រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣០ ឧសភា ឆ្នាំ២០២០ កីឡាករវ័យក្មេងកំពុងឡើងកូដ នន់ ជំនិត មកពីក្លិបស្វាយរលំមានរិទ្ធិ នៅតែទទួលបានជ័យជម្នះនៅក្នុងការប្រកួតជាមួយកីឡាករឡើងកូដពេញកម្លាំងដូចគ្នា ហ៊ា ចាន់ថន ដែលក្នុងពេលនោះគឺមានការលើកឡើងជាច្រើនថា កីឡាករទាំងពីរបើត្រូវប៉ះគ្នា គឺ នន់ ជំនិត នឹងអាចបាក់មុខនោះ ។
យ៉ាងណាក៏ដោយ បន្ទាប់ពីទទួលជោគជ័យលើគូប្រកួតទាំងលំបាក កីឡាករ នន់ ជំនិត ត្រូវបានដៃគូប្រកាសថា ចង់ជួបសងសឹកជាថ្មី ដោយកីឡាករបង្គោលក្រហមរូបនេះ ប្រកាសថា មិនខ្លាចនោះទេ ដោយលោកនឹងបង្កើនសមត្ថភាពឱ្យល្អជាងនេះ ដើម្បីកុំឱ្យខ្មាសគូប្រកួត និងចង់រក្សាក្រេឌីតកុំឱ្យថមថយនោះផង។
យោងតាមការប្រកួតដែលទើបតែបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីចុងសប្ដាហ៍ ម្នាក់ៗសុទ្ធតែមើលឃើញថា នន់ ជំនិត មានការប្រែប្រួលសមត្ថភាពឈានឡើងដោយសូម្បីបច្ចេកទេសក៏នៅតែល្អមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះដែរ បើទោះជាដំណាក់កាលនេះកីឡាករភាគច្រើនត្រូវគេដឹងថា មិនសូវបានហ្វឹកហាត់ ហើយម្នាក់ៗថមថយកម្លាំងជាងមុនក៏ដោយ ។ ភាពប្រែប្រួលរបស់លោកដែលគេសម្គាល់ឃើញនោះ គឺកម្លាំង និងសមត្ថភាព ដែលកន្លងមកធ្លាប់តែល្អមធ្យម តែសម្រាប់ការប្រកួតកាលពីថ្ងៃនោះ កីឡាករ នន់ ជំនិត កាន់តែធ្វើបានល្អ រហូតអ្នកគាំទ្រតាមវីដេអូLive លើផេក និងលើកញ្ចក់ទូរទស្សន៍លាន់មាត់។
ខណៈដែលកីឡាករភាគច្រើនត្រូវគេមើលឃើញថា មិនសូវប្រកួតអស់ដៃព្រោះអាងថាគ្មានអ្នកទស្សនា តែសម្រាប់ នន់ ជំនិត គឺប្ដូរការគិតបែបនេះបានសម្រេច ដោយបានទាំងធ្វើឱ្យកីឡាករឡើងកូដម្ខាងទៀត អន់ចង់នោះផង បើទោះជា ហ៊ា ចាន់ថន ក៏បញ្ចេញថ្វីដៃមិនធម្មតាដែរនោះ។
ការប្រកួតជាមួយកីឡាករ ហ៊ា ចាន់ថន គឺដ្បិតថាបានបំបាក់គូប្រកួតឱ្យចាញ់ដោយពិន្ទុ ហើយវាយធ្វើឱ្យបង្គោលខៀវដែលបរាជ័យឱ្យអស់ចិត្ត ស្របពេលដែលសមត្ថភាពនៅក្នុងការប្រកួតរបស់គេក៏ល្អ ។ កីឡាករជើងខ្លាំង ដែលកំពុងមានការកត់សម្គាល់រូបនេះ កាន់តែមានភាពរហ័ស និងកែងល្អ ដែលត្រូវគេកត់សម្គាល់ថាមិនស្ទក់ មិនស្ពឹក និងវាយចំគោលដៅទៀតផង ។
ការប្រកួតនៅក្នុងថ្ងៃនោះ កីឡាករបង្គោលខៀវ ហ៊ា ចាន់ថន ត្រូវគេឃើញវាយចេញបានល្អទៅកាន់រៀមច្បង ហើយបើកុំតែភ្លាត់ និងខ្សោយបច្ចេកទេសជាងបន្តិច ប្រហែលនន់ ជំនិត ក៏ពិបាកស៊ីដែរ។ យ៉ាងណាមិញ បង្គោលខៀវជើងខ្លាំងរូបនេះ នៅតែមានក្លេគ្រប់ពេលគូប្រកួតវាយបំបុក បើទោះជាមើលទៅរាងចាញ់ប្រៀបលើបច្ចេកទេសជាងអ្នកឈ្នះបន្តិចក្ដី។
កីឡាករជើងខ្លាំងបង្គោលខៀវ ហ៊ា ចាន់ថន បង្ហាញការសោកស្ដាយចំពោះការបរាជ័យដែលបានកើតឡើង ដោយលោកប្រកាសថានឹងសុំសងសឹក ដើម្បីស្ទង់កម្លាំងម្ដងទៀត។ លោកសារភាពថា មួយរយៈចុងក្រោយលោកពិបាកក្នុងការថែរក្សាកម្លាំងឱ្យល្អ ពោលគឺចាប់តាំងពីរឿងកូវីត១៩កើតឡើង ហើយគីឡូក៏ឡើងដល់៦៩នោះ គឺរឹតតែពិបាកធ្វើឱ្យលោកអាចរក្សាកម្លាំងស៊ុហ្វបានល្អ ប៉ុន្តែលោកនឹងប្រឹងស្ទុះស្ទារ។
លោកថា ហេតុផលនៃការប្រែប្រួលហើយបណ្ដោយឱ្យរូបរាងឡើងគីឡូ ធ្វើឱ្យប៉ះពាល់កម្លាំងក្នុងការប្រដាល់នោះ មិនមែនដោយសារលោកមិនយកចិត្តទុកដាក់នឹងការហ្វឹកហាត់នោះទេ តែបណ្ដាលមកពីវ័យក៏ពិបាករក្សាគីឡូឱ្យនៅនឹង ហើយបណ្ដាលមកពីស្ថានភាពជីវភាពក៏មិនអាចឱ្យលោករក្សាសុខភាព និងសមត្ថភាពបានល្អ ទើបលោកប្រែប្រួលសមត្ថភាពបែបនេះ។ កីឡាករ ហ៊ា ចាន់ថន បានអះអាងថា លោកមិនបណ្ដោយឱ្យការប្រកួតរបស់ខ្លួនធ្លាក់កូដនោះទេ គឺនឹងប្រឹងហ្វឹកហាត់ឱ្យល្អ ដើម្បីសងសឹកនន់ ជំនិត យកក្រេឌីតវិញឱ្យខាងតែបាននោះផង។
លោក ញាណ សុធី អ្នករៀបចំកម្មវិធីប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ បានអះអាងថា កីឡាករ នន់ ជំនិត និងហ៊ា ចាន់ថន មិនមែនជាកីឡាករថ្មីនោះទេ ប៉ុន្តែគេនៅតែល្អលើផ្នែកសមត្ថភាព និងកម្លាំងស៊ុហ្វ ។ លោកថា ការប្រកួតរបស់កីឡាករទាំងពីរ មិនថាដាក់ឱ្យប្រកួតប៉ះជាមួយអ្នកណា ក៏មិនដែលធ្វើឱ្យអ្នកទស្សនាខកចិត្តម្ដងណានោះដែរ ។
លោកមានគម្រោងឱ្យអ្នកទាំងពីរប្រកួតគ្នាជាថ្មី ប៉ុន្តែត្រូវរង់ចាំមើលភាពជាក់ស្ដែងសិន ដោយសារតែកីឡាករច្រើនត្រូវឡើងប្រកួតវិលជុំ ហើយក៏ទាមទារឱ្យមានការព្រមព្រៀង និងការត្រៀមខ្លួនពីភាគីទាំងពីរផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ