កីឡដ្ឋាន​ស្តង់ដា​អន្តរជាតិ​ដំបូង​គេ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ចាប់ផ្ដើម​សាងសង់​ហើយ


ខេត្តកំពង់ស្ពឺ ៖ កីឡដ្ឋាន​ស្តង់ដា​​អន្តរជាតិ ដែល​មា​នទី​តាំងនៅ​ក្នុង​ក្រុង​ច្បារមន នៃ​ខេត្តកំពង់ស្ពឺ ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ក្រោម​គំនិត​ផ្ដួចផ្ដើម​ដោយ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាង​រាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ​។

លោក ដាវ អាន​សាន ក្រុមការងារ​ត្រួត​ពិនិត្យ​ការ​សាងសង់​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា កាលពី​ចុងឆ្នាំ​២០១៩ ឥឡូវ​ការ​សាងសង់​បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​ហើយ ដោយ​គ្រោង​ចំណាយពេល​សាងសង់​២​ឆ្នាំ ចាប់ពី​បច្ចុប្បន្ន រហូត​ដល់​ឆ្នាំ​២០២២ ជាមួយ​គម្រោង​ចំណាយ​ប្រមាណ​ជាង​៣​លាន​ដុល្លារ (​វាយតម្លៃ​ដោយ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​សាងសង់​)​។

ការ​សាងសង់​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ តាម​ផែនការ​យើង​ចែក​ជា​២​ដំណាក់កាល ដោយ​កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​៦​ពាន់​នាក់ តែ​ដំណាក់កាល​ទី​១ យើង​នឹង​សាងសង់​កន្លែង​អ្នក​ទស្សនា​៣​ពាន់​នាក់​សិន បន្ទាប់​មក​ទើប​បន្ដ​សាងសង់​ដំណាក់កាល​ទី​២ សម្រាប់​ផ្ទុក​អ្នក​ទស្សនា​៣​ពាន់​នាក់​ទៀត ។ ក៏​ប៉ុន្ដែ​យើង​សាងសង់​នេះ គឺ​ចង់បាន​កីឡដ្ឋាន​ស្ដង់ដារ​មួយ ដែល​អាច​ប្រកួត​ថ្នាក់​តំបន់​បាន ក្រោយ​សាងសង់​រួច​។

លោក​បន្ត​ថា ការ​សាងសង់​នេះ ជា​ផ្នែក​មួយ នៃ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​ខេត្តកំពង់ស្ពឺ ដោយ​ផ្អែក​លើ​គម្រោង​ជា​រួម ដែល​លោក​ហ៊ុន ម៉ា​នី តែងតែ​យកចិត្តទុកដាក់​ក្នុង​ន័យ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដូច​ជា​កីឡាករ គ្រូបង្ហាត់ និង​ផ្ដល់​ឱកាស​ឲ្យ​ប្អូន​ៗ ដែល​មាន​ទេព​កោសល្យ បាន​ចូលរួម​លេង​កីឡា ព្រោះ​លោក​មាន​មហិច្ឆតា​ចង់​ឃើញ​ប្អូន​ៗ កីឡាករ​កម្រិត​ជាតិ​នា​ថ្ងៃ​អនាគត​ច្រើន​ចេញពី​ខេត្តកំពង់ស្ពឺ​។

គួរ​បញ្ជាក់​ថា កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​ស្ថិត​នៅ​ភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ត​កំពង់​ស្ពឺ ដោយ​សាងសង់​លើ​ផ្ទៃដី​ជាង​៤​ហិ​កតា ហើយ​បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ ក្រោម​វត្តមាន​លោក ហ៊ុន ម៉ា​នី ។

បន្ទាប់​មក មាន​ក្រុមហ៊ុន​បរទេស​៣​បាន​ចូល​ដេញថ្លៃ​សាងសង់​មុន​ក្រុម​ការងារ​ត្រួតពិនិត្យ​គម្រោង​​នេះ សម្រេច​ជ្រើស​រើស​ក្រុមហ៊ុន​មួយ ដើម្បី​ធ្វើការ​ជាមួយ​ដៃគូ​ក្នុងស្រុក ក្នុង​ការ​សាង​សង់​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះ ។ គម្រោង​នេះ​ក៏​ទទួល​បានការ​ឧបត្ថម្ភ​២​លាន​ដុល្លារ ពី​គម្រោង​​ណា​ហ្គា​វើ​ល​ដ៏​បេះដូង​សប្បុរស​ទៀត​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ