ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បកស្រាយ​ខុស​ហើយ​បំភ័យ​គ្នា​ជា​រឿង​មិនល្អ​សម្រាប់​ប្រទេស​ជុំវិញ​រឿង​លុយ​១$ ២$ និង៥$

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខណៈ​ថ្នាក់ដឹកនាំ​ប្រទេស​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា​ធនាគារជាតិ​នៃ​កម្ពុជា​និង​ស្ថាប័ន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​បញ្ជាក់​ជា​បន្តបន្ទាប់​ថា​ការ​ចាយវាយ​ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ​និង ៥ ដុល្លារ​នៅ​បន្ត​ធម្មតា​ក៏​ពិតមែន តែ​ការ​អនុវត្ត​ជាក់ស្តែង​នៅ​ទីតាំង​មួយ​ចំនួន​គឺ​អាជីវករ​តូចតាច…

រាជធានី​ភ្នំពេញ​៖ ខណៈ​ថ្នាក់ដឹកនាំ​ប្រទេស​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា​ធនាគារជាតិ​នៃ​កម្ពុជា​និង​ស្ថាប័ន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​បញ្ជាក់​ជា​បន្តបន្ទាប់​ថា​ការ​ចាយវាយ​ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ​និង ៥ ដុល្លារ​នៅ​បន្ត​ធម្មតា​ក៏​ពិតមែន តែ​ការ​អនុវត្ត​ជាក់ស្តែង​នៅ​ទីតាំង​មួយ​ចំនួន​គឺ​អាជីវករ​តូចតាច ឬ​ម្ចាស់​អាជីវកម្ម​ខ្លះ​គឺ​បដិសេធ​ទទួលយក​លុយ​ប្រភេទ​នេះ ។

ជាក់ស្តែង ម្ចាស់​ក្លឹ​ប​ហាត់ប្រាណ​មួយ​កន្លែង​នៅ​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង បាន​បដិសេធ ទទួលយក​ក្រដាសប្រាក់​១​ដុល្លារ​អា​មេ​រិ​ក ដោយ​និយាយ​ថា​គាត់​យក​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ ក៏​គេ​អត់​យក​ដែរ ដូច្នេះ​គាត់​សូម​អធ្យាស្រ័យ​ភ្ញៀវ​មក​ហាត់ប្រាណ «​បើ​អោយ​ក្រដាស ១​ដុល្លារ ឬ​៥​ដុល្លារ​គាត់​សូម​មិន​ទទួល​ទេ​» ។

ម្ចាស់​ក្លឹ​ប​ហាត់ប្រាណ​ខាងលើ​បាន​និយាយ​ថា «​ទោះបីជា​សម្ដេច​ថា អោយ​ចាយវាយ​ធម្មតា​ក្ដី តែ​បើសិនជា​ភ្ញៀវ​អោយ​ក្រដាស​នេះ​កាន់តែ​ច្រើន ហើយ​ខ្ញុំ​យក​ទៅ​ចាយវាយ​បន្ត​អត់​បាន នោះ​ប្រាកដជា​កាន់តែ​វីវរ ហើយ​មិនដឹង​ថា​យក​ទៅ​ចាយ​នៅឯណា​ទៀត​ហើយលឺ​ថា កន្លែង​ប្តូរ​ប្រាក់​ខ្លះ ប្តូរ​មិន​គ្រប់​ចំនួន​ទៅ​ទៀត អ​ញ្ចឹ​ង​កាន់តែ​ខាត​ហើយ​» ។

ជុំវិញ​រឿងរ៉ាវ​នេះ លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ថា ការ​បកស្រាយ​តាម សេចក្តី​ថ្លែង​ការ​របស់​ធនាគារជាតិ​ច្បាស់លាស់​ហើយ​។

លោក​ជំទាវ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា «​ការ​បកស្រាយ​ខុស ហើយ​បំភ័យ​គ្នា​មិនមែន​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​ទេ​។ ក្រដាសប្រាក់ ចារឹក ១$ ២$ និង ៥$ នៅ​តែ​អាច​ចរាចរ​បាន​។ ហើយ​ក៏​មិន​បាន​បិទ​សិទ្ធិ​ប្រើប្រាស់​ដែរ​។ រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន និង​ធនាគារជាតិ​ក៏​នៅ​តែ​ទទួលយក​ក្រដាសប្រាក់​នេះ​ធម្មតា​»​។

អគ្គនាយក​បច្ចេកទេស​រូប​នេះ​បាន​បន្ថែម​ថា «​គ្រាន់តែ​ថា​លើក​មុន​ធនាគារជាតិ​ជា​អ្នករ៉ាប់រង​សេវា​ដឹក​ជញ្ជូន​ក្រដាសប្រាក់ ចាស់ ទក់ រហែក និង​លើស ទៅ​ប្រទេស​ដើម​គេ​គឺ​សហរ​ដ្ធ​អា​មេ​រិ​ក ដើម្បី​ចាត់ចែង​បន្ត ព្រោះ​កម្ពុជា​គ្នាន​សិទ្ធ​អ្វី​លើ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្រៅពី​ចាយ​នោះ​ទេ​។ ប៉ុន្តែ ចាប់ពី ៣​ខែ បន្ទាប់​ពី​នេះ​ទៅ គ្រឹះស្ថាន​ត្រូវ​ទទួល​រ៉ាប់រង​សេវា​ដឹក​ជញ្ជូន​ដោយ​ខ្លួនឯង​។ ការ​សម្រេចចិត្ត​នេះ​គឺ​ធ្វើ​ឡើង​ដោយ​មានការ​ឯកភាព​គ្នា​រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា​។

តាម​ច្បាប់​ការ​ទទួល​ក្រដាសប្រាក់​ប្រភេទ​នេះ​ជា​សិទ្ធិ​របស់​គ្រឹះស្ថាន​ឯកជន ធនាគារជាតិ​មិន​មាន​សិទ្ធិ​លើ​គេ​ទេ​។ ប៉ុន្តែ​បើ​គេ​មិន​ទទួល​ក្រដាសប្រាក់​រៀល ទោះ​ប្រភេទ​ណា​ក៏​ដោយ នោះ​ទើប​ធនាគារជាតិ​មាន​សិទ្ធិ​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​។ មួយវិញទៀត​ធនាគារជាតិ​មិន​បាន​សម្រេច ថា​មិន​ទទួល យក​នោះ​ទេ​។ តែ​ធនាគារជាតិ​នឹង​ពិចារណា ទៅ​ថ្ងៃក្រោយ​អំពី​បញ្ហា​នេះ ហើយ សូម​ឱ្យ​ចាត់​ទុក​ថា​ជា​ការ​ជូនដំណឹង​ដែរ​ចុះ កុំឱ្យ​ថា​គេ​អនុវត្ត​អី​មិន​ប្រាប់​ទុក​មុន​» ។

លោក​ជំទាវ ជា សិរី បន្ត​ថា សូម​រំ​ឮ​កថា​ការ​ប្រើប្រាស់​ប្រាក់​រៀល ដើម្បី​មោទនភាព​ជាតិ អធិបតេយ្យភាព​ជាតិ មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​មាន​វិធានការ​អ្វី​សោះ​នោះ​ទេ​។ ហើយ​វិធានការ​អ្វី​ក៏​ដោយ​ធ្វើ​ហើយ នឹង​មាន​អ្នក​ទទួលផល​ច្រើន និង​ទទួលផល​តិច ទទួលផល​ភ្លាម​ៗ និង​ទទួលផល​នា​ពេល​ក្រោយ​។ ហើយ​បើ​ចាំ​ឱ្យ​ទទួល​ប្រយោជន៍​បាន​ស្មើ​ៗ​គ្នា គឺ​មិន​អាច​ទៅ​រួច​ទេ តែបើ​មាន​ជួយ​ប្រាប់​ផង​។ ត្រូវ​គិត​ប្រយោជន៍​រួម​ជា​ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ