ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ធ្វើ​ត្រី​មិន​ត្រឹមតែ​អាច​​ដោះ​ស្រាយ​ជីវ​ភាព​ទេ ថែម​ទាំង​បាន​ម្ហូប​ទៅ​ផ្ទះ​​ទៀត​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​ទោះជា​រយៈពេល​ជាង​២​ខែ​នេះ​ជា​សម័យ​កូ​វី​ដ​១៩​ហើយ​ភាគី​ថៃ​បាន​បិទ​ព្រំដែន​ថ្មើរជើង ប៉ុន្តែ​ក្រុម​កម្មករ​ធ្វើ​ត្រី​មាន​ទាំងប្រុស មាន​ទាំងស្រី​ចំនួន​៦០​នាក់​នៅ​តែ​មាន​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​តាម​រយៈ​អាជីវករ​នាំ​ត្រី​ឆ្លងកាត់​របស់​ពួក​គេ​ដែល​ធ្លាប់​ធ្វើការ​នៅ​ផ្សារ​រុង​ក្លឿ​ដូច​ដើម និង​ថែម​ទាំង​បាន​ត្រី ឬ​ក្បាល​ត្រី​យក​ទៅ​ធ្វើ​ម្ហូប​ទទួលទាន​ទៀត​ផង​។ ស្តង់​លើកដាក់​ត្រី​ទឹក (​ត្រី​ឆ្លងកាត់​) មួយ​កន្លែង​នៅ​ក្នុងភូមិ​ក្បាលស្ពាន​១…

ខេត្តបន្ទាយមានជ័យ ៖ បើ​ទោះជា​រយៈពេល​ជាង​២​ខែ​នេះ​ជា​សម័យ​កូ​វី​ដ​១៩​ហើយ​ភាគី​ថៃ​បាន​បិទ​ព្រំដែន​ថ្មើរជើង ប៉ុន្តែ​ក្រុម​កម្មករ​ធ្វើ​ត្រី​មាន​ទាំងប្រុស មាន​ទាំងស្រី​ចំនួន​៦០​នាក់​នៅ​តែ​មាន​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​តាម​រយៈ​អាជីវករ​នាំ​ត្រី​ឆ្លងកាត់​របស់​ពួក​គេ​ដែល​ធ្លាប់​ធ្វើការ​នៅ​ផ្សារ​រុង​ក្លឿ​ដូច​ដើម និង​ថែម​ទាំង​បាន​ត្រី ឬ​ក្បាល​ត្រី​យក​ទៅ​ធ្វើ​ម្ហូប​ទទួលទាន​ទៀត​ផង​។

ស្តង់​លើកដាក់​ត្រី​ទឹក (​ត្រី​ឆ្លងកាត់​) មួយ​កន្លែង​នៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត គេ​ឃើញ​ថា មាន​កម្មករ​ប្រុស​ស្រី​ជា​ច្រើន​នាក់​បាន​ធ្វើ​ត្រី (​វះងៀត​) ឲ្យ​ថៅកែ​ខ្មែរ​មុន​នាំ​ចេញ​ទៅ​ថៃ ដោយ​ខ្លះ​ជា​អ្នក​វេច​ខ្ចប់​ច្រក​ថង់ និង​ភាគច្រើន​ជា​អ្នក​កោស​ត្រី​ឲ្យ​អស់​ស្រកា រួច​វះ​ជា​ងៀត។

សាកសួរ​ផ្ទាល់​ដល់​ចំណុច​កើតហេតុ​កម្មករ​ធ្វើ​ត្រី​និយាយ​ថា ការងារ​ពួក​គាត់​មាន​ជា​ប្រចាំ​ចាប់​តាំងពី​ភាគី​ថៃ​បិទ​ព្រំដែន ដើម្បី​ទប់ស្កាត់ និង​ការពារ​មេរោគ​កូ​វី​ដ​១៩​។

បុរស​ចំណាស់​ឈ្មោះ​ពិន សុខា អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ជា​អាជីវករ​នាំ​ត្រី (​ឆ្លងកាត់​) ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ​ប្រាប់​ថា ត្រី​ទឹក​របស់​គាត់​ក្នុង​១​ថ្ងៃ​នាំ​ចេញ​ទៅ​ថៃ​យ៉ាងតិច​៥​ទៅ​៦​តោន​។ បើ​ទោះជា​ពេល​នេះ​ជា​សម័យ​កូ​វី​ដ​១៩ ហើយ​ស្ថានភាព​ដែល​ភាគី​ថៃ​បិទ​ព្រំដែន​នេះ​មាន​រយៈពេល​ជាង​២​ខែ​ទៅ​ហើយ​ក្តី ប៉ុន្តែ​កត្តា​ជីវភាព​គ្រួសា​កម្មករ​ធ្វើ​ត្រី​របស់​គាត់​ចំនួន​៦០​នាក់​គាត់​បាន​ផ្តល់​ការងារ​ឲ្យ​ធ្វើ​ជា​ប្រចាំ និង​បាន​កម្រៃ​តាម​កម្លាំង​ពលកម្ម​រៀងខ្លួន​ៗ​។

អាជីវករ​រូប​នេះ​បន្ត​ថា ការ​ធ្វើ​ត្រី​ឲ្យ​ទៅ​ជា​ងៀត​នេះ​សម្រាប់​ត្រី​ធំ​១​គីឡូក្រាម​គាត់​ឲ្យ​កម្រៃ​ដល់​កម្មករ​២​បាត តែបើ​ត្រី​តូច​ៗ១​គីឡូក្រាម​បាន​កម្រៃ​៤​បាត​។ លោក​បន្ត​ថា បើ​កម្មករ​ខំប្រឹង គឺ​បាន​ប្រាក់​ច្រើន​ទៅ​តាម​កម្លាំង​ពលកម្ម ហើយ​ថា​យ៉ាង​ហោច​ក៏​កម្មករ​ម្នាក់​ធ្វើការ​បាន​ប្រាក់​ពី​២​ទៅ​៣​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ដែរ ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​សម័យ​កូ​វី​ដ​១៩ ដែល​មនុស្ស​ភាគច្រើន​គ្មាន​ការងារ​ធ្វើ​ផង​។

គាត់​បញ្ជាក់​ថា ក្រុម​កម្មករ​ណា​ដែល​ខំប្រឹង​ការងារ គេ​អាច​រក​ប្រាក់​បាន​ក្នុង​១​ថ្ងៃ​៣​ទៅ​៤​ឬ​៥​ម៉ឺន​រៀល​ក៏​មាន​ដែរ​។ មិនតែប៉ុណ្ណោះ​រាល់​កម្មករ​ទាំងអស់​មុន​ពេល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ គាត់​តែងតែ​ចែក​ក្បាល​ត្រី ពេល​ខ្លះ​ឲ្យ​ទាំង​ត្រី​សម្រាប់​ពួក​គេ​យក​ទៅ​ធ្វើ​ម្ហូប​តាម​ក្រុម​គ្រួសារ​ថែម​ទៀត។

គាត់​អះអាង​ថា រាល់​ត្រី​ស្រស់​ដែល​វះងៀត​ហើយ​ធ្វើការ​វេច​ខ្ចប់​ដឹក​តាម​រថយន្ត​ថៃ​ទៅ​ឲ្យ​ឈ្មួញ​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គេ​ប្រឡាក់​ដោយ​ខ្លួនឯង ហើយ​ថា​ក្បាល​ត្រី​ក្រោយ​ពី​ចែក​កម្មករ​យក​ទៅ​ធ្វើ​ម្ហូប គឺ​លក់​ចេញ​ឲ្យ​គេ​ដឹក​យក​ទៅ​ធ្វើ​ជា​ចំណី​ក្រពើ​តាម​បណ្តា​ខេត្ត​ដូច​ជា សៀមរាប ឬ​កំពង់ធំ រីឯ​ស្រកាត្រី គឺ​យក​ទៅ​ធ្វើ​ជា​ជី​ដាក់​ដំណាំ​បន្លែបង្ការ​ផ្សេង​ៗ​ជាដើម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ