ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹងកម្លាំងការពារសន្តិសុខនៅ​ច្រក​ទ្វារ​ព្រំ​ដែន​ប៉ោយ​ប៉ែត​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ ​និង​សមត្ថកិច្ច​ចម្រុះ​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោកង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្ត លោក គឹ​ម វណ្ណៈ…

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ ​និង​សមត្ថកិច្ច​ចម្រុះ​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោកង៉ោ ម៉េ​ង​
ជ្រួ​ន អភិបាលរង​ខេត្ត លោក គឹ​ម វណ្ណៈ អភិបាលរង​ខេត្ត លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត រួម​ទាំង​មេបញ្ជាការ​អាវុធហត្ថ លោកស្នងការ​រង​ខេត្តនៅ​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ២០២០ បាន​ដឹកនាំ​កម្លាំង​ពង្រឹង​សន្តិសុខ​ការពារ​សណ្តាប់ធ្នាប់​យ៉ាង​តឹង​រឹង​ជា​លើក​ទី​២ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ពិសេស​នៅ​ចំណុច​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​ទប់ស្កាត់​ការ​ប៉ុនប៉ង​ធ្វើ​បាតុកម្ម ពី​ក្រុម​ណាមួយ​ដែល​ប្រកាស​កន្លង​មក ។

ផ្លូវ​វាង​ពី​ទឹកដី​កាស៊ីណូ ​ឆ្ពោះទៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ គេ​ឃើញ​សមត្ថកិច្ច​បាន​ដាក់​បា​រ៉ា​ស់​ត្រួតពិនិត្យ​មិន​ឲ្យ​អ្នក​គ្មាន​ភារកិច្ច​ណា​ម្នាក់​ឆ្លងកាត់​ឡើយ ។ ទោះជា​បែប​នេះ​ក្តី នៅ​ថ្ងៃ​ទី​១ មិថុនា មិន​មាន​បាតុភាព​ណា​មួយ​កើតឡើង​ទេ​។ ដោយឡែក​លើ​ដងផ្លូវ​ជាតិ​លេខ​៥ មុខ​ការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយ​ប៉ែ​ត សមត្ថ​កិច្ច​ក៏​បាន​ដាក់​បា​រ៉ា​ស់​ត្រួតពិនិត្យ​អ្នក​ឆ្លងកាត់​ចេញចូល​ច្រក​ទ្វារ​អន្តរជាតិ​ដូច​គ្នា ។ នៅ​តាម​ដើមផ្លូវ​បត់​ចូល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កម្លាំង​តាម​គោលដៅ​នីមួយ​ៗ មាន​ទាំង​ខែល​ការពារ ទប់ទល់​ទៀត​ផង ។

សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​និង​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​បាន​ចុះ​ល្បាត​តាម​ដងផ្លូវ​ជា​ច្រើន​នាក់ ។ អំឡុង​ពេល​សមត្ថ​កិច្ច​ពង្រឹង​សន្តិសុខ​នេះ មនុស្ស​មួយ​ចំនួន​ដែល​គ្មាន​ភារកិច្ច ហើយ​នាំ​គ្នា​ផ្តិត​យក​រូបភាព​ឬ​ឡាយ​ក៏​ត្រូវ​សមត្ថ​កិច្ច​ហាមឃាត់ មិន​ឲ្យ​ធ្វើការ​ថតរូប​ភាព​ឬ​ឡាយ​(Live) តាម​បណ្តាញ​សង្គម​នោះ​ទេ ។ ស្ថានភាព​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ស្ងប់ស្ងាត់​តាំងពី​ព្រឹក​ព្រលឹម រហូត​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល ទើប​រថយន្ត​ដឹក​ទំនិញ​របស់​ថៃ ហ៊ាន​ធ្វើ​ចរាចរ​ចូល​មក​កម្ពុជា​ឡើង​វិញ ។

ឈ្មួញ​ខ្មែរ​ដែល​រកស៊ី​ទិញ​លក់​ត្រី​ដឹក​មក​ពី​ថៃ បាន​សម្តែង​កា​ព្រួយបារម្ភ​ថា ត្រី​ពួក​គាត់​អាច​នឹង​ខូច ប្រសិន​បើ​មិន​អាច​ឆ្លង​ព្រំដែន​ចូល​មក​កម្ពុជា​ថ្ងៃនេះ ។ ថ្វី​ត្បិត​នៅ​រសៀល​ថ្ងៃ​ដដែល រថយន្ត​ថៃ​អាច​ធ្វើ​ចរាចរ​ចេញ​ចូល​កម្ពុជា​បាន តែ​ការ​រឹត​បន្តឹង​សន្តិសុខ និង​ការពារ​សណ្តាប់ធ្នាប់​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​កម្ពុជា​នៅ​តែ​បន្ត​ធ្វើ​យ៉ាង​តឹង​រឹង​តាម​គោលដៅ​នីមួយ​ៗ​ដដែល ។

ក្នុង​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​កម្ពុជា​ថៃ​ដែល​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក ង៉ោ ម៉េ​ង​ជ្រួ​ន លោក គឹ​ម វណ្ណៈ អភិបាលរង​ខេត្ត លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត អម​ដោយ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​នាក់ ។ ភាគី​ថៃ​ដឹកនាំ​ដោយ​លោក វរៈ ផា​ន់​ស៊ុ​វ៉ា​ន់​នុ​ត អភិបាលខេត្ត​ស្រះ​កែវ និង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​បាន​ជួប​ចាប់ដៃ​គ្នា​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ២​លើក ដោយ​កាលពី​វេលា​ព្រឹក​ពិភាក្សា​គ្នា​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ធ្វើ​យ៉ាងណា​ឲ្យ​ស្ពាន​ព្រំដែន​ខាងលើ​ធ្វើ​ចរាចរ ដឹក​ទំនិញ​ឆ្លងកាត់​ជា​ប្រក្រតី និង​រសៀល​នេះ​ភាគី​កម្ពុជា​ស្នើ​សុំ​ទៅ​ភាគី​ថៃ ៖

ទី​១-​ឲ្យ​ពលរដ្ឋ​កម្ពុជា​ចេញ​-​ចូល​ទៅ​ប្រកប​អាជីវកម្ម​នៅ​ក្នុងស្រុក​អារញ្ញ ពិសេស​ផ្សារ​រុង​ក្លឿ​ដូច​ដើម ។
ទី​២-​ឲ្យ​កម្មករ​អូស​រទេះ​ចេញ​-​ចូល​និង​មាន​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ ព្រោះ​យោង​ទៅ​លើ​ស្ថានភាព​កូ​វី​ដ​១៩ នៅ​ស្រុក​អារញ្ញ​ថៃ និង​ក្រុង​ប៉ោយ​ប៉ែ​ត​កម្ពុជា ពេល​នេះ​គ្មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​ថ្មី​ទៀត​ឡើយ និង​សំណើ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

មុន​នេះ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ធ្វើ​លិខិតស្នើ​សុំ​ទៅ​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ គ្រោង​អ្នកចូលរួម​ធ្វើ​បាតុកម្ម​ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ​១.៥០០​នាក់ មាន​អា​ជីករ​និង​កម្មករ​អូស​រទេះ អ្នក​រត់​ម៉ូតូឌុប និង​រត់​កង់​បី ដើម្បី​ទាមទារ​សុំ​ឱ្យ​ភាគី​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​ថៃ​-​កម្ពុជា ឱ្យ​អាជីវករ​បាន​ចូល​លក់ដូរ និង​កម្មករ​អូស​រទេះ​ចេញចូល​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ ដូច​ធម្មតា​ឡើង​វិញ និង​ព្រមាន​ថា បើ​ភាគី​ថៃ​មិន​បើក​ទេ ធ្វើ​បាតុកម្ម​បិត​រថយន្ត​ដឹក​ទំនិញ​ថៃ​មិន​ឱ្យ​ចូល​មក​កម្ពុជា​ដូច​គ្នា ។

អភិបាល​ខេត្តបន្ទាយមានជ័យ​ឯកឧត្តម អ៊ុំ រាត្រី បាន​បញ្ជាក់​ថា ការ​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ​នេះ​គឺ​ភាគី​ថៃ​បិទ​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​ដោយ​កូ​វី​ដ​១៩ ហើយ​ត្រូវ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​បន្ត​១​ខែ​ទៀត​រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២០ ៕


អត្ថបទសរសេរ ដោយ