ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំ​ណាស់​លោក​ចោរ ហ៊ាន​លួច​ម៉ូតូ​នគរបាល​ប៉ុស្តិ៍​ផង !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ពិតជា​ថ្លើមធំ​ពាសមេឃ​មែន ដោយ​បាន​ហ៊ាន​ធ្វើ​សកម្មភាព​លួច យក​ម៉ូតូ​ធំ​១​គ្រឿង​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​ម្នាក់ មាន​ទាំង​បិទ​ឡូ​ហ្គោ POLIC និង​ពាក់​ស្លាក​លេខ​នគរបាល​ផង​ដែរ​។ ខណៈ​ពេល​ដែល​ម៉ូតូ​នេះ​ខូច…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ពិតជា​ថ្លើមធំ​ពាសមេឃ​មែន ដោយ​បាន​ហ៊ាន​ធ្វើ​សកម្មភាព​លួច យក​ម៉ូតូ​ធំ​១​គ្រឿង​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​ម្នាក់ មាន​ទាំង​បិទ​ឡូ​ហ្គោ POLIC និង​ពាក់​ស្លាក​លេខ​នគរបាល​ផង​ដែរ​។ ខណៈ​ពេល​ដែល​ម៉ូតូ​នេះ​ខូច ហើយ​មន្ត្រី​នគរបាល នោះ​បាន​នាំ​យក​ទៅ​ឲ្យ​ជាង​ជួសជុល​ម៉ូតូ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ជួយ​ជួសជុល​ឲ្យ និង​ផ្ញើ​ទុក​នៅ​ទីនោះ​។

ប៉ុន្តែ​សកម្មភាព​ខាងលើ​មិន​អាច​គេច​ផុត​ពី ភ្នែក​នគរបាល​ឡើយ ទី​ផុត​ក្រោយ​ពេល​លួច​យក​ទៅ​ដល់​ក្នុងភូមិ​សាស្ត្រ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ បាន​ជួប​កម្លាំង​នគរបាល​កំពុង​ល្បាត​ក៏​ចាប់ខ្លួន និង​ដកហូត​យក​បាន​មក​វិញ​។ ហេតុការណ៍​នោះ បាន​កើតឡើង​វេលា​ម៉ោង​ប្រ​ហែ​១​យប់ រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ និង​ចាប់ខ្លួន​ជនសង្ស័យ បាន​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ដដែល​នោះ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស​ខាងកើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ផ​ន ភក្តី អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​បឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក Honda SL ពណ៌​ទឹកប្រាក់​បិទ​ស្កុ​ត​ត្រួយ​ចេក​១​គ្រឿង ស៊េរី​ឆ្នាំ​១៩៩៧ ពាក់​ស្លាក​លេខ នគរបាល 1-8801 និង​មាន​បិទ​ឡូ​ហ្គោ​POLIC ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឡុ​ច លី​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ខណ្ឌចំការមន​។

នគរបាល​ប៉ុស្តិ៍​ព្រៃ​សបាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ម៉ូតូ​នោះ​ខូច ហើយ​មន្ត្រី​នគរបាល​ខាងលើ​បាន​នាំ​យក​ទៅ​ឲ្យ​ជាង​ជួសជុល ម៉ូតូ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ជួយ​ជួសជុល​ឲ្យ និង​បាន​ផ្ញើ​ទុក​នៅផ្ទះ​ជាង​នោះ​សិន ព្រមទាំង​បាន​យក​ខ្នោះដៃ​ទៅ​ចាក់​កង់​មុខ​ជាប់​ជាមួយ​ជំ​ពាស់ មុខការ​ពារ​ត្រឹមត្រូវ​ផង​ដែរ​។ លុះ​យប់​ជាង​មិន​បាន​យក​ម៉ូតូ​នេះ​ទុក​ក្នុងផ្ទះ​ទេ គឺ​បាន​បាន​ទុក​នៅ​មុខ​ផ្ទះ នៅ​តាម​ចិញ្ចើម​ផ្លូវ​លេខ​២៧១ ខណៈនោះ​ក៏​ត្រូវ​បាន​ជនសង្ស័យ​ខាងលើ ធ្វើ​ស្ម្ម​ភាព​លួច​លើកដាក់​រទេះ អេ​ត​ចាយ​ដឹក​យក​ទៅ​បាត់​ស្រមោល ហើយ​ជាង​មិន​បានដឹង​ឡើយ ព្រោះ​រវល់​ដេក​លក់​។

ម្យ៉ាងទៀត​ក៏​មិន​នឹក​ស្មានថា​ចោ​រថ្លើមធំ​ពាសមេឃ​ហ៊ាន​លួច​ដែរ ព្រោះ​ម៉ូតូ​នោះ​ជា​របស់​នគរបាល មាន​បិទ​ឡូ​ហ្គោ​POLIC និង​ពាក់​ស្លាក​លេខ​នគរបាល​ថែម​ទៀត​។ ចំណែក​ជនសង្ស័យ​ក្រោយ​ពី លួច​បាន​សម្រេច​ដឹក​ទៅ​ដល់​ត្រង់​តាម​ផ្លូវ​បេតុង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស​ខាងកើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ក៏​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស​ល្បាត​ប្រទះ​ឃើញ​ចាប់ខ្លួន និង​ដកហូត​យក​ម៉ូតូ បាន​មក​វិញ​រួច​នាំ​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ