ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​១​មេ​ធំ​លិច​ទាំង​​ផ្ទះ​និង​រោងចក្រ​មួយ​ចំនួន​ ធ្វើ​ឱ្យ​​កម្មករ​មិន​អាច​ធ្វើការ​​បាន (មានវីដេអូ)​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បន្ទាប់ពី​​ភ្លៀង​បាន​ធ្លាក់​១​មេ​ធំ​កាលពី​វេលា​ម៉ោង​ប្រហែល​ជិត​១​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ ​ធ្វើ​ឱ្យ​​ទឹក​ជន់​លិច​ភូមិឋាន​ រួម​​ទាំង​រោងចក្រ​មួយ​ចំនួន​​​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រហូត​ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​រោងចក្រ​ខ្លះ​មិន​អាចចេញ​ទៅ​​ធ្វើ​ការងារ​​បាន​​ឡើយ​ ។…

រាជធានី​ភ្នំពេញ ​៖ បន្ទាប់ពី​​ភ្លៀង​បាន​ធ្លាក់​១​មេ​ធំ​កាលពី​វេលា​ម៉ោង​ប្រហែល​ជិត​១​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ ​ធ្វើ​ឱ្យ​​ទឹក​ជន់​លិច​ភូមិឋាន​ រួម​​ទាំង​រោងចក្រ​មួយ​ចំនួន​​​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រហូត​ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​រោងចក្រ​ខ្លះ​មិន​អាចចេញ​ទៅ​​ធ្វើ​ការងារ​​បាន​​ឡើយ​ ។ ​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ដដែល​ រោងចក្រ​មួយ​ចំនួន​នោះ​ត្រូវ​បាន​បិទទ្វា​រ​ជា​បណ្ដោះអាសន្ន​​ចំនួន​១​ថ្ងៃ ដោយ​ខ្លាច​មានការ​ឆ្លង​ចរន្ត​អគ្គី​ស​នី​បណ្ដាល​ឲ្យ​ឆក់​កម្មករ​កម្មការិនី​ ឬ​ដោយ​ប្រការ​ណាមួយ ព្រោះ​ទឹកបាន​ហូរ​ចូល​លិច​ដល់​ម៉ា​សុ​ី​ន​សង្វា​ក់​ផលិតកម្ម​តែ​ម្ដង​។

​កម្មករ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅ​កាន់​រោងចក្រ​ដើម្បី​ចូល​ធ្វើការ​ដូច​រៀងរាល់ថ្ងៃ ប៉ុន្តែ​ពេល​ទៅ​ដល់​ បន្ទាប់​ពី​បានឃើញ​ស្ថានភាព​បែប​នេះ​អត់​ហ៊ាន​ចូល​ទៅ​កាន់​កន្លែងធ្វើការ​ឡើយ​ ហើយ​បាន​ត្រឹមតែ​នាំ​គ្នា​ជ្រួលច្រាល​នៅ​មុខ​រោងចក្រ​តែ​ប៉ុណ្ណោះ ហើយ​អ្នកខ្លះ​បាន​អង្គុយ​នៅ​លើ​តុ​នៅ​ក្នុង​រោង​បាយ និង​ខ្លះ​ទៀត​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ​ដែរ​ ។​ ម្យ៉ាងទៀត ​ភ្លៀង​​មួយ​​មេ​ធំ​នេះ​បាន​ធ្វើ​ឲ្យ​តំបន់​ខ្លះ​ដែល​មិន​ធ្លាប់​លិច​ទឹក​ពី​មុន​ផង ​ស្រាប់​តែ​ពេល​នេះ​ត្រូវ​ទឹក​ជន់​លិច ហើយ​មូលហេតុ​គឺ​បណ្ដាល​មក​ពី​កន្លែង​ខ្លះ​ចាក់​ដី​លុប​ប្រឡាយ​ហើយ​ដាក់​ជំនួស​មក​វិញ​ដោយ​លូ​តូច​ៗ​ធ្វើ​ឲ្យ​ទឹក​ស្ទះ​ហូរ​មិន​ទាន់​ឬ​ហូរ​យឺត​។

ជាក់ស្ដែង​ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ចំនួន​៣​រួម​មាន​ ១-​រោងចក្រ​កាត់ដេរ ហ៊ែ​ន​សាំ អិ​ល​ធី​ឌី​១(HANDSOME LTD-1), ២-​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សុ​ី​ដា​ប់បែល​យូ​ខេ​អេ​ជ​ហ្គា​មេន ខេ​ម​បូ​ឌា លី​មី​ធី​ត និង​៣-រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ហ៊ូ​លូ​ហ្គា​មេន ខូ អិ​ល​ធី​ឌី ដែល​រោងចក្រ​ទាំង​៣​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា និង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ​កម្មករ​មិន​អាច​ធ្វើការ​​បាន​​ទេ ព្រោះ​ទឹកបាន​ហូរ​ជន​់លិច​ដល់​ម៉ា​សុ​ី​សង្វា​ក់​ផលិតកម្ម​អស់​ទៅ​ហើយ រីឯ​ថៅកែក៏​​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ចូល​ធ្វើការ​ដែរ ព្រោះ​ខ្លាច​ឆ្លង​ចរន្តអគ្គិសនី​បណ្ដាល​ឲ្យ​ឆក់​ ឬ​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ដល់​កម្មករ នេះ​បើ​តាម​ការ​អះអាង​ពី​សន្តិសុខ​ដែល​យាម​នៅ​ទីនោះ​ ។​ មិនតែប៉ុណ្ណោះ​ក៏​នៅ​មាន​រោងចក្រ​មួយ​ចំនួន​ទៀត​ រួម​​ទាំង​​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ជា​ច្រើន​ និង​ផ្លូវថ្នល់​ផង​នៅ​តំបន់​នោះ​ និង​បណ្ដា​សង្កាត់​មួយ​ចំនួន​ទៀត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ត្រូវ​បាន​ទឹក​ជន់​លិច​ដូច​គ្នា​ផង​ដែរ​។

កម្មករ​បាន​និយាយ​ថា ពួក​គាត់​បាន​ធ្វើការ​នៅ​រោងចក្រ​ទាំងនេះ​ច្រើន​ឆ្នាំ​មក​ហើយ​មិន​ដែល​ជួប​ប្រទះ​ទឹក​ជន់​លិច​ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​បែប​នេះ​ទេ ។ កន្លង​មក​ទោះបីជា​លិច​ក៏​អាច​នៅ​ធ្វើការ​បាន​ដែរ ព្រោះតែ​ក្រោយ​ពេល​ភ្លៀង​ធ្លាក់​រួច​លិច​មិនយូរ​ប៉ុន្មាន​ទេ​និង​ស្រក​ទៅ​វិញ​ហើយ ។ ដោយឡែក​នៅ​ឆ្នាំ​នេះស្រាប់តែ​ទឹក​ជន់​លិច​ទាំង​ផ្លូវ ​ហើយ​ហូរ​ចូល​ទៅ​ក្នុង​រោងចក្រ​លិច​កន្លែងធ្វើការ​និង​ម៉ា​សុ​ី​សង្វា​ក់​ផលិតកម្ម​បែប​នេះ​។​ដូច្នេះ​ជាបឋម​នោះ​ពួក​គាត់​មិន​ហ៊ាន​ចូល​ទៅ​ធ្វើការ​ឡើយ​មាន​តែ​ត្រឡប់​ទៅ​ផ្ទះ​វិញ​សិន​ទេ ព្រោះ​ខ្លាច មានការ​ឆ្លង​ចរន្តអគ្គិសនី​ បណ្តាល​ឱ្យ​ឆក់​ ឬអាច​​មាន​គ្រោះថ្នាក់ណាមួយកើតឡើង​ ទាល់តែ​ទឹក​ស្រក​អស់​ឬ​ខាង​រោងចក្រ​ដាក់​ម៉ា​សុ​ី​ន​បូម​ចេញ​អស់​ ទើប​ហ៊ាន​ចូល​ទៅ​ធ្វើ​ជា​ធម្មតា​ដូច​រាល់ថ្ងៃ​បានជា​បន្ត​ទៀត​។

ចំណែក​អ្នក​ភូមិ​នៅ​តំបន់​នោះ​បាន​និយាយ​ថា យប់មិញ​ភ្លៀង​ខ្លាំង​ និង​រយៈពេល​យូរ​ទើប​រាំង ម្យ៉ាង​ដោយសារ​តែ​ការ​អភិវឌ្ឍន៍​មានការ​ចាក់​ដី​លុប​ត្រពាំង​ស្រះ​និង​ថ្លុក​គ្រប់កន្លែង ជា​ពិ​េ​សស​កន្លែង​ខ្លះ​ចាក់​ដី​លុប​ប្រឡាយ​ហើយ​ដាក់​ជំនួស​មក​វិញ​ដោយ​ប្រព័ន្ធ​លូ​តូច​ៗ​ផង​នោះ ​ទើប​​ធ្វើ​ឲ្យ​ទឹក​ដក់​ជន​់​លិច​គ្រប់​ផ្លូវថ្នល់​និង​ផ្ទះសម្បែង​ជា​ច្រើន​ ​ហើយ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​ថែម​ទៀត​នោះ​គឺ​នៅ​កន្លែង​មួយ​ចំនួន​ដែល​មិន​ធ្លាប់​លិច​ពី​មុន​រាប់​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ​បែរ​ត្រូវ​បាន​ទឹក​លិច​ដែរ​ហើយ ព្រោះតែ​មូលហេតុ​ខាងលើ​នោះ រីឯ​កន្លែង​ដែល​ធ្លាប់​ទឹក​លិច​ក៏​កាន់តែ​លិច​ខ្លាំង​ឡើង​ថែម​ទៀត​។

លោក​វ៉ា សា​វឿ​ន ចៅសង្កាត់​ចោម​ចៅ​ទី​៣​បាន​ប្រាប់​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​រៀបចំ​កាយ​ប្រឡាយ​និង​ដាក់​ប្រព័ន្ធ​លូ​ធំ​ៗ​រួច​អស់ហើយ​មិន​មាន​លូ​តូច​ទេ ប៉ុន្តែ​ដោយសារ​តែ​ភ្លៀង​ខ្លាំង​ម្យ៉ាង​ទឹក​បុក​គ្រប់ទី​កន្លែង​ ទើប​លិច​ ហើយ​​ទឹក​ច្រើន​ទើប​មានការ​ហូរ​យឺតយ៉ាវ ហើយ​ពិតជា​មាន​រោងចក្រ​មួយ​ចំនួន​ត្រូវ​ទឹក​ជន់​​លិច​មែន តែ​លោក​មិន​បានដឹង​ថា​ត្រូវ​ផ្អាក​ឬ​បិទ​បណ្ដោះអាសន្ន​នោះ​ទេ ​។ ​ប៉ុន្តែ​តាម​ការ​ដែល​លោក​ចុះ​ត្រួតពិនិត្យ​មើល​ជាក់ស្ដែង​រហូត​ដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ផ្លូវ​មួយ​ចំនួន​ដែល​ត្រូវ​ទឹក​លិច​បាន​ស្រក​ទៅ​វិញ​ខ្លះ​ៗ​ហើយ ចំណែក​រោងចក្រ​មួយ​ចំនួន​ក៏​បាន​ដាក់​ម៉ា​សុ​ី​ន​បូមទឹក​ចេញ​បណ្ដើរ​ៗ​ហើយ​ដែរ​។

លោកចៅសង្កាត់ចោមចៅទី៣​បានបន្ត​ថា ​រីឯ​ការជន់​​លិច​នេះ​គឺ​មាន​មូលហេតុ​ផ្សេង​ៗ​ដូច​ជា​រោងចក្រ​ខ្លះ​បាន​សាងសង់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ និង​ដោយសារ​តែ​ការ​អភិវឌ្ឍន៍​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ខ្លះ​បាន​ស្ថាបនា​២​ទៅ​៣​ដង​មក​ហើយ​ ដូច្នេះ​ធ្វើ​ឲ្យ​រោងចក្រ​ទាប​ជាង​ផ្លូវ​ទើប​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ត្រូវ​ទឹក​ជន់​លិច ហើយ​បើ​ទោះជា​បែប​ណា​ អាជ្ញាធរ​សង្កាត់​និង​ខណ្ឌ​បាន​ខ្វល់ខ្វាយ​ខ្លាំង​ណាស់​លើ​បញ្ហា​នេះ ហើយ​តែង​បាន​ចុះ​មើល​និង​មាន​វិធានការ​គ្រប់ពេល​វេលា​ មិន​ព្រងើយកន្តើយ​ឡើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ