ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​លោក​ឧកញ៉ា លី ហួរ គឺ​ដោយសារ​ស្ត្រី​មួយ​រូប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពាក្យចាស់​តែងតែ​ពោល​ថា នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​បុរស​ម្នាក់ គឺ​តែងតែមាន​ស្ត្រី​ចូលរួម​ចំណែក​យ៉ាង​ផុសផុល​។ តួយ៉ាង​លោក​ឧកញ៉ា លី ហួរ ដែល​ជា​សហគ្រិន​ជោគជ័យ​មួយ​រូប​នៅ​កម្ពុជា គឺ​មាន​ប្រវតិ​តស៊ូ​យ៉ាង​ខ្លាំងក្លា និង​ចាប់ផ្តើម​ដើមទុន​មុខ​ជំនួញ​ដំបូង​ត្រឹម…

រាជធានី​ភ្នំពេញ​៖ ពាក្យចាស់​តែងតែ​ពោល​ថា នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​បុរស​ម្នាក់ គឺ​តែងតែមាន​ស្ត្រី​ចូលរួម​ចំណែក​យ៉ាង​ផុសផុល​។ តួយ៉ាង​លោក​ឧកញ៉ា លី ហួរ ដែល​ជា​សហគ្រិន​ជោគជ័យ​មួយ​រូប​នៅ​កម្ពុជា គឺ​មាន​ប្រវតិ​តស៊ូ​យ៉ាង​ខ្លាំងក្លា និង​ចាប់ផ្តើម​ដើមទុន​មុខ​ជំនួញ​ដំបូង​ត្រឹម «​ជ្រូក​មួយ​ក្បាល​» និង​បច្ចុប្បន្ន ជា​ប្រធាន​ក្រុមហ៊ុន លី ហួរ គ្រុប ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​៨ និង​ត្រូវ​បាន​មហាជន​ចាត់ទុកជា​សេដ្ឋី​មួយ​រូប​នៅ​កម្ពុជា​ពិតជា​ទទួលស្គាល់​ថា​ ភាព​ជោគជ័យ​របស់​រូប​លោក​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​មានការ​រួមចំណែក​យ៉ាង​ធំធេង​ពី​លោក​ជំទាវ ព្រោះ​បើ​ពុំ​មានការ​ជួយ​ជ្រោមជ្រែង​ពីក្រោយ​របស់​លោក​ជំទាវ​ទេ​នោះ គឺ​ពុំ​មានជោគ​ជ័យ​ក្នុង​ដៃ​លោក​នា​ពេល​នេះ​ទេ ។

ថ្លែងប្រាប់​សហការី​នៃ​សារព័ត៌មាន​កោះសន្តិភាព​ពី​ការិយាល័យ​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង លោក​ឧកញ៉ា លី ហួរ បាន​ពោល​បញ្ជាក់​ជាមួយនឹង​ទឹកមុខ​មុតមាំ​លាយ​នឹង​ស្នាមញញឹម ថា «​ប្រាកដ​ណាស់ ចំណុច​នេះ​ពិតជា​ត្រឹមត្រូវ ជុំវិញ​ពាក្យ​លើក​ឡើង​ថា នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​បុរស​ម្នាក់ គឺ​តែងតែមាន​ស្ត្រី​ចូលរួម​ចំណែក​យ៉ាង​សកម្ម ។ លោក​ជំទាវ​របស់ខ្ញុំ គាត់​បាន​ជួយ​ច្រើន​ណាស់​។ ដើម្បី​ជោគជ័យ​ទៅ​បាន បើសិន​នៅ​ក្នុង​គ្រួសារ​មួយ ហើយ​ភរិយា​មិន​ជួយ​ជ្រោមជ្រែង ជួយ​លើកទឹកចិត្ត ហើយ​ចេះ​តែ​បង្ក​បញ្ហា​រករឿង​មិន​ឈប់ ប្រាកដ​ណាស់​វា​នឹង​ធ្វើ​ឲ្យ​បុរស​នឹង​គ្មាន​ស្មារតី គ្មាន​គំនិត​អី​នឹង​ទៅ​ប្រកប​របរ​រកស៊ី អ​ញ្ចឹ​ង​វា​នឹង​មិន​អាច​ជោគជ័យ​ទៅ​បាន​ទេ​»​។

លោក​ឧក​ញ្ញ៉ា លី ហួរ ដែល​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​និង​បច្ចុប្បន្ន​មានកូន​ប្រុស​ស្រី​ចំនួន ៤ រួប​បាន​មាន​ប្រសាសន៍​បន្ថែម​ថា «​អ្វី​ដែល​គេ​តែងតែ​ពោល​ថា ការងារ​នឹង​ជោគ ជ័យ​ទៅ​បាន​គឺ​មាន​ភរិយា​ជា​កម្លាំងចិត្ត​និង​ជួយ​ជម្រុញ​ពីក្រោយ​គឺជា​ការ​ពិត ។

ភាព​ជោគ ជ័យ​របស់ខ្ញុំ​គឺ​មានការ​រួមចំណែក​យ៉ាង​ធំធេង​ពី​លោក​ជំទាវ​របស់ខ្ញុំ ព្រោះ​លោក​ជំទាវ​គាត់​ពិតជា​លះបង់​គ្រប់​បែប​យ៉ាង​ទាំងអស់ លើកតម្កើង​គ្រប់យ៉ាង​ដើម្បី​គ្រួសារ ហើយ​អ្វី​ៗ​ទាំងអស់​ដែល​គាត់​បាន​ធ្វើ គឺ​ដើម្បី​កូន​ៗ​ទាំងអស់​។ គាត់​លះបង់​គ្រប់​បែប​យ៉ាង​ទាំងអស់ គាត់​ធ្វើ​គ្រប់យ៉ាង​ដើម្បី​តែ​គ្រួសារ​និង​កូន​ៗ ។ ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​មាន​ភរិយា​ល្អ​គ្រប់យ៉ាង​រហូត​ដល់​ខ្ញុំ​ប្រសិទ្ធ​នាម​ឲ្យ​គាត់​ថា​ជា​ឧត្តម​ភរិយា ហើយ​កូន​ៗ​ក៏​ដាក់​ងារ​ថា វីរ​មាតា ព្រោះ​គាត់​ខិតខំ​ណាស់ មិន​ដែល​ទំនេរ​ដៃ​នោះ​ទេ​ទាំង​ការ​ជួយ​ខាង​ជំនួញ និង​ការ​គ្រប់គ្រង​ផ្ទះសម្បែង​និង​មើលថែ​កូន​ៗ ដូច្នេះ​ភរិយា​ខ្ញុំ គាត់​តែងតែ​លើកទឹកចិត្ត​ខ្ញុំ​គ្រប់​បែប​យ៉ាង​និង​ជួយ​ខ្ញុំ​គ្រប់​បែប​យ៉ាង​ដើម្បី​ឲ្យ​ខ្ញុំ​ដើរទៅ​មុខ​។ យើង​មាន​កម្លាំងចិត្ត មាន​ពេលវេលា​ក្នុង​ការ​គិតគូរ​អំពី​អាជីវ​រកម្ម​ផ្សេង​ៗ​ដោយ​គ្មាន​ការ​ប្រឆាំង ការ​ជំទាស់ ការ​បង្កហេតុ​នាំ​បង្អាក់​ណាមួយ​ពី​ភរិយា ពី​ក្រុម​គ្រួសារ ទើប​ខ្ញុំ​ទៅ​មុខ​និង​ទទួល​ជោគជ័យ​ទៅ​បាន​» ។

នៅ​ពេល​សាកសួរ​បញ្ជាក់​ថា ក្រៅពី​ការ​ផ្តល់​ជា​កម្លាំងចិត្ត​ដែល​ជួយ​ឲ្យ​លោក​ឧកញ៉ា​ទទួល​បាន​ជោគជ័យ​ដូច​សព្វថ្ងៃ តើ​លោក​ជំទាវ​បាន​ធ្វើ​អ្វីខ្លះ​ទៀត​សម្រាប់​រូប​លោក​និង​គ្រួសារ​កូន លោក​ឧកញ៉ា ពោល​ឡើង​ដោយ​ទឹកមុខ​ពោរពេញ​ដោយ​មោទនភាព «​ការ​ពិត​ទៅ​លោក​ជំទាវ​មាន​ភារកិច្ច​ធំធេង​ណាស់ ក្នុង​ការ​ជួយ​ឲ្យ​ខ្ញុំ​ក្លាយជា​សហគ្រិន​ជោគជ័យ​មួយ​រូប​ក្នុងថ្ងៃនេះ ។ គាត់​បាន​ជួយ​គ្រប់គ្រង​ក្រុមហ៊ុន​មួយ ពេល​ខ្ញុំ​ពន្យល់​ណែនាំ​គាត់​នូវ​មុខ​ជំនួញ​នោះ គឺ​គាត់​ពិតជា​ធ្វើ​បាន​ជោគជ័យ​យ៉ាង​ល្អ​ក្នុង​មុខ​ជំនួញ​ហាង​ប្តូរ​ប្រាក់ ហើយ​កន្លែង​ប្តូរ​ប្រាក់ បើ​មិន​ពូកែ​គឺ​គ្រប់គ្រង​មិន​បាន​ទេ​។

ដូច្នេះ​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​លោក​ជំទាវ​ខ្ញុំ​គឺ​គាត់​ពូកែ​ណាស់ ទូរស័ព្ទ ៤​ទៅ​៥ គ្រឿង​ដែល​គាត់​ត្រូវ​ប្រើប្រាស់​ចាត់ចែង​ការងារ ក៏​ប៉ុន្តែ​ចំពោះ​កិច្ចការ​ផ្សេង​ៗ​ទៀត​ដែល​ខ្ញុំ​ជា​អ្នក​គិតគូរ​ផ្តួចផ្តើម​ធ្វើ លោក​ជំទាវ​មិន​ដែល​ជំទាស់​ទេ តែ​មាន​តែ​ការ​លើកទឹកចិត្ត ហើយ​ក៏​មិន​ចង់​ឲ្យ​មានការ​បង្កើត​អ្វី​ឲ្យ​ច្រើន​ទៀត​ដែរ ដោយសារ​តែ​គាត់​រវល់​នឹង​មុខ​ជំនួញ​របស់​គាត់ ហើយ​លៃលក​ពេលវេលា​ជួយ​គ្រប់គ្រង​មុខ​ជំនួញ​ផ្សេង​ទៀត​សឹង​មិន​បាន អ​ញ្ចឹ​ង​គាត់​មិន​ចង់​ឲ្យ​ខ្ញុំ​ហត់នឿយ​ជាង​នេះ​ទៀត​ទេ ដោយសារ​តែ​គាត់​ក៏​រវល់​នឹង​មុខ​ជំនួញ​របស់​គាត់ ហើយ​ខ្ញុំ​ក៏​រវល់​ដូច​គ្នា ។

តែ​យ៉ាងណាមិញ គាត់​តែងតែ​លើកទឹកចិត្ត​និង​ជម្រុញ​ចិត្ត​យើង​ជា​និច្ច ដែល​នេះ​ជា​កម្លាំងចិត្ត​ដ៏​ខ្លាំងក្លា​ធ្វើ​ឲ្យ​រូប​ខ្ញុំ​មាន​កម្លាំងចិត្ត​បំពេញការងារ​និង​មុខ​ជំនួញ​ដោយ​សុវត្ថិភាព ដោយ​ជោគជ័យ​បាន​។ អ​ញ្ចឹ​ង​សរុប​មក​វិញ ឧត្តម​ភរិយា​គឺ​សំខាន់​ណាស់​សម្រាប់​គ្រួសារ​នីមួយ​ៗ» ។ សូម​បញ្ជាក់​ថា លោក​ឧកញ៉ា លី ហួរ បច្ចុប្បន្ន​នេះ​មានកូន ៤ នាក់ ដែល​ក្នុង​នោះ​គឺ​មាន​ប្រុស​៣​នាក់ ស្រី​មួយ​នាក់​។ លោក​មាន​ជី​វប្រ​វត្ត​កំសត់​និង​ឆ្លា​ប់​បាន​ឆ្លងកាត់​នូវ​ការ​ធ្វើ​មុខ​ជំនួញ​គ្រោះថ្នាក់​ៗ​ដល់​ជីវិត​ជា​ច្រើន ។ លោក​គឺជា​កូន​កសិករ​ក្រីក្រ​ម្នាក់​ដែល​មាន​ដើម​កំណើត​នៅ​ឃុំ​ទ្រាន ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

លោក​ឧកញ៉ា គឺជា​កូនកំព្រា​ឪពុក​តាំង​តែ​ពី​អាយុ​៩​ឆ្នាំ​មក​ម្ល៉េះ​។ ដូច្នេះ​គ្រប់យ៉ាង​ដែល​មាននៅ​ក្នុង​ដៃ​របស់​លោក​ឧកញ៉ា លី ហួរ នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​មិនមែន​កើតឡើង​ត្រឹម​មួយ​ថ្ងៃ​នោះ​ទេ តែ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែល​មាននៅ​ក្នុង​ដៃ​របស់​លោក​នា​ពេល​នេះ​គឺ​កើត​ចេញពី​ការ​តស៊ូ​ក្នុង​មុខ​ជំនួញ​ជា​ច្រើន រាប់​ចាប់តាំងពី​ការ​ដឹក​អំពិល​ទុំ​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម ការ​ជួញដូរ​ទំនិញ​ពី​ព្រំដែន​ថៃ ធាក់​កង់​ដឹក​ស្ករត្នោត​ក្នុង​ចំងាយ​ដី​រាប់រយ​គីឡូម៉ែត្រ ជួញដូរ​ក្រណាត់​និង​ការ​កើត​នូវ​គំនិត​នៃ​ការ​លក់​ចល័ត​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ