ខេត្តតាកែវ៖ បញ្ហាជំងឺកូវីដ-១៩ក្នុងរយៈពេលនៅប៉ុន្មានខែមកនេះមិនត្រឹមធ្វើឱ្យវិ
ស័យសំខាន់ៗដែលជាសរសរស្តម្ភជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជារងផលប៉ះពាលខ្លាំងក្លានោះទេ សូម្បីតែអ្នកប្រកបអាជីវកម្មខ្នាតៗដែលត្រូវបានចាត់ទុកជាប្រភេទពាណិជ្ជកម្មលក្ខណៈគ្រួសារក៏កំពុងកើតក្តីព្រួយបារម្ភក្នុងចិត្តផងដែរ ។
ជាក់ស្តែងប្រជាពលរដ្ឋចិញ្ចឹមគោលក្ខណៈពាណិជ្ជកម្មខ្នាតតូច ឬបែបគ្រួសារកំពុងមានការព្រួយបារម្ភដោយសារ តម្រូវការនិងតម្លៃនៅលើទីផ្សារបានថមថយដែលបង្កឡើងពីជំងឺកូវីដ-១៩។
លោក ស៊ុន សុភាព អ្នកចិញ្ចឹមគោលក្ខណៈគ្រួសារមួយក្នុងឃុំស្រង៉ែ ខេត្តតាកែវបានឱ្យដឹងថា ការចិញ្ចឹមសត្វគោលក្ខណៈគ្រួសារនេះ គឺលោកមានគំនិតចិញ្ចឹមដោយខ្លួនឯង ដោយសាកល្បងចិញ្ចឹមមួយ ឬពីរបន្ទាប់ពីការចិញ្ចឹមជ្រូក ។ ប៉ុន្តែក្រោយពីចិញ្ចឹមគោ
បានមួយរយៈឃើញថាមានលក្ខណៈល្អប្រសើរជាងចិញ្ចឹមជ្រូក គ្រួសារលោកក៏បានផ្អាកការចិញ្ចឹមជ្រូកសិន។
លោក ស៊ុន សុភាព បានបញ្ជាក់ថា «ការចិញ្ចឹមគោលក្ខណៈពាណិជ្ជកម្មខ្នាតតូចនេះ ខ្ញុំបានអនុវត្តរយៈពេល២ឆ្នាំមកហើយ ពីមួយក្បាលរហូតដល់១០ក្បាល តែមកដល់សព្វថ្ងៃនេះដោយសារទីផ្សារ ឬតម្លៃគោនៅលើទីផ្សារចុះថ្លៃការចិញ្ចឹមគោរបស់ខ្ញុំក៏បានថយចុះមកត្រឹមចំនួន៧ក្បាលប៉ុណ្ណោះ»។
លោកបានលើកឡើងថា ការចិញ្ចឹមគោកាលមុនកម្ពុជាមិនទាន់កើតជំងឺ-កូវីដ ការចិញ្ចឹមគោប្រើពេលតែពីរខែ ឬជាងពីរខែតិចតួច គឺអាចលក់ចេញបានធ្វើឱ្យយើងអាចបង្វិលលុយបានលឿនជាងការចិញ្ចឹមជ្រូក។ គោឱ្យតែចិញ្ចឹមបានពេញសាច់ល្មមលក់បាន គឺមានដង្ខៅ ឬអ្នកដើរទិញចេញចូលមិនដាច់មកទិញដល់ផ្ទះ តែមកដល់ពេលនេះគោដែលលោកចិញ្ចឹមសម្រាប់លក់ជាលក្ខណៈគ្រួសារគឺនៅចាល់ពេញទ្រុង ។
លោកបានបន្តថា «ជំងឺកូវីដ-១៩ បានបង្កឲ្យមានបញ្ហាច្រើនកើតឡើង ដូចជាតម្លៃគោធ្លាក់ចុះ ធ្វើឱ្យដង្ខៅដើរទិញគោស្ងប់ស្ងាត់។ និយាយរួមគឺសឹងតែពេញមួយខែឧសភានេះគឺគ្មានដង្ខៅណាម្នាក់សួររកទិញគោ ពេលខ្លះទូរស័ព្ទហៅដង្ខៅឱ្យទិញ តែគេឱ្យតម្លៃថោក ។ បើគេឱ្យតម្លៃថោក ហើយការចិញ្ចឹមគោយើងដាក់ចំណីឱ្យស៊ីសុទ្ធ អញ្ចឹងពេលទូទាត់ប្រាកដអត់មានប្រាក់ចំណេញទេ ហើយអ្នកចិញ្ចឹមខ្លះខាតអស់ដើម ពេលដែលទីផ្សារគោចុះថោកបែបនេះ» ។
បើតាមលោកសុភាព ក្នុងមួយថ្ងៃលោកត្រូវចំណាយប្រាក់លើចំណីគោអស់ប្រហែល៧ម៉ឺនរៀល គោ ៧ក្បាល ហើយក្នុងកាលៈទេសៈនេះលោកមិនហ៊ានចិញ្ចឹមគោច្រើនដូចកាលពីមុនដែរ។ ដូច្នេះកន្លងមកពេលទិញគោមួយក្បាលមកក្នុងតម្លៃ ២លាន២០ម៉ឺនអី ក្រោយចិញ្ចឹមបាន ២ ឬ ៣ ខែគឺលោកអាចលក់ចេញវិញក្នុងតម្លៃដល់ទៅ ៤លាន២ សែនមុនកើតកូវីដ ១៩ ។ តែឥឡូវនេះ គឺអាចលក់បានតម្លៃត្រឹមតែ ៣លាន៨សែនអីតែប៉ុណ្ណោះ អញ្ចឹងបើផាត់ការចំណាយពេលចិញ្ចឹមបំប៉នរយៈពេល ២ ឬ ៣ ខែនេះគឺចំណេះតិចតួចពេក ។
លោកបានបន្តថា «ក្នុងរដូវកម្ពុជាជួបកូវីដ១៩នេះការចិញ្ចឹមគោពាណិជ្ជកម្មលក្ខណៈគ្រួសារខ្នាតតូចរបស់ខ្ញុំមានការព្រួយបារម្ភមិនជាខ្លាំងក្លានោះទេ គ្រាន់តែបន្ថយចំនួននៃការចិញ្ចឹមគោ ព្រោះវាមិនសូវបានផលចំណេញ។ ខុសកាលពីមុនបើលក់គោអស់ហើយគឺ ត្រូវប្រមូលទិញគោចូលវិញក្នុងរយៈពេលពីរ ឬបីថ្ងៃក្រោយ»។
លោក ស៊ុន សុភាព បានបញ្ជាក់ថា «កាលពីមុននៅពេលលក់គោចេញម្តងៗអាចរកប្រាក់ចំណេញបានពី៤ទៅ៨លានរៀលក្នុងរយៈពេលជាងពីរខែក្រោយពីកាត់ចំណាយ
ហើយ ។ បើទីផ្សារកាប់គោនៅក្រុងភ្នំពេញបើធំឡើងវិញ យើងមានគម្រោងចិញ្ចឹមច្រើនជាងពេលមុន ព្រោះយើងដឹងថាទីផ្សារក្នុងរយៈពេលចិញ្ចឹម២ឆ្នាំកន្លងទៅនេះការចិញ្ចឹមគោលវាផ្តល់ផលចំណេញឱ្យយើងច្រើន»។
លោក ហម ខុម អ្នកចិញ្ចឹមគោនៅភូមិព្រៃរុន បានឱ្យដឹងថាក្នុងរដូវកូវីដ-១៩នេះ គោលក់ចេញបន្តបន្ទាប់ បើគេមកទិញ២លក់២ បើគេមកទិញ៣លក់៣។ តែតម្លៃគោសព្វថ្ងៃលក់បានត្រឹមតែទប់ទល់ អត់សូវបានចំណេញទេ បើមេគោមួយទិញចូល៥លានរៀលតែពេលលក់ចេញគេហ៊ានឱ្យតែ ៥,២លានរៀល ឬបានត្រឹមតែរួចខ្លួន ពេលទូទាត់ចំណាយហើយ។លោកបានលើកឡើងថា កាលមិនទាន់កើតជំងឺកូវីដ-១៩ គោលក់ចេញម្តងៗក្នុងគោ១ក្បាលអាចចំណេញពី៣០ទៅ៤០ម៉ឺនរៀល ឬលើសពីនេះបើទិញចំគោខ្លះយើងទិញមកធូរថ្លៃ។ ការចិញ្ចឹមគោក្នុងរដូវកាលនៃជំងឺកូវ-១៩នេះ ក្នុងអារម្មណ៍តែងតែមានការព្រួយបារម្ភដូចគ្នា ខ្លាចគេបិទមិននាំចេញ ធ្វើឱ្យគោដល់ពេលវេលាត្រូវលក់ បែរជាលក់មិនអស់។ក្នុងរដូវកាលនេះលក់គោធំ ទិញចូលគោតូចៗ ។
ទន្ទឹមនឹងតម្លៃនិងទីផ្សារគោមានភាពស្ងប់ស្ងាត់ ការចិញ្ចឹមគោលលក្ខណៈពាណិជ្ជកម្មខ្នាតតូច របស់លោក ហម ខុម ត្រូវការចំណាយប្រាក់អស់១៥ម៉ឺនរៀលលើចំណីក្នុងមួយថ្ងៃសម្រាប់គោចំនួន១៥ក្បាល។
ពាក់ព័ន្ធនឹងការចិញ្ចឹមគោលក្ខណៈគ្រួសារទៅជាលក្ខណៈពាណិជ្ជកម្មនៅពេលសព្វថ្ងៃនេះបើតាមលោក តាន់ផាន់ណារ៉ា តំណាងឱ្យក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទធ្លាប់បានឱ្យដឹងថា ការចិញ្ចឹមគោលក្ខណៈពាណិជ្ជកម្មឬលក្ខណៈគ្រួសារនេះនៅមានចំនួនតិចតួចបើប្រៀបធៀបទៅនិងការចិញ្ចឹមសត្វផ្សេងទៀត ប៉ុន្តែនៅថ្ងៃអនាគតនឹងមានការកើនឡើងច្រើន៕
ចែករំលែកព័តមាននេះ