រាជធានីភ្នំពេញ៖ អ្នកជំនាញខាងផ្នែកអចលទ្រព្យនិងជាទីប្រឹក្សាសេដ្ឋកិច្ចលេចធ្លោមួយរូបបានលើកឡើងថា មនុស្សមួយចំនួនគឺពិតជាខិតខំណាស់ ខំរៀន ខំអាន ខំប្រឹងរកស៊ី ព្រោះចង់ជោគជ័យក្នុងអាជីពនិងមុខជំនួញ ។ ក៏ប៉ុន្តែបងប្អូនយើងមួយចំនួនបានមើលរំលងនូវកំហុស ៤ យ៉ាងដែលបានធ្វើ បើទោះបីជាអ្នកបានរៀនច្រើន ឬអានច្រើនដែរ តែមិនសូវជោគជ័យនឹងគេ ។
លោក ង៉ែត ជូ ដែលជាឈ្មួញអចលទ្រព្យមួយរូបនោះបានលាតត្រដាងឲ្យដឹងថា កំហុសទាំង ៤ យ៉ាងនោះគឺរួមមាន៖
១ – រៀនដើម្បីរៀន៖ រៀនច្រើនប៉ុន្តែមិនហ៊ានអនុវត្ត ខ្លាចខាត ខ្លាចបរាជ័យ ឬចាំពេលនេះចាំពេលនោះ។ល។
២ – ធ្វើដែរតែចាប់ច្រើនមុខពេក៖ ប្រកបរបរ ឬវិនិយោគច្រើនមុខក្នុងពេលតែមួយ ខ្វះទាំងទុន ខ្វះទាំងពេលវេលា ខ្វះទាំងជំនាញនិងចំណេះដឹងច្បាស់លាស់។
៣ – យកគំនិតគេទាំងស្រុងមកអនុវត្ត៖ បញ្ហាធំរបស់មនុស្សជាច្រើនគឺចង់ជោគជ័យដូចអ្នកដទៃដោយមិនដឹងថាខ្លួនមានចំណេះ ជំនាញ និងចំណង់បែបណា។ ហើយក្នុងស្ថានភាពដែលខ្លួនកំពុងធ្វើ តើត្រូវច្បិចយកគំនិតគេមកកែខៃច្នៃបែបណាដើម្បីអនុវត្តបានជោគជ័យ? នេះហៅថាធ្វើតាមគម្ពីរមិនចេះបត់បែន។
៤ – ឆាប់បោះបង់ ឬចង់មានលឿនពេក៖ កិច្ចការអ្វីក៏ដោយ ត្រូវការការលៈបង់ ភាពអំណត់ និងការគិតវែងឆ្ងាយ។ មិនមែនមានឧបសគ្គចេះតែរាថយនោះទេ ពោលគឺត្រូវចេះដោះស្រាយបញ្ហាដោយបញ្ញា កុំលោភលន់។ ប្រៀបដូចសុភាសិតចិនដែលថា «ត្រឹមហូបបាយបួស៣ថ្ងៃកុំចង់ឡើងឋានសួគ៌» ៕
ចែករំលែកព័តមាននេះ