រាជធានីភ្នំពេញ ៖ កងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពអាកាសធាតុដែលចុះត្រជាក់រហូតដល់១៣អង្សា ទៅ១៦អង្សា ចាប់ពីដើមខែធ្នូទៅ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២៤ វិច្ឆិកា បានឱ្យដឹងថា តាមការព្យាករណ៍ នៅថ្ងៃទី២ ធ្នូ ខាងមុខនេះ ខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់សុីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា ។
សេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថា ស្ថានភាពធាតុអាកាសចុះត្រជាក់ នឹងកើតមានពីថ្ងៃទី២ ធ្នូ ដល់ថ្ងៃទី៥ ធ្នូ ដោយនៅតំបន់ភ្នំ តំបន់ខ្ពង់រាបខាងជើង និងភាគឦសាន រួមមានខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ មណ្ឌលគិរី រតនគិរី នឹងមានសីតុណ្ហភាពអប្បបរមា១៣អង្សា ទៅ១៦អង្សា ។ ចំណែកខេត្តដទៃទៀតមានសីតុណ្ហភាពពី១៦អង្សាទៅ១៩អង្សា វាលទំនាបមានសីតុណ្ហភាពពី១៩អង្សាទៅ២២អង្សា រីឯតំបន់មាត់សមុទ្រមានពី២២អង្សាទៅ២៤អង្សា ។ ខាងក្រោមនេះ គឺជាសេចក្តីជូនដំណឹងស្តីពីធាតុអាកាសចុះត្រជាក់ដែលត្រូវបានប្រកាសជាសាធារណៈ និងចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី លឹម គានហោ ៖
ចែករំលែកព័តមាននេះ