ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​នៅ Bundesliga ចូលរួម​រក​យុត្តិធម៌​ចំពោះ​ការ​បាត់បង់ជីវិត​បុរស​ស្បែក​ខ្មៅ​នៅ​សហ​អា​មេ​រិ​ក

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ កីឡាករ Marcus Thuram, Achraf Hakimi និង Jadon Sancho…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ កីឡាករ Marcus Thuram, Achraf Hakimi និង Jadon Sancho បាន​បង្ហាញ​ការ​គាំទ្រ​របស់​ពួក​គេ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​សាហាវឃោរឃៅ និង​ការ​រើសអើង​ជាតិ​សាសន៍ ចំ​ពេល​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់ ក្នុង​ទីក្រុង​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក​។

ការ​តវ៉ា​នៅ​សហរដ្ឋអាមេរិក​បាន​ផ្ទុះ​ឡើង​ខ្លាំង នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ បន្ទាប់​ពី​មរណភាព​របស់​បុរស​ជនជាតិ​ស្បែក​ខ្មៅ​លោក George Floyd នៅ​ពេល​ដែល​គេ ត្រូវ​មន្ត្រី​ប៉ូលិស​រដ្ឋ Minneapolis សហរដ្ឋអាមេរិក​ចំនួន ៤​នាក់​ឃាត់ខ្លួន ។ លោក​បាន​​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ក្រោយ​ប៉ូលិស​ម្នាក់​បាន​ព្យាយាម​យក​ជង្គង់​សង្កត់ក​ជាប់ រហូត​សន្លប់​បាត់បង់​ស្មារតី ក្រោយមក​ក៏​បាន​​បាត់បង់ជីវិត​ភ្លាម​ៗ​តែ​ម្តង ។

នៅ​ក្នុង​ការ​ប្រកួត​នៅ​ក្រប​ខណ្ឌ Bundesliga គេ​សង្កេត​ឃើញ​កីឡាករ ៣​រូប​បាន​បង្ហាញ​សកម្មភាព​គាំទ្រ​ចំពោះ​ការ​តវ៉ា និង​ការ​សោកស្តាយ​ជុំវិញ​ការ​បាត់បង់​ជីវិត​របស់​លោក George Floyd ដែល​ត្រូវ​បាន​ពិភពលោក​ចាត់​ទុក​ថា​ជា ទ​ង្វើ​រើសអើង​ជាតិ​សាសន៍​លើ​ជនជាតិ​ស្បែក​ខ្មៅ​។

ជាក់ស្តែង​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Borussia Dortmund យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Paderborn កីឡាករ​ក្រុម​ភ្ញៀវ​គឺ​ខ្សែបម្រើ​ស្លាប Jadon Sancho និង​ខ្សែបម្រើ​ប្រយុទ្ធ Achraf Hakimi បាន​លើក​អាវ​បង្ហាញ​ពាក្យ​ថា «Justice for George Floyd» ក្នុង​ន័យ​ដើម្បី​រក​យុត្តិធម៌​ចំពោះ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ដែល​បាន​ស្លាប់ បន្ទាប់​ពី​ពួក​គេ​រក​គ្រាប់​បាល់​បញ្ចូល​ទី​។

មិន​ខុស​គ្នា​ពី​កីឡាករ​២​នាក់​ខាងលើ ដោយឡែក​ខ្សែប្រយុទ្ធ Marcus Thuram របស់​ក្រុម Borussia Mönchengladbach ក៏​បាន​លុតជង្គង់​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​លោក George Floyd ក្រោយ​រូបគេ​រក​គ្រាប់​បាល់ ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម Union Berlin ផង​ដែរ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​សកម្មភាព​បាតុកម្ម​តវ៉ា​នៅ​សហរដ្ឋអាមេរិក​កំពុង​បន្ត ដែល​ឈាន​រហូត​ដល់​មានការ​ប្រើប្រាស់​អំពើ​ហិ​ង្សា និង​មានការ​ចាប់ខ្លួន ព្រមទាំង​មានការ​ដុត​បំផ្លាញ​កន្លែង​សំខាន់​ៗ​មួយ​ចំនួន​ផង​ដែរ ពី​ក្រុម​អ្នក​តវ៉ា ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ