ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​សិល្បៈ​ជាង​១​ពាន់​បំណែក​ចុះ​ក្នុង​បញ្ជី​​សម្គាល់​អត្តសញ្ញាណ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖​ក្រុមការងារ​ចុះបញ្ជី​បេតិកភណ្ឌ​រូបី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សម្រេច​ចុះបញ្ជី​វត្ថុ​សិល្បៈ​បាន​ចំនួន​៧១១​បំណែក ដែល​ប្រមូល​បាន​ពី​ប្រជាជន និង​នៅ​តាម​ប្រាសាទ​ទាំង​៩១​ក្នុង​រមណីយដ្ឋាន​អង្គរ ឱ្យ​មាន​សុវត្ថិភាព​និង​មាន​អត្តសញ្ញាណ​ត្រឹមត្រូវ សម្រាប់​ជា​ប្រយោជន៍​ប្រើប្រាស់​ទៅ​ថ្ងៃក្រោយ ។ ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​កាលពី​ថ្ងៃ​ទី​១ មិថុនា…

ខេត្តសៀមរាប ៖​ក្រុមការងារ​ចុះបញ្ជី​បេតិកភណ្ឌ​រូបី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សម្រេច​ចុះបញ្ជី​វត្ថុ​សិល្បៈ​បាន​ចំនួន​៧១១​បំណែក ដែល​ប្រមូល​បាន​ពី​ប្រជាជន និង​នៅ​តាម​ប្រាសាទ​ទាំង​៩១​ក្នុង​រមណីយដ្ឋាន​អង្គរ ឱ្យ​មាន​សុវត្ថិភាព​និង​មាន​អត្តសញ្ញាណ​ត្រឹមត្រូវ សម្រាប់​ជា​ប្រយោជន៍​ប្រើប្រាស់​ទៅ​ថ្ងៃក្រោយ ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​កាលពី​ថ្ងៃ​ទី​១ មិថុនា ២០២០​ថា លោក​ឈូក សុ​ម៉ា​ឡា មន្ត្រី​ទទួល​បន្ទុក​ចុះបញ្ជី​បេតិកភណ្ឌ​រូបី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណ​វិទ្យា​បង្ការ​ឱ្យ​ដឹង​ថា បំណែក​វត្ថុ​សិល្បៈ​ទាំង​៧១១​បំណែក​ដែល​ក្រុមការងារ​បាន​ចុះបញ្ជី​សារពើ​ភណ្ឌ​រួចរាល់​នោះ គឺ​ភាគច្រើន​ជា​ចម្លាក់​ធ្វើ​ពី​ថ្មភក់ មាន​៖ សិលាចារឹក ចម្លាក់​ទេវរូប បល្ល័ង្ក ឬ​ជើង​ទម្រ បំណែក​ផ្តែរ បំណែក​ហោជាង បំណែក​សសរ​ពេជ្រ បំណែក​ក្បាច់លម្អ ផ្សេង​ៗ កុលាល​ភាជន៍ និង​វត្ថុ​ធ្វើ​ពី​លោហៈ​មួយ​ចំនួន​ទៀត ។

ក្រៅពី​ការ​ចុះបញ្ជី​វត្ថុ​សិល្បៈ​ដែល​បាន​ទទួល​ពី​ប្រជាជន និង​កំណាយ​ស្រាវជ្រាវ ផ្សេង​ៗ​ខាងលើ ក្រុម​ចុះបញ្ជី​ក៏​បាន​ចុះបញ្ជី​វត្ថុ​សិល្បៈ​ដែល​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​ទាំង​៩១​បាន​មួយ​ចំនួន​ដែរ។

ការ​ចុះបញ្ជី​វត្ថុ​សិល្បៈ​ដែល​នៅ​តាម​ប្រាសាទ​ទាំង​៩១​នេះ គឺ​មាន​គោលបំណង​ចងក្រង​ឯកសារ កំណត់​អត្តសញ្ញាណ​វត្ថុ​សិល្បៈ​ទាំងនោះ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ចល័ត​ឬ​បាត់បង់​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​។ នៅ​ក្នុង​ទម្រង់​នៃ​ការ​កំណត់​អត្តសញ្ញាណ​នេះ គឺ​បាន​ផ្តល់​ព័ត៌មាន​យ៉ាង​ជាក់លាក់​អំពី​ប្រភេទ​ចម្លាក់ ប្រភព វត្ថុ​ធាតុ ទំហំ ទីតាំង កាលបរិច្ឆេទ ថតរូប និង​ការ​ពិពណ៌នា​ផ្សេង​ៗ ហើយ​ព័ត៌មាន​ទាំង​នេះឯង​ដែល​អាច​ជួយ​សម្រួល​ដល់​ការងារ​ជួសជុល និង​ការ​ទាមទារ​ត្រឡប់​មក​វិញ​ក្នុង​ករណី​បាត់បង់​ណាមួយ ។

លោក​ឈូក សុ​ម៉ា​ឡា ថ្លែង​ថា «​ការងារ​ចុះបញ្ជី​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​រក្សា​កេរ​មរតក​បេតិកភណ្ឌ ដ្បិត​អតីត​រាជធានី​នៃ​ចក្រភព​អង្គរ មាន​វិសាលភាព​ធំធេង​ណាស់ ហើយ​នៅ​មាន​វត្ថុ​សិល្បៈ​ជា​ច្រើន​ទៀត​ដែល​កំពុង​នៅ​រាយ​ប៉ាយ​លើ​ដី និង​ក្រោម​ដី ដែល​ត្រូវ​បន្ត​ចុះបញ្ជី​កំណត់​អត្តសញ្ញាណ​វត្ថុ​ទាំងនោះ​ជា​បន្តបន្ទាប់ ។

តួយ៉ាង​ដូច​ជា ថ្មី​ៗ​នេះ ក្រុមការងារ​ចុះបញ្ជី​សារពើ​ភណ្ឌ​បាន​ប្រមូល​ចម្លាក់​ព្រះពុទ្ធ​បដិមា​និង​វត្ថុ​សិល្បៈ​ផ្សេង​ទៀត​ដែល​មាន​ចំនួន​៥៣១​បំណែក​ពី​រោង​ឆ្មាំ​ខាងត្បូង​ប្រាសាទអង្គរវត្ត យក​មក​រក្សា​ទុក​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ធ្វើការ​សិក្សា​បន្ថែម​រង់ចាំ​ការងារ​ជួសជុល​នា​ពេល​ខាង​មុខ »​។

កិច្ចការ​ចុះបញ្ជី​វត្ថុ​សិល្បៈ​បេតិកភណ្ឌ​រូបី​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​នៅ​តែ​បន្ត​ជា​ប្រចាំ ដើម្បី​ចូលរួម​ថែរក្សា និង​ការពារ​វត្ថុ​សិល្បៈ​នានា​នៅ​តាម​ប្រាសាទ​ទាំង​៩១ ឱ្យ​មាន​អត្តសញ្ញាណ​ច្បាស់លាស់ ទប់ស្កាត់​ការ​ចល័ត​និង​ការ​បាត់បង់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ