រាជធានីភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ មិថុនានេះ បានបញ្ជាទៅកាន់មន្ត្រីប៉ូលិស និងមន្ត្រីនគរបាលជាតិថ្មីដែលទើបប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរសក្តិចំនួន ១៧៤នាក់ ត្រូវផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការផ្តល់ជូននូវសេវាផ្សេងៗ និងត្រូវតែកាត់សក់ខ្លីជាប់ជាប្រចាំ ជាពិសេសមិនត្រូវប្រើប្រាស់អាវុធធ្វើការបាញ់បោះដោយសេរីនោះទេ ។
ថ្លែងក្នុងពីធីប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិចំនួន ១៧៤នាក់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់មន្ត្រីថ្មីជាច្រើនចំណុចក្នុងនោះរួមមាន ៖
- ១. ត្រូវកាត់សក់ខ្លីជាប្រចាំ និងស្លៀកពាក់ឯកសណ្ឋានឲ្យបានស្អាត សមជាសមត្ថកិច្ចគំរូ
- ២. ត្រូវរៀនពីការគោរពឲ្យបានត្រឹមត្រូវក្នុងនាមជាមន្ត្រីនគរបាលជាតិ
- ៣. ត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ
- ៤. ត្រូវយកចិត្តទុកដាក់រៀនសូត្រស្តាប់តាមការណែនាំគោរពរៀមច្បង និងប្រធានអង្គភាពដែលនឹងត្រូវចាត់តាំងទៅបម្រើការងារនៅទីនោះ
- ៥. ត្រូវផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដូចជា ការផ្តល់សេវាសាធារណ:ឲ្យបានលឿន ជាពិសេសធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
- ៦. ត្រូវមានវិន័យ អាកប្បកិរិយា សីលធម៌ និងគុណធម៌ល្អ ក្នុងនាមជាមន្ត្រីនគរបាលជាតិ
- ៧. ត្រូវបង្ហាញភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារ
- ៨. ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំនៅពេលបើក ដើម្បីបង្ហាញជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងនាមជាអនុវត្តច្បាប់
- ៩. ហាមដាក់ខាត និងចាកចេញឲ្យឆ្ងាយពីអ្វីដែលខុសច្បាប់ ជាពិសេស គឺគ្រឿងញៀន ១០. ត្រូវប្រើប្រាស់អាវុធឲ្យបានត្រឹមត្រូវហាមដាច់ខាតការបាញ់បោះសេរី ជាងនេះទៅទៀតលោក ស ថេត ក៏បានណែនាំមន្ត្រីនគរបាលទាំងអស់ត្រូវចូលរួមថែរក្សាសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយជែល ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕
ចែករំលែកព័តមាននេះ