទម​នោះ គេ​សង្ស័យ​ជា​អ្នក​ចាំ​ការពារ​ដី​ឲ្យ​លោក​កោ ស៊ុន​កាំ​ង ហើយ​កាំភ្លើង​នោះ​ក៏​ជា​កាំភ្លើង​របស់​បុរស​នោះ​ដែរ តែ​គេ​មិន​ទាន់​ដឹង​ថា តើ​ជន​នោះ​បាន​កាំភ្លើងស្វ័យប្រវត្តិ​១​ដើម​នេះ​ពី​ណា​មក​ទេ? ប៉ុន្តែ​គេ​បាន​ស្គាល់​សាវតា​អ្នក​ចាំ​ខ្ទម ដែល​មាន​កាំភ្លើង AK នោះ​ហើយ​។

ជុំវិញ​ករណី​មន្ត្រី​ការិយាល័យ​បុគ្គលិក ចុះ​ស៊ើបអង្កេត​ស្ងាត់​ៗ​ដល់ទី​តាំង​ដី​លោក​អធិការ​ស្រុក​សំឡូត ខាងលើ​នេះ លោក​សៅ សា​ម៉ុ​ន ស្នងការ​រង​ទ​ទូល​ផែន​បុគ្គលិក បាន​ថ្លែងប្រាប់​កោះ​សន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​០២ ខែមិថុនា​នេះ​ថា មន្ត្រី​បុគ្គលិក ពិតជា​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ដល់ទី​តាំង​ដី​ទំនាស់​របស់​លោក​កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត​មែន ហើយ​ក៏​បាន​រក​ឃើញ​កាំភ្លើង AK 47 មួយ​ដើម​ពិតប្រាកដ​ដែរ​។

ប៉ុន្តែ​លោកស្នងការ​រង​រូប​នេះ បាន​បដិសេធ​ថា មិន​ទាន់​ស្គាល់​សាវតា​អ្នក​ចាំ​ខ្ទម​ដែល​មាន​កាំភ្លើង​នោះ​ទេ បើ​ទោះជា​ប្រភព​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន បាន​អះអាង​ថា គេ​បាន​ស្គាល់​ឈ្មោះ​ខ្មាន់កាំភ្លើង​ចាំ​ខ្ទម​លើ​ដី​លោក​កោ ស៊ុន​កាំ​ង​នោះ​ក្ដី​។ លោក​សៅ សា​ម៉ុ​ន បាន​អះអាង​ដែរ​ថា ពេល​នេះ​យើង​កំពុងធ្វើការ​ស្រាវជ្រាវ​រក​សាវតា​ជន​ម្នាក់​ដែល​នៅ​ក្នុង​ខ្ទម​ចាំ​ដី​នោះ ហើយ​ក៏​កំពុង​ស្រាវជ្រាវ​ផង​ដែរ​ថា តើ​ជន​នោះ​បាន​កាំភ្លើង​ពី​ណា​មក យក​ទៅ​ប្រើប្រាស់?

សូម​បញ្ជាក់​ថា លោក​កោ ស៊ុន​កាំ​ង អធិការ​នគរបាល​ស្រុក​សំឡូត ត្រូវ​បាន​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចោទប្រកាន់​ថា «​បាន​រុករាន ឆ្ការ​ដី​ព្រៃ​ធ្វើ​របង​ហ៊ុំ​ព័ទ្ធ និង​សង់រោង​ដើម្បី​ចាប់​យក​ដី​សាធារណៈ​របស់​រដ្ឋ ក្នុង​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​» មាន​ផ្ទៃដី​ទំ​ហ៊ុំ ១៣,៨០០​ម៉ែត្រក្រឡា នៅ​ក្នុងភូមិ​សាស្ត្រ​« ភ្នំ​អូរ​ជុំ​» ស្ថិត​ក្នុងភូមិ​វាល​រលឹម ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​។ លោក​រដ្ឋមន្ត្រី​បាន​ហៅ​សកម្មភាព​ដ៏​គ​គ្លើ​ន​របស់ លោក កោ ស៊ុន​កាំ​ង​ថា «​ជា​ទ​ង្វើ​ផ្ទុយ​នឹង​មាត្រា​៦២ ចំណុច​១ នៃ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ និង មាត្រា ៤៣ នៃ​ច្បាប់​ភូមិបាល​»​។

លោក​រដ្ឋមន្ត្រី បាន​ចាត់​ទុក​ទ​ង្វើ​ខុសច្បាប់​របស់​មន្ត្រីរាជការ​រូប​នេះ​ថា មិន​ត្រិ​ម​តែ​បាន​បំផ្លិច​បំផ្លាញ​​ធនធានធម្មជាតិ​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​មន្ត្រីរាជការ និង​ជា​គំរូ​មិនល្អ ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន ដែល​កំពុង​ឃ្លាំមើល និង​ចាំតែ​អនុវត្ត​តាម​ទៀត​ផង​។ ជាមួយនឹង​ការ​ចោទប្រកាន់​នេះ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិ​ស្ថាន បាន​ធ្វើ​លិខិត​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី​១៣ ឧសភា ២០២០ គោរព​ជូន​លោក​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ស្នើ​ឲ្យ​ចាត់វិធានការ​វិន័យ​ចំពោះ​បុគ្គល ឈ្មោះ កោ ស៊ុន​កាំ​ង នេះ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ក្នុង​ន័យ​ដែល​លោក​យល់​ឃើញ​ថា «​ដើម្បី​រក្សា​ការពារ​ភាព​ថ្លៃថ្នូរ​របស់​មន្ត្រីរាជការ​»​។

យ៉ាងណា​ក៏​ដោយ លោក​សៅ សា​ម៉ុ​ន ស្នងការ​រង​ខេត្ត បាន​អះអាង​ហើយ​ថា ពេល​នេះ​យើង​បាន​យក​កាំភ្លើង​នោះ​មក​បង្ហាញ​ជូន​លោកស្នងការ​ខេត្ត ដើម្បី​ពិនិត្យ ហើយ​មន្ត្រី​ជំនាញ​ក៏​កំពុង​រង់ចាំ​ចំណាត់ការ​បន្ត​ពី​លោកស្នងការ​ខេត្ត​ដែរ ដើម្បី​ចាត់ការ​លើ​សំណុំរឿង​លោក​អធិការ​ស្រុក​សំឡូត​នេះ​។

គួរ​រំលឹក​ថា ក្រសួងបរិស្ថាន​ប្ដឹង​អគ្គស្នងការ​ចាត់ការ​តាម​ច្បាប់​លើ​លោក​អធិការ​ស្រុក​សំឡូត

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ