ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ចាប់​ខ្លួន ក្រោយ​បើក​រថយន្ត​បំបុក​គោល​ដៅ​រឹត​បន្តឹង​ច្បាប់​​ចរា​ចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹងស្រា ទៅ​បំ​បុក​គោលដៅ​សមត្ថកិច្ច​ដា​ក់រិត​បណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​ព្យាយាម​បើក​រត់គេច​ជិត​១​គីឡូ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ឧសភា ២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​១០១៩​កែង​ផ្លូវ​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹងស្រា ទៅ​បំ​បុក​គោលដៅ​សមត្ថកិច្ច​ដា​ក់រិត​បណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​ព្យាយាម​បើក​រត់គេច​ជិត​១​គីឡូ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ឧសភា ២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​១០១៩​កែង​ផ្លូវ​ឧកញ៉ា ម៉ុង ឫ​ទ្ធី ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ដាក់​គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ជើង​គោក នៅ​តាម​ដងផ្លូវ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ខណៈ​ពេល​ដែល​កំពុង​តែ​ត្រួតពិនិត្យ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​រ៉ែ​ង​រ៉ូ​វើ​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២P-៦៦៤៦ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បុក​គ្មាន​ប្រណី ។

ភ្លាម​ៗ​នោះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្ទាក់​ឃាត់​ឱ្យ​រថយន្ត​ឈប់ ដើម្បី​ត្រូ​ត​ពិនិត្យ តែ​បុរស​ខាងលើ មិន​បាន​ឈប់​រថយន្ត​អោយ​សមត្ថកិច្ច​ត្រួតពិនិត្យ​ទេ បាន​ព្យាយាម​បើក​រត់គេច​ជិត​មួយ​គីឡូម៉ែត្រ ទៅ​ដល់​ចំណុច​ស្តុ​ប​២៤​ម៉ោង ផ្លូវ​លេខ​១០១៩ កែង​ផ្លូវ​ឧកញ៉ា ម៉ុង ឫ​ទ្ធី ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​យក​សោ​ចាក់​កង់​មុខ​រថយន្ត ចំណែក​អ្នកបើកបរ​មិន​បាន​ចុះ​ពីលើ​រថយន្ត​ទេ នៅ​អង្គុយ​ក្នុង​រថយន្ត​រយៈពេល​ជិត​មួយ​ម៉ោង ទើប​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ចរាចរណ៍ នៃ​ស្នងការ​រាជ​ធានី​ភ្នំពេញ ឲ្យ​យក​រថយន្ត​មក​ស្ទូច ។ ខណៈ​ពេល​រថយន្ត​ស្ទូច​របស់​ចរាចរណ៍​ជើង​គោក រាជ​ធានី​មក​ដល់​កន្លែង​កើតហេតុ ទើប​បុរស​ខាងលើ​បាន​បើកទ្វារ​ចុះ​ពីលើ​រថយន្ត ។

ភ្លាម​ៗ​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​នោះ​ដាក់​រថយន្ត​សា​រ៉ែ​ន បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ព្រមទាំង​រថយន្ត ដើម្បី​ធ្វើការ​ដោះ​ស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ