ល្បី​ថា ត្រី​ទន្លេ​ធម្មជាតិ​នៅ​ស្ទឹង​ត្រែង​រសជាតិ​ឆ្ងាញ់ សូ​ម្បី​អ្នក​ភ្នំពេញ​ក៏​មិន​រំលង​​ដែរ


ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រៀង​រាល់​ព្រឹក​ព្រលឹម​ស្រាង​ៗ​អ្នក​ភូមិ​ប្រជា​នេសាទ​ដឹក​ត្រី​ស្រស់​បាន​ពី​ការ​នេសាទ​មក​កាន់​ទីផ្សារ ដើម្បី​ស្វែងរក​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព ស្រប​ពេល​ភ្ញៀវ​ជា​ច្រើន​ចេញពី​បន្ទប់​ផ្ទះសំណាក់ សណ្ឋាគារ បាន​មក​តថ្លៃ​វេច​ខ្ចប់ ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​។

បើ​តាម​លោក សុខា វី​រះ មក​ពី​ក្រុងភ្នំពេញ បាន​លើក​ឡើង​ថា រូប​គាត់ ព្រមទាំង​ក្រុម​គ្រួសារ​មក​កំសាន្ត​ក្នុង​ខេត្ត​មួយ​នេះ ហើយ​បាន​វេច​ខ្ចប់​ត្រី​ទន្លេ​ពីរ​បី​ប្រភេទ​យក​ទៅ​ចែក​ជូន​បងប្អូន និង​មិត្ត​ភ័ក្ក ដោយសារ​ភាព​ល្បីល្បាញ​ថា ត្រី​ទន្លេ​ធម្មជាតិ​មាន​រសជាតិ​ឆ្ងាញ់ រីឯ​តម្លៃ​វិញ គឺ​សមរម្យ​ថែម​ទៀត​ផង​។

បើ​តាម​អាជីវករ​លក់​ត្រី​អ្នក​នាង អ៊ុ​ន ស្រី​មុំ បាន​បញ្ជាក់​ថា ជា​ធម្មតា​ត្រី​ទន្លេ​គ្រប់​ប្រភេទ​ដែល​កាត់​ពី​អ្នកនេសាទ​លក់ដាច់​ជាង​ត្រី​ចិញ្ចឹម និង​ត្រី​ចូល​ពី​ប្រទេស​ជិតខាង ហើយ​ការ​លក់​ចេញ​ទៅ​វិញ​នោះ​បាន​ចំណេញ​ចន្លោះ​ពី​២​ពាន់​រៀល​ទៅ​បី​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​។

អ្នក​នាង​បន្ត​រៀបរាប់​ពី​តម្លៃ​ត្រី​ថា ត្រី​ព្រួល​មួយ​គីឡូ​២៨០០០​ទៅ​៣០០០០​រៀល​, ត្រី​ក្អែក​មួយ​គីឡូ​១៧០០០​រៀល​, ត្រី​តា​ពិន​មួយ​គីឡូ​១២០០០​រៀល​, ត្រី​ឆ្លាំង​មួយ​គីឡូ ១៨០០០​រៀល​, ត្រី​រៀល​មួយ​គីឡូ ១១០០០​រៀល​, ត្រី​ឆ្កោក​មួយ​គីឡូ ២៥០០០​រៀល​, ត្រី​ខ្ចា​មួយ​គីឡូ ២៥០០០​រៀល​, ត្រី​ពោធិ៍​ទន្លេ​មួយ គីឡូ​២០០០០​រៀល​, ត្រី​កេស​មួយ គីឡូ​៤៥០០០​រៀល​, ត្រី​សណ្តាយ មួយ​គីឡូ​២៥០០០​រៀល​, ត្រី​ខ្ជឹង មួយ​គីឡូ​១៥០០០​រៀល និង​ត្រី​លេញ មួយ​គីឡូ​១៥០០០​រៀល​។ ហើយ​តម្លៃ​ទាំងនេះ​មានការ​ឡើង​ចុះ​ទៅ​តាម​រដូវ​កាល​នេសាទ​ដែរ​។

ចំណែក​លោក ខាំ មឿ​ក ប្រជា​នេសាទ រស់នៅ​ភូមិ​កោះ​ស្រ​ឡាយ ស្រុក​សៀម​បូក បាន​និយាយ​ថា បច្ចុប្បន្ន​កំណើន​ត្រី​ហាក់​មាន​សន្ទុះ​សម្បូ​ជាង​មុន ហើយ​ផល​ត្រី​ដែល​ដាក់​ម៉​ង​បាន​ធំ​ៗ​ចន្លោះ​ពី​១​គីឡូក្រាម រហូត​ដល់​ជិត​១០​គីឡូ​ក្នុង​មួយ​ក្បាល​។ ទោះបី​ត្រី​ហាក់ដូចជា​សម្បូរ​ជាង​មុន​ក៏​ពិតមែន អ្នកនេសាទ​ត្រី​មិនមែន​ចាប់​ត្រី​បាន​រាប់​សិប​គីឡូ​នោះ​ទេ អ្នកនេសាទ​ខ្លះ​បណ្តែត​ម៉​ង​មួយ​យប់​បាន​ត្រឹម​បី​បួន​ប្រាំ​ក្បាល​ប៉ុណ្ណោះ​។

រីឯ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​លោក ទុំ នី​រ៉ូ បាន បញ្ជាក់​ថា ផល​នេសាទ​ដែល​ប្រជា​នេសាទ​បាន​ក្នុង​រដូវ​បិទ​នេសាទ​នេះ និង​ដោយ​មានការ​រឹត​បន្តឹង​ផង​នោះ ជា​មធ្យម​សរុប​៧​ទៅ​៨​រយ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧. ២០១៨​នៅ​រដូវ​បិទ​នេសាទ​បា​ឡែ​នេះ​ដែរ ។

ប្រភព​ដដែល​បន្ត​ថា ហើយ​ផល​នេសាទ ដែល​ប្រជា​នេសាទ​ចាប់​ចន្លោះ​ពី​៥​ទៅ​៦​តោន​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​តាម​រយៈ​នៃ​ការ​អភិរក្ស និង​រឹត​បន្តឹង​ផ្នែក​ច្បាប់​ឃើញ​ថា ធនធាន​ជលផល​នេះ​ហក់​កើនឡើង តែ​ជំនាញ​នៅ​តែ​ទទូច​ដល់​បងប្អូន​ប្រជា​នេសាទ​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ជលផល​ជម្រុះ​ចោល​នូវ​អំពើ​នេសាទ​បែប​ទុច្ចរិត មក​នេសាទ​ស្របច្បាប់ ដើម្បី​រួម​គ្នា​ការពារ​ធនធាន​ជលផល​របស់​យើង​ឱ្យ​បាន​គង់​វង់​យូរអង្វែង​ទៅ​មុខ​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ