ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះសំណាក់ និង​សណ្ឋាគារ​នៅ​សៀមរាប​ជាង​១០០​បាន​បិទ និង​ព្យួរ ហើយ​កម្មករ​ជាង​៨​ពាន់​នាក់​បាន​បាត់បង់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​សំណាក់ និង​សណ្ឋាគារ​នៅ​ខេត្តសៀមរាប​បាន​បិទ និង​ព្យួរ​ជាង​១០០​កន្លែង ហើយ​កម្មករ​ជាង​៨​ពាន់​នាក់ បាន​រង​ការ​បាត់បង់​ការងារ​ធ្វើ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ខេត្តសៀមរាប…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​សំណាក់ និង​សណ្ឋាគារ​នៅ​ខេត្តសៀមរាប​បាន​បិទ និង​ព្យួរ​ជាង​១០០​កន្លែង ហើយ​កម្មករ​ជាង​៨​ពាន់​នាក់ បាន​រង​ការ​បាត់បង់​ការងារ​ធ្វើ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ខេត្តសៀមរាប ។

លោក លី សំ​រិ​ទ្ធ អភិបាលរង​ខេត្តសៀមរាប​បាន​លើក​ឡើង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ នៅ​គណៈរដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ថា ផ្ទះសំណាក់ សណ្ឋាគារ​ជាង ១០០​បាន​បិទ និង​ព្យួរ និង​កម្មករ​ជាង​៨​ពាន់​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយ​បាត់បង់​ការងារ​ធ្វើ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។ លោក​បន្ត​ថា ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​វិស័យ​ទេ​ចរណ៍​ខាតបង់​ស្ទើ​មួយ​រយ​ភាគរយ ។

លោក​បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​មិន​ចង់​ប៉ាន់​ប្រមាណ​ទេ ចំពោះ​តួលេខ​នៃ​ការ​ខាតបង់​ដែល​ប៉ះពាល់​វិស័យ​ទេសចរណ៍​ដោយ​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​ខ្ញុំ​ចង់​ប្រាប់​ថា បើ​យើង​ទទួល​បាន​ប៉ុន្មាន​យើង​ក៏​អស់​ប៉ុណ្ណឹង​ដែរ ។ ឧទាហរណ៍​ក្នុង​បាន​ប្រមាណ​៤០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​វិស័យ​ទេសចរណ៍ ឬ​១០០០​លាន​ដុល្លារ​នោះ គឺ​យើង​បាត់​អាហ្នឹង​មិន​ត្រឹម​បាត់​ប៉ុណ្ណឹង​ទេ អ្នក​ដែល​ទទួលផល​ប្រយោជន៍​ពី​វិស័យ​នឹង​ដូច និយោជក កម្មករ ជាក់ស្តែង​នោះ​គ្រាន់តែ​ចុងភៅ នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ បាន​ប្រាក់ខែ​ចាប់ពី​៧​ពាន់​ដុល្លារ​ដែល​ជា​ចំនួន​ច្រើន​ណាស់ ប៉ុន្តែ​អា​លូវ​អត់​មាន​នោះ​ទេ ។ គាត់​បាន​តែ​ប្រាក់​ឧត្ត​ម្ភ​មួយ​ចំនួន​ដែល​ទទួល​បាន​ពី​រាជរដ្ឋាភិបាល​សម្រាប់​រស់​ប៉ុណ្ណោះ​» ។

សម្រាប់​ជា​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ល់​វិស័យ​ទេ​ចរណ៍​នៅ​ខេត្តសៀមរាប​នេះ លោក​អភិ​វាល​រង​បាន​លើក​ឡើង​រដ្ឋបាល​បាន​រៀបចំ​ស្បៀង​បំ​រ៉ុ​ង​ទុក និង​ផ្គត់​ផ្គង​គ្រឿង​ឧបភោគបរិភោគ រួម​នឹង​កាកបាទក្រហម ដែល​មាន​សម្តេច កិត្តិ​ព្រឹទ្ធិក​តិ​បណ្ឌិត​ប៊ុ​ន រ៉ា​នី​ហ៊ុន សែន មិន​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់​អាហារ​ហូប​ចុក​នោះ​ទេ ។

លោក​បន្ត​ថា រដ្ឋបាល​ខេត្តសៀមរាប​ក៏​បាន​ធ្វើការ​ចែក​ពូជ​សត្វ និង​បន្លែ​ដល់​ប្រជា​កសិករ ដើម្បី​យក​ទៅ​បន្ត​ពូជ និង​ដាំ ដើម្បី​ចិញ្ចឹម​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ ។ ជាង​នេះ​រដ្ឋបាល​បាន​កំពុង​ពិនិត្យ​ធ្វើការ​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ដែល​មាន​ពី​មុន និង​គ្រួសារ​ក្រីក្រ​បច្ចុប្បន្ន មាន​ជាង​៥០០​គ្រួសារ ដោយ​បូក​បញ្ចូល​គ្នា​មាន​ជាង​២​ម៉ឺន​គ្រួសារ​ត្រូវ​យកចិត្តទុកដាក់​ជា​អាទិភាព ។

រូបតំណាង

លោក​បន្ថែម​ថា រដ្ឋបាល​ខេត្ត​បាន​ធ្វើការ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រកបដោយ​អ​ព្យា​ក្រឹត្យ ដោយ​មិន​បាន​ប្រកាន់​បក្ខពួក​នោះ​ទេ ក្នុង​ការ​ផ្តល់​ជួយ​ជ្រុំ​ជ្រែង​ដល់​គ្រួសារ​ក្រីក្រ​នោះ ។

ចំណែក លោក ងូវ សេង​កាក់ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តសៀមរាប​បាន​លើក​ឡើង​ថា បុគ្គលិក​ដែល​បំរើ​ការងារ​ដោយ​ផ្ទាល់​ក្នុង​វិស័យ​ទេ​ចរណ៍​មាន​ជាង​៨​ម៉ឺន​នាក់ និង​ទទួលផល​ដោយ​ប្រយោល​ជាង​៣០​ម៉ឺន​នាក់ ។ លោក​បញ្ជាក់​ថា ៖«​វិស័យ​ទេ​ចរណ៍​មាន​សក្តានុពល​ធំ​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​»​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ប្រធាន​មន្ទី​ក៏​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​មាន​អាជីវកម្ម​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់​សរុប​ទាំងអស់​២៣០​កន្លែង ហើយ​បាន​ព្យួរ​មាន​ចំនួន​១៧២​កន្លែង ហើយ​បិទ​១៨​កន្លែង សណ្ឋាគា​ផ្ទះសំណាក់​ខ្លះ​បាន​ជួល​កន្លែង​គេ ហើយ​ម្ចាស់​ជាង​៩០​ភាគរយ​ជា​ជនជាតិ​ខ្មែរ និង​១០​ភាគរយ​ជា​ជនបរទេស​ធ្វើកា​វិនិយោគ ។

លោក​បន្ត​ថា សព្វ​ថ្ងៃនេះ​មាន​សណ្ឋាគារ​តែ​៤០​កន្លែង បាន​ធ្វើការ​ដំណើរការ​ធម្មតា ដោយឡែក​ផ្ទះសំណាក់​មាន​២៦១ ហើយ​ដំណើរការ​អាជីវកម្ម​មាន​ចំនួន​៦៦​កន្លែង បិទ​៩៦ កន្លែង និង​ផ្អាក​៩៩​កន្លែង ។ ដោយឡែក​ភោជនីយដ្ឋាន​បាន​ដំណើរការ​ធម្មតា ហើយ​ភោជនីយដ្ឋាន​មួយ​ចំនួន​បាន​ធ្វើ​កែ​លម្អ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ