ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមរដូវ​វស្សា ប្រជា​កសិករ​សស្រាក់​សស្រាំ​​ដាំ​ដុះ​ស្រូវ​ចំការលើ​ខ្នងភ្នំ​​(​វី​ដេ​អូ)

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើមរដូវ​វស្សា​ឆ្នាំ​២០២០ បាន​ឈាន​ចូល​មក​ដល់ ប្រជា​កសិករ​ដែល​ជា​ជន​ជាតិ​ដើម​ភាគតិច រស់នៅ​តំបន់​ភ្នំ​នា​ខេត្តមណ្ឌលគិរី បាន​សស្រាក់សស្រាំ​ដាំ​ដុះ​ស្រូវ ចំការ​តាម​ទម្លាប់​ពី​បុរាណ ដោយ​នាំ​គ្នា​ធ្វើស្រែ​លើ​ខ្នងភ្នំ​។ គេ​តែងតែ​សង្កេត​ឃើញ​ថា…

ខេត្តមណ្ឌលគិរី ៖ ដើមរដូវ​វស្សា​ឆ្នាំ​២០២០ បាន​ឈាន​ចូល​មក​ដល់ ប្រជា​កសិករ​ដែល​ជា​ជន​ជាតិ​ដើម​ភាគតិច រស់នៅ​តំបន់​ភ្នំ​នា​ខេត្តមណ្ឌលគិរី បាន​សស្រាក់សស្រាំ​ដាំ​ដុះ​ស្រូវ ចំការ​តាម​ទម្លាប់​ពី​បុរាណ ដោយ​នាំ​គ្នា​ធ្វើស្រែ​លើ​ខ្នងភ្នំ​។

គេ​តែងតែ​សង្កេត​ឃើញ​ថា បងប្អូន​ជនជាតិ​ដើម​ភាគតិច នៅ​តែ​រក្សា​ទំនៀមទម្លាប់​ដាំ​ស្រូវចម្ការ​របស់​ពួក​គាត់ បើ​ទោះបី​ពេល​បច្ចុប្បន្ន​មាន​ឧបករណ៍​សម្ភារៈ​កសិកម្ម មាន​ភាព​ទំនើប​ក៏​ដោយ ក៏​ប្រពៃណី​ដាំ​ស្រូវ​មួយ​នេះ​នៅ​តែ​មាន​វត្តមាន​តាម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅឡើយ ។

ប្រពៃណី​ដាំ​ស្រូវចម្ការ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច នៅ​ក្នុង​ខេត្តមណ្ឌលគិរី ខុស​ប្លែក​ពី​ធ្វើ​ស្រូវ​រដូវវស្សា​របស់​បងប្អូន​ខ្មែរ​នៅ​ក្នុង​តំបន់​វាលទំនាប ត្រង់​ថា​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ដាំ​ស្រូវចម្ការ​របស់​ពួក​គាត់ គឺ​ពួក​គាត់​បាន​ប្រមូលគ្នា​ជា​សហគមន៍​ប្រវាសដៃ​គ្នា ការ​ដាំ​ស្រូវ​របស់​ពួក​គាត់ គឺ​ខុស​ប្លែក​ពី​តំបន់​ទំនាប​កណ្ដាល ត្រង់​ថា​ពួក​គាត់​បាន​ចោះ​ព្រៃ​តាម​តំបន់​ភ្នំ ហើយ​បុក​ដាំ​មិន​មានការ​ភ្ជួរ​រាស់​ដូច​តំបន់​ទំនាប​កណ្ដាល​នោះ​ទេ​។

ជាក់ស្ដែង​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ព្នង​រស់​ក្នុងភូមិ​ពូ​ត្រុំ សង្កាត់ សុខដុម ខេត្តមណ្ឌលគិរី បាន​និង​កំពុង​ចាប់ផ្ដើម​ដាំ​ស្រូវចម្ការ​របស់​ពួក​គាត់ ដាំ​នៅ​តាម​ជើងភ្នំ ចង្កេះភ្នំ​បណ្ដើរ​ៗ​ហើយ​។

ទាក់ទិន​ហ្នឹង​ការ​ដាំ​ស្រូវចម្ការ​តាម​របៀប​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ខាងលើ​នេះ​ដែរ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា ប្រពៃណី​ដាំ​ស្រូវ​ចម្ការ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​នេះ គឺ​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ បើ​ទោះ​បច្ចុ​ប្បន្ន​សម្ភារៈ​កសិកម្ម​មាន​ភាព​ទំនើប​យ៉ាងណា​ក៏​ដោយ ក៏​ពួក​គាត់​នៅ​តែ​បន្ដ​រក្សា​ទំនៀមទម្លាប់​ដើម​ដដែល ប៉ុន្តែ​មានការ​ប្រែប្រួល​ច្រើន ដោយ​ពួក​គាត់​ងាក​ទៅ​ដាំ​ដំណាំ​ផ្សេង​ៗ​វិញ ដូច​ជា​ស្វាយ​ចន្ទី និង​ដំឡូង​មី ព្រោះ​ដំណាំ​ទាំងនោះ​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​។ ពួក​គាត់​ចាប់ផ្ដើម​ដាំ​ស្រូវ​ចាប់ពី​ដើមខែ​មិថុនា រហូត​ដល់​ខែកញ្ញា ទើប​ចាប់ផ្ដើម​ប្រមូល​ផល​។

លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​២០២០​នេះ ផ្ទៃដី​ដាំ​ស្រូវចម្ការ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​នៅ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ចំពោះ​ដំណាំ​ស្រូវចម្ការ​ក្នុង​ខេត្ត​រួម​មាន ៖ កាលពី​ឆ្នាំ​២០១៩ អនុវត្ត​បាន​សរុប​ចំនួន​១.៦៤០ ហិ​កតា តិច​ជាង​ឆ្នាំ​២០១៨ ចំនួន ៤៨១ ហិ​កតា លុះ​ដល់​​ឆ្នាំ​២០២០ បើ​គិត​មក​ត្រឹម​ពេល​នេះ អនុវត្ត​បាន​ត្រឹម ចំនួន ៩៥ ហិ​កតា ប៉ុណ្ណោះ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ