ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែកពូជ​​ស្រូវសែន​ក្រអូប១០​តោន​ជូន​ប្រជា​កសិករ​ក្នុង​​ស្រុក​បរិបូណ៌

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សម្ដេចចៅហ្វា​វាំង គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​ស្រូវ​វស្សា​ក្នុងឆ្នាំនេះ​ឱ្យ​បាន​ច្រើន​ដើម្បី ផ្គត់ផ្គង់ ជីវភាព​គ្រួសារ​និង​នាំ​ចេញ​ទៅ​ក្រៅ…

ខេត្តកំពង់ឆ្នាំង ៖ សម្ដេចចៅហ្វា​វាំង គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​ស្រូវ​វស្សា​ក្នុងឆ្នាំនេះ​ឱ្យ​បាន​ច្រើន​ដើម្បី ផ្គត់ផ្គង់ ជីវភាព​គ្រួសារ​និង​នាំ​ចេញ​ទៅ​ក្រៅ ។ សម្តេចបាន​​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចែក​ពូជស្រូវ​សែន​ក្រអូប​ចំនួន១០តោន ជូន​ប្រជា​កសិករ​ក្នុងស្រុក​បរិបូណ៌​កាលពី​ព្រឹក​ថ្ងៃ​ទី៣០ ខែឧសភា​ ឆ្នាំ២០២០ នៅ​ឃុំ​អញ្ចាញ​រូង ​ស្រុក​បរិបូណ៌ ។

​សម្ដេច​បាន​បន្ត​ថា​ ស្រូវពូជ​ដែល​បាន​ចែក​ជូន​បងប្អូន​នា​ពេល​នេះ​គឺ​ឈ្មោះ​ស្រូវពូជ​សែន​ក្រអូប សម្រាប់​ឲ្យ​បងប្អូន​យក​ទៅ​ធ្វើការ​ដាំ​ដុះ ដើម្បី​សម្រាប់​ទទួលទាន​ផង​ ​និង​បន្ត​ទុក​ពូជ​ឆ្នាំ​ក្រោយ​ៗ​ទៀត​។ ជាមួយនឹង​ការ​ដាំ​ដុះ​នេះ​ដែរ ​សម្ដេច​ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​យកចិត្តទុកដាក់​ថែរក្សា​ដាក់​ជី​ ដាក់​ទឹក​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ដើម្បី​បាន​ទិន្នផល​ខ្ពស់​។

ជាង​នេះ​ទៅ​ទៀត​ សម្ដេចចៅហ្វា​វាំង គង់ សំ​អុល នៅ​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​អនាម័យ ដោយ​លាងដៃ​នឹង​សាប៊ូ ឬ​អាល់​កុល​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ចៀសវាង​ការ​ឆ្លង​ជម្ងឺ កូ​វីដ១៩ ។

តាម​ការ​បញ្ជាក់​របស់​លោក ហិន ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ​ពូជស្រូវ​សែន​ក្រអូប​ដែល​បាន​ចែក​ជូន​ប្រជា​កសិករ​ចំនួន១០​តោន​នៅ​ស្រុក​បរិបូណ៌​​នា​​ពេល​នេះ​គឺ​មាន​ចំនួន៧ឃុំ​ គឺ​ឃុំ​អញ្ចាញ​រូង ឃុំ​ចក ឃុំ​ពេជ្រ​ចង្វា ឃុំ​ផ្សារ ឃុំ​ពពេល និង​ឃុំ​ពន្លៃ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន២៨០គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ស្រូវពូជ២៥​គីឡូក្រាម ។ បន្ថែម​ពីលើ​ការ​ចែក​ស្រូវពូជ នេះ​ដែរ ​សម្ដេច​ចៅ​ហ្វា​វាំង គង់​សំ​អុល ក៏​បាន​ចែក​ជូន ក្នុង​មួយ​គ្រួសារសារុង១ ​និង​ថវិកា២ម៉ឺន​រៀល​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ