ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំបាប់​បង្ហាញ​កង្វល់​មិន​ទាន់​អាច​ហ្វឹក​ហាត់​ឡើង​វិញ ​ក្រោយ​ទទួល​ភ្លើង​ខៀវ​​ពី​​រាជរដ្ឋាភិបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​គូសបញ្ជាក់​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា ឆ្លងកាត់​កិច្ចប្រជុំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​អនុវត្តន៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​របស់​ក្រសួង​សុខា​ភិបាល​នោះ…

រាជធានី​ភ្នំពេញ ៖ លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​គូសបញ្ជាក់​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា ឆ្លងកាត់​កិច្ចប្រជុំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​អនុវត្តន៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​របស់​ក្រសួង​សុខា​ភិបាល​នោះ សម្រាប់​ប្រភេទ​កីឡា​ចំបាប់​មិន​ទាន់​អាច​ប្រមូលផ្តុំ​ហ្វឹកហាត់​ឡើង​វិញ​បាន​ទេ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដែល​កីឡា​ចំបាប់​តែងតែ​ហ្វឹកហាត់​នោះ ។

កីឡា​ចំបាប់​គឺ​ប្រកួត​ឯកត្តជន ប៉ុន្តែ​ការ​ហ្វឹក​ហាត់​ត្រូវ​មាន​ដៃគូ​ខ្លួន​ប៉ះ​នឹង​ខ្លួន ដែល​លើ​ចំណុច
នេះ​ខុស​គោលការណ៍​របស់​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដូច​ជា​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​គិត​លើ​គម្លាត​បុគ្គល​នោះ ។

ជាមួយ​គ្នា​នេះ គឺ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ពុំ​អនុញ្ញាត​ឱ្យ​មានការ​ស្នាក់​នៅ និង​ហូប​ចុក​រួម​នោះ​ទេ ដែល​កន្លង​មក ថ្នាល​កីឡា​ចំបាប់​ហ្វឹកហាត់​រួម និង​ហូប​ចុក​រួម នៅ​សាល​ដំបូលទូក​នៃ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ស្ថិត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នេះ​តែ​ម្តង ។ កន្លែង​ស្នាក់​នៅ​រួម ហូប​រួម​នេះ​ទទួល​បានការ​ឧបត្ថម្ភ​ពី​លោក ខេ​ស៊ី បា​ណេ​ត​អនុប្រធាន​សហព័ន្ធ​ចំបាប់ ដូច្នេះ​ប្រភេទ​កីឡា​ចំបាប់​គឺ​មិន​ទាន់​អាច​ប្រមូលផ្តុំ​ឡើង​វិញ​នៅ​ទី​នេះ​បាន​ទេ​។

លោក​អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ថា ក្រោយ​ពី​មានការ​ប្រកាស​រំសាយ​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់ និង​ផ្អាក​ការ​ប្រកួត​គ្រប់​ប្រភេទ​កីឡា​ទាំងអស់ ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩​នោះ កីឡា​ករ កីឡាការិនី​ថ្នាល​មានស្រុក​កំណើត​នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ប្រមាណ​៨៥​ភាគ​រយ ដែល​មាន​ចំនួន​១២​នាក់​និង​មាន​៣​នាក់​នៅ​ខេត្តកំពង់ឆ្នាំង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

នៅ​វិហារ​សួគ៌​គឺ​មានការ​ហ្វឹកហាត់​ជា​ប្រចាំ ដែល​នៅ​ទីនោះ​មាន​លោកគ្រូ ចាប នឿ​ន និង​លោក​គ្រូ ឌ​ន សៅ ដែល​ជា​គ្រូ​ជម្រើសជាតិ​ថ្នាល​នៅ​វិហារ​សួគ៌​នោះ​ស្រាប់ ។ ទោះ​យ៉ាងនេះ​ក្តី​ការ​ហ្វឹក​ហាត់​នៅ​វិហារ​នោះ​គឺ​គ្រាន់តែ​ហ្វឹកហាត់​កម្លាំងកាយ​ប៉ុណ្ណោះ ហើយ​មិន​អាច​ហ្វឹកហាត់​បច្ចេក​ទេស​ទេ ដោយសារ​ទីនោះ​មិន​មាន​ទីលាន ប៉ុន្តែ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ យើង​នឹង​រៀបចំ​កម្រាល​ហ្វឹកហាត់ ដើម្បី​ឱ្យ​ពួក​គាត់​អាច​ហ្វឹកហាត់​បច្ចេកទេស​លើ​ទីលាន​បាន​។

ទោះបីជា​មានការ​លំបាក​យ៉ាងនេះ​ក្តី ក៏​លោក​ធិ​ន វិចិត្រ ថា​នឹង​ខិតខំ​រៀបចំ​ការ​ហ្វឹក​ហាត់​ឱ្យ​បាន​​ល្អ​ប្រសើរ​តាម​រយៈ​ការ​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​នានា​គោរព​នូវ​គោលការណ៍​សុខាភិបាល​នេះ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ