ស្តា​របឹង​បុរាណ​ជិត​ប្រាសាទឯកភ្នំ ប្រទះ​ឃើញ​ឆ្អឹងសត្វ​​ដំរី​អាយុ​រាប់រយ​​ឆ្នាំ


ខេត្តបាត់ដំបង​៖ ឆ្អឹង​សត្វ​ដំរី​មួយ​ផ្នែកនៃ​ក្បាល ត្រូវ​គេ​ប្រទះ​ឃើញ​កប់​ដី​នៅ​ក្នុង​បឹង​បុរាណ​មួយ​កន្លែង ក្បែរ «​ប្រាសាទឯកភ្នំ​» នៅ​ពេល​ដែល​អាជ្ញាធរបាន​អនុញាត​ឲ្យ​គ្រឿងចក្រ​កាយ​ស្ដារ​ដី​បឹង​នេះ ដើម្បី​រៀបចំ​ដាំ​ដើមឈើ ធ្វើ​សួន​សម្រាប់​កំសាន្ត (​កន្លែង​ទេសចរ​ណ៍​) ដែល​គេ​សន្និដ្ឋាន​ជំ​ហាន​​ដំបូង​ថា ឆ្អឹង​ដំរី​ដែល​កប់​ក្នុង​បឹង​បុរាណ​នោះ​ អាច​មាន​អាយុកាល​រាប់រយ​ឆ្នាំ​កន្លង​មក​ហើយ​ ។

លោក​ម៉ិ​ល សុផល អភិបាលស្រុក​ឯក​ភ្នំ បាន​ប្រាប់​កោះសន្តិភាព​ថា ពិតជា​មានការ​ប្រទះ​ឃើញ​ឆ្អឹង​ដំរី​នោះ​មែន​។ ឆ្អឹង​ដំរី​នោះ ត្រូវ​បាន​គ្រឿងចក្រ​កាយ​រក​ឃើញ​នៅ​ក្នុង​«​បឹង​តា​គម​» ស្ថិត​ក្នុងភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ឧសភា នៅ​ប៉ែក​ខាងជើង​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ​ពី​«​ប្រាសាទឯកភ្នំ​»​។ ឆ្អឹង​ដំរី​ដែល​មាន​ស្ថានភាព នៃ​ផ្នែក​ខ្លះ​ពុក​ផុយ​ទៅ​ហើយ​នោះ ទំនង​មាន​អាយុកាល​រាប់រយ​ឆ្នាំ​កន្លង​មក​ហើយ ។ លោក​អភិបាលស្រុក បាន​ប្រាប់​ថា បឹង​តា​គម គឺជា​បឹង​ប្រវត្តិសាស្ត្រ (​បឹង​បុរាណ​) ហើយ​ស្ថិត​ក្នុង​«​គម្រោង​ស្ដារ ដើម្បី​រៀបចំ​ដាំ​ដើមឈើរ​ជុំវិញ​បឹង​ធ្វើ​សួន​កំសាន្ត​ឬ​ជា​កន្លែង​ទេសចរ​ណ៍» របស់​រដ្ឋបាល​ស្រុក​ឯក​ភ្នំ​។ នៅ​ពេល​គ្រឿងចក្រ​ចុះ​ស្ដារ​ដី​បាត​បឹង ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ផ្នែក​ខ្លះ នៃ​ឆ្អឹង​សត្វ​ដំរី​តែ​ម្ដង​។

អ្នក​ភូមិ​តា​គមបាន​និយាយ​ថា អ្នក​បើក​គ្រឿងចក្រ​កាយ​ដីទំនង​មិន​បានដឹង​ថា កាយ​ឃើញ​ឆ្អឹង​ដំរី​ទេ តែ​គេ​ឃើញ​ពួកក្មេង​ៗ ដែល​ទៅ​ហែល​ទឹក​លេង​នៅ​ទីនោះ ជា​អ្នក​ប្រទះ​ឃើញ​បំណែក​ឆ្អឹង​ខ្លះ​ៗ ទើប​មានការ​ភ្ញាក់ផ្អើល​។ អ្នក​ភូមិ​និយាយ​ថា ឆ្អឹង​ដំរី​ដែល​គេ​ប្រទះ​ឃើញ​នោះ​គឺ​ឆ្អឹង​ផ្នែក​ខាង​ក្បាល ដែល​មាន​ដូច​ជា « ឆ្អឹង​ភ្លុក ឆ្អឹង​ថ្គាម និងធ្មេញ​»​។ បំណែក​ឆ្អឹង​ខ្លះ ​ត្រូវ​បាន​ក្មេង​ៗ​រើស​យក​ទៅ​ផ្ទះ និ ខ្លះ​ទៀត​កាន់​ដើរ​បង្ហាញ​អ្នក​ភូមិ​មើល​។ ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​ពី​ប្រទះ​ឃើញ​ឆ្អឹង​ដំរី​កប់​នៅ​បឹង​បុរាណ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ទើប​គេ​រាយ​ការ​ណ៍​ប្រាប់​ទៅ​អាជ្ញាធរ​មូលដ្ឋាន ហើយ​លោក​អភិបាលស្រុក ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ​ដែរ​។

ជុំវិញ​ការ​ចុះ​ទៅ​ពិនិត្យ​ឆ្អឹង​ដំរី​នោះ បើ​តាម​ប្រភព​ព័​ត៏​មាន​ថា ពេល​ចុះ​ទៅ​ដល់​លោក​ម៉ិ​ល ​សុផល អភិ​បាល​ស្រុក​ឯក​ភ្នំ បាន​បញ្ជា​ឲ្យ​មន្ត្រី ស្វែងរក​ប្រមូល​យក​មក​វិញ​នូវ​បំណែក​ឆ្អឹង​ដំរី​ ដែល​ពួកក្មេង​ៗ​បាន​យក​ទៅ ដើម្បី​យក​ទៅ​ទុក​កន្លែង​ដើម​រួច​កាយ​ដី​កប់​វិញ​។ ប៉ុន្តែ​ក្រោយមក នៅ​យប់​បន្តិច​មាន​សាក្សី​ខ្លះ​អះអាង​ថា គេ​បានឃើញ​អាជ្ញាធរ​ស្រុក បាន​ប្រមូល​បំណែក​ឆ្អឹង​ខ្លះ​ដឹក​តាម​រថយន្ត​ចេញពី​ទីនោះ ដែល​គេ​សង្ស័យ​ថា ទំនង​​គេ​យក​ទៅ​ចែក​គ្នា​។ ប៉ុន្តែ​លោក​ម៉ិ​ល សុផល អភិបាលស្រុក​ឯក​ភ្នំ បាន​បដិសេធ​ចំពោះ​ការ​សន្ន​ដ្ឋា​ន​បែប​ព្រាវ​ៗ​នោះ​។

ដំបូង​លោក​អភិបាលស្រុក​រូប​នេះ បាន​បដិសេធ​ថា គាត់​មិន​បាន​យក​ឆ្អឹង​ដំរី​នោះ​ទេ ដោយ​លោក​ប្រាប់​ថា លោក​បាន​ឲ្យ​មន្ត្រី​ប្រមូល​ឆ្អឹង​ដែល​រក​ឃើញ​ទាំងអស់ មាន​ទាំង​ឆ្អឹង​ធ្មេញ​ផង ដាក់​នៅ​កន្លែង​ដើម រួច​ឲ្យ​គ្រឿងចក្រ​កាយ​ដី​កប់​វិញ​។ ប៉ុន្តែ​បន្តិច​ក្រោយមក លោក​បែរជា​ទ​ទួល​​ស្គាល់​ថា លោក​ពិតជា​បាន​យក​ឆ្អឺ​ង​ដំរី​នោះ ​មួយ​ដុំ​ទៅ​រក្សា​ទុក​មែន​។ លោក​ម៉ិ​ល សុផល បាន​បញ្ជាក់​អំពី​ឆ្អឹង​មួយ​ដុំ​នោះ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​យក​ឆ្អឹង​មួយ​ដុំ​នោះ មក​ទុក​ដើម្បី​ឲ្យ​ដឹង​ថា ពិតជា​ឆ្អឹង​សត្វ​ដំរី​ដែល​គេ​ប្រទះ​ឃើញ​កប់​ដី​នៅ​ក្នុង​បឹង​បុរាណ​នោះ​មែន​»​។

ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ខ្លះ​ៗនៃ«​ឆ្អឹង​សត្វ​ដំរីកប់​ដី​នៅ​ក្នុង​បឹង​តា​គម​» ដែល​ជា​បឹង​បុរាណ​នេះ បើ​តាម​ចាស់​ៗ នៅ​ក្នុងភូមិ​តា​គម បាន​និយាយ​ប្រហាក់ប្រហែល​គ្នា​ថា កាលពី​សម័យ​បុរាណ (​សម័យ​លោក​ម្ចាស់ ឬ សម័យ​កសាង​ប្រាសាទឯកភ្នំ​) ទីនោះ​ជា​តំបន់​ព្រៃ​ក្រាស ដែល​សំបូរ​ទៅ​ដោយ​សត្វ​ខ្លា ដំរី និង សត្វព្រៃ​គ្រប់​ប្រភេទ​។ ពួក​គាត់​បាន​ពន្យល់​ថា ទីនោះ​ជា​ផ្លូវ​សត្វ​ដំរី​ឆ្លងកាត់​ពី​តំបន់​ព្រៃរនាម​បឹង​ទន្លេសាប ទៅ​កាន់​តំបន់​ភ្នំ នៃ​ស្រុក​សង្កែ ឬ ស្រុក​បាណ​ន់ បច្ចុប្បន្ន ឬ ទីនោះ​ជា​តំណាក់​ហ្វូង​សត្វ​ដំរី​នា​សម័យ​នោះ​តែ​ម្ដង ព្រោះ​បឹង​តា​គម កាលពីដើម​មាន​ទំហំ​ធំ ហើយ​ជ្រៅ​ទៀត​ផង​។ រីឯ​ឆ្អឹង​ដំរី​ដែល​គ្រឿងចក្រ​កាយ​រក​ឃើញ​នៅ​ក្នុង​បឹង​នេះ គឺ​កប់​ដី​ក្នុង​ជម្រៅ​ប្រហែល​ជាង​១​ម៉ែត្រ មាន​ស្ថានភាព​ពុក​ផុយ​ខ្លះ​ៗ តែ​គេ​មិន​អាច​សន្និដ្ឋាន​ឲ្យ​ជាក់លាក់​ថា វា​កប់​នៅ​ក្នុង​ដី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​នោះ​ទេ​។ ប៉ុន្តែ​គេ​អាច​ប្រហាក់ប្រហែល​បាន​ខ្លះ​ថា សត្វ​ដំរី​នោះ​ទំនង​ងាប់​តាំងពី​សម័យ​បុរាណ ដែល​មាន​អាយុ​រាប់រយ​ឆ្នាំ​មក​ហើយ​។

កោះសន្តិភាពបាន​ចុះ​ទៅ​កាន់​ទីតាំង​«​បឹង​តា​គម​» នៅ​ព្រឹក​ថ្ងៃ​ទី​០២ មិថុនា ដែល​ជា​កន្លែង​ប្រទះ​ឃើញ​ឆ្អឹង​សត្វ​ដំរី​។ នៅ​ទីនោះ​មាន​គ្រឿងចក្រ​អេ​ស្កា​ទ័​រ​ចំនួន​២​គ្រឿង ដែល​ជា​កម្ម​សិទ្ធ​ិរបស់​ក្រុមហ៊ុន​ឯកជន កំពុង​ធ្វើ​សកម្មភាព​កាយ​ស្ដារ​បឹង​។ ដោយឡែក​នៅចំណុច​ដែល​គេ​ប្រទះ​ឃើញ​ឆ្អឹង​ដំរី ត្រូវ​បាន​គេ​បោះបង្គោល និង បាញ់ថ្នាំ​ព​ណ៌​ខៀវ​ដើម្បី​ចំណាំ តែ​មិនឃើញ​មាន​វត្ថុ​តាង​ទេ មាន​តែ​ស្លាកស្នាមនៃ​កំណាយ​រណ្ដៅ និងមាន​ស្នាម​កាយ​ដី​លប់ ដែល​អាជ្ញាធរ​អះអាង​ថា ឆ្អឹង​ដំរី​បាន​ប្រមូល​កប់​ក្នុង​ដី​វិញ​ទាំងអស់​នៅ​ទីនោះ​ ។ លោក​​
ម៉ិ​ល សុផល បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ឲ្យ​មន្ត្រី​ប្រមូល​ឆ្អឹង​ដំរី​ដែល​រក​ឃើញ​ទាំងអស់​កប់​ដី​វិញ​ហើយ សល់​តែ​មួយ​ដុំ​ទេ ដែល​លោក​យក​ទៅ​រក្សា​ទុក​សម្រាប់​ឲ្យ​ថ្នាក់លើ​បានឃើញ​ ។

មិនតែប៉ុណ្ណោះ ​លោក​បាន​បញ្ជាក់​ថា លោក​បាន​ឲ្យ​មន្ត្រីបោះតម្រុយ និងបាញ់ថ្នាំ​ព​ណ៌សម្គាល់ លើ​ទំហំ​ដី​២៥​ម៉ែត្រ​៤​ជ្រុង នៅ​ចំណុចដែល​ប្រទះ​ឃើញ​ឆ្អឹង​ដំរី​នោះ ដោយ​មិន​អនុញាត​ឲ្យ​ប៉ះពាល់​ឡើយ ​។ បន្ថែម​លើ​នេះលោក​ថា លោក​នឹង​ស្នើ​សុំ​យោបល់​ថ្នាក់លើ ដើម្បី​រៀបចំ​ពូនដី​ធ្វើ​ជា​«​ផ្នូរ​ដំរី​» ដែល​មាន​ទម្រង់​ដូច​កូន​កោះ​តូច​មួយ​នៅ​កណ្ដាល​បឹង និងមាន​ដាំ​លំអរ​ទៅ​ដោយ​ដើមឈើ និងដើម​ផ្កា សម្រាប់​ធ្វើ​ជាទី​សក្ការៈ​បូជា​ទៀត​ផង​។ លោក​បាន​រាយ​ការ​ណ៍​ទៅ​លោក​អភិបាលខេត្ត និង មន្ត្រី​ជំនាញ​រួចរាល់​ហើយ ដើម្បី​ចុះ​ពិនិត្យ​ផ្ទាល់ លើ​ទីតាំង​«​បឹង​តា​គម​» ដែល​ជា​បឹង​ប្រវត្តិសាស្ត្រ​ដ៏​ធំ មាន​ផ្ទៃដី​ទំហំ​ជិត​១០​ហិច​តា បន្សល់​ទុក​ពី​សម័យ​បុរាណ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ