ស្ថានទូត​ខ្មែរ​នៅ​អា​មេ​រិ​ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រយ័ត្ន​ខ្ពស់ ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ពី​បាតុកម្ម​តវ៉ា​នៅ​អា​មេ​រិ​ក


រាជធានី​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​អា​មេ​រិ​កបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សិស្ស និង​និស្សិត​ខ្មែរ​ទាំងអស់ ដែល​កំពុង​រស់នៅ ស្នាក់​នៅ និង​សិក្សា​នៅ​ទីនោះ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ក្នុង​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន ។

ការ​ប្រាប់​របស់​ស្ថានទូត​ខ្មែរ​នេះ ស្រប​ពេល​ដែល​ស្ថានការណ៍​កំពុង​ច្របូកច្របល់ និង​ហានិភ័យ​ដែល​អាច​កើត​មាន​ពី​បាតុកម្ម​តវ៉ា​កំពុង​រីក​រាលដាល​កាន់តែ​មាន​ភាព​ហិង្សា​នៅ​តាម​បណ្ដា​ទីក្រុង​នានា​នៅ​សហរដ្ឋអាមេរិក ។

យោង​តាម​សេចក្ដី​អំពាវនាវ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១ មិថុនា បាន​ឲ្យ​ដឹង​ថា ស្ថានទូត​សូម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​ក៏​ដូច​ជា ទ្រព្យសម្បត្តិ​ដូច​ខាងក្រោម ៖ ស្ថិត​នៅ​ឲ្យ​បាន​ឆ្ងាយ​ពី​ការ​ជួបជុំ ឬ​ប្រមូលផ្ដុំ​នានា ទោះបី​ក្រោម​រូបភាព ឬ​មូលហេតុ​អ្វី​ក៏​ដោយ ជៀស​វាស និង​ព្យាយាម​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត​ចំពោះ​ការ​ចេញ​ទៅ​ខាងក្រៅ ។

ក្នុង​ករណី​ចាំបាច់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ពី​ការ​ឆ្លង​ជំងឺ និង​ហានិភ័យ​ជាយថាហេតុ បណ្ដាល​មក​ពី​បាតុកម្ម ។
សូម​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​បំរាម​គោចរ និង​បំរាម​នានា​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ខ្លួន​កំពុង​ស្ថិត​នៅ ក្នុង​ករណី​មាន​អាសន្ន សូម​ទាក់ទង​អាជ្ញាធរ​មូលដ្ឋាន​មាន​សមត្ថកិច្ច ដើម្បី​ជួយ​អន្តរាគមន៍ ។

សូម​ជម្រាប​ថា បាតុកម្ម​តវ៉ា​នៅ​អា​មេ​រិ​ក​នេះ បាន​ផ្ទុះ​ឡើង​ក្រោយ​ពេល​ដែល​បុរស​ស្បែក​ខ្មៅ​លោក George Floyd មាន​វ័យ​៤៦​ឆ្នាំ បាន​ស្លាប់​ដោយសារ​មន្ត្រី​ប៉ូលិស​ស្បែក​ស ចាប់ខ្លួន​រូប​គាត់ និង​បាន​គ្រៀក​ផ្ទប់​នឹង​ដី ដោយ​យក​ជង្គង់​សង្កត់ក របស់​គាត់ រយៈពេល ៨​នាទី កាលពី​ល្ងាច​ថ្ងៃ​ចន្ទ នៅ​ក្រុង Minneapolis រដ្ឋ Minnesota ។ ហើយ​រហូត​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​អា​មេ​រិ​ក​កាំ​ង​ជាង​៤០​ទីក្រុង​បាន​ផ្ទុះ​ការ​ធ្វើ​បាតុកម្ម ។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អា​មេ​រិ​កបាន​ទទួល​ព័ត៌មាន​អំពី​ការ​ខូចខាត​ធុរៈកិច្ច (Business) និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ខ្មែរ​យើង​មួយ​ចំនួន​នៅ​ទីក្រុង Long Beach ដោយ​បាតុកម្មហិង្សា នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ កន្លង​មកនេះ ។

ស្ថានទូត​សូម​ចូលរួម​សំដែង​ការ​សោកស្តាយ ហើយ​មានការ​ព្រួយបារម្ភ​ថា ករណី​បែប​នេះ​ក៏​អាច​កើត​មាន​ផង​ដែរ ចំពោះ​បងប្អូន​ខ្មែរ​យើង​នៅ​តាម​ទីក្រុង​ផ្សេង​ៗ​ទៀត ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ