ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​ចោរសួរប៉ុន្មានម៉ាត់​ ធ្វើឱ្យ​អ្នក​រើស អេតចាយបាត់​លុយជាង១ពាន់​ដុល្លារ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ បាន​ប្រើ​ល្បិច​ឆបោក​ស្ត្រី​ចំណាស់​ម្នាក់កំពុង​ជិះ​កង់​ដើរ​រើស​អេ​ត​ចាយ​តាម​ផ្លូវ​ស្ងាត់ ហើយ​មានកាបូប​លុយ​ព្យួរ​ជាប់​នឹង​ដៃ​កង់ ។ ពេល​ឃើញ​បែប​នេះ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ជិត​រួច​បាន​ធ្វើ​ជា​សួរ​ថា​ «​មីង​ៗ​តើ​ស្គាល់​រោងចក្រ​ផលិត​សរសៃ​គុយទាវ​ឬ​អត់ ?»…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ បាន​ប្រើ​ល្បិច​ឆបោក​ស្ត្រី​ចំណាស់​ម្នាក់កំពុង​ជិះ​កង់​ដើរ​រើស​អេ​ត​ចាយ​តាម​ផ្លូវ​ស្ងាត់ ហើយ​មានកាបូប​លុយ​ព្យួរ​ជាប់​នឹង​ដៃ​កង់ ។ ពេល​ឃើញ​បែប​នេះ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ជិត​រួច​បាន​ធ្វើ​ជា​សួរ​ថា​ «​មីង​ៗ​តើ​ស្គាល់​រោងចក្រ​ផលិត​សរសៃ​គុយទាវ​ឬ​អត់ ?» ខណៈនោះ ​ស្ត្រី​អ្នក​រើស​អេ​ត​ចាយ បាន​ឆ្លើយឆ្លង​ជាមួយ​ភ្លេច​គិត​ការពារ​កាបូប​លុយ ស្រាប់តែ​ជន​នេះ​ឆក់​យក​កាបូប​ពី​ដៃ​កង់​របស់​គាត់ ​រួច​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​ភ្លាម​ៗ​នោះ ស្ត្រី​រង​គ្រោះ​បាន​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​កំពុង​ល្បាត​ជិត​នោះ បាន​ដេញ​ចាប់ខ្លួន​បាន​ភ្លាម​ៗ ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​មុខ​រោងចក្រ​ស័ង្កសី ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ជនសង្ស័យ​ខាងលើ​ឈ្មោះ ប៉ុក សុខ​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ។ ចំណែក​ស្ត្រី​រង​គ្រោះ ឈ្មោះ ទ្រី ជា អាយុ​៥៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​នោះ​ដែរ ហើយ​នៅ​ក្នុង​កាបូបយួរ​គាត់​នោះ​មាន​លុយ​ចំនួន​១.៦០០​ដុល្លារ ដែល​សន្សំទុក​រាប់​ឆ្នាំ​មក​ហើយ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ខាងលើ​បាន​ជិះ​កង់​ចេញពីផ្ទះ​ជួល ដើរ​រើស​អេ​ត​ចាយ​តាម​ផ្លូវ​ដោយ​មាន​កាបូប​លុយ​១​ព្យួរ​នៅ​ជាប់​នឹង​ដៃ​កង់​របស់​គាត់​ផង​ដែរ ។ ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​Zoomer-X ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FE-9942 ទៅ​ឈប់​ជិត រួច​ហើយ​ប្រើ​ល្បិច​ធ្វើ​ជា​សួរ​រក​រោងចក្រ​ផលិត​ស​សៃ​គុយទាវ ហើយ​ក៏​ឆក់​យក​កាបូប​លុយ​របស់​គាត់ ។ ភ្លាម​នោះ​ គាត់​ស្រែក​ខ្លាំង​ៗ​ថា ចោរ​ៗ​និង​រត់​ដេញ​តាម​ក្រោយ​ផង ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។ គាប់​ជួន​សំណាងល្អ ដោយ កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​កំពុង​ល្បាត​ជិត​នោះ​ស្រាប់ ក៏​ជួយ​ដេញ​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង ព្រមទាំង​ដកហូត​យក​បាន​កាបូប​លុយ​ប្រគល់​ជូន​គាត់​វិញ ។

បន្ទាប់​មក ​នាំ​ជនសង្ស័យ​ខាងលើ ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់ ។ មិនដឹង​ថា​ចោរ​ម្នាក់​នេះ​ដឹង​ថា​យាយ​រើស​អេ​ត​ចាយ​មាន​លុយ​ច្រើន​បែប​នេះ​ដាក់​តាម​ខ្លួន ឬ​យ៉ាងណា​នោះ​ទេ តែ​សម្រាប់​មនុស្ស​ទូទៅ​ឬ​ក៏​ចោរឆក់​ខ្លះ​ទៀត ប្រហែលជា​គ្មាន​ចេតនា ឆក់​កាបូប​លុយ​គាត់​នោះ​ឡើយ ព្រោះ​គាត់​ជា​ស្ត្រី​ក្រីក្រ​ដើរ​រើស​អេ​ត​ចាយ ៕ ​

អត្ថបទសរសេរ ដោយ