មិនធម្មតាទេ! បង្ក្រាប​បាន​៦​នាក់​​ជា​បន្ត​បន្ទាប់​ ​ប្លន់ផង គ្រឿងញៀន​ផង


រា​ជ​ធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ជាវ វិបុល បង្ក្រាប​បាន​ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់​និង​ចែកចាយ​គ្រឿងញៀន ឃាត់ខ្លួន​បាន​៦​នាក់​ជា​បន្តបន្ទាប់ ដកហូត អាវុធ​ខ្លី​២​ដើម ព្រមទាំង​ថ្នាំ​ញៀន​មួយ​ចំនួន ប្រតិបត្តិការ​បង្ក្រាប​នេះ​ចាប់ផ្តើម​តាំងពី​ព្រឹក​ថ្ងៃ​២៩ ខែមេសា ឆ្នាំ​២០២០ រហូត​ដល់​ម៉ោង​៦​ព្រលប់​ទើប​បញ្ចប់ នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន ជនសង្ស័យ​បានជា​បន្តបន្ទាប់ គឺ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​តាម​ស្រាវជ្រាវ មុខសញ្ញា​ប្លន់​និង​ចែកចាយ​គ្រឿង​គ្រឿងញៀន យ៉ាង សកម្ម​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ជិត​១​ខែ​មុន ។

រហូត​មាន​តំរុយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ក្រុង​ភ្នំពេញ​បាន​ចុះ​បង្ក្រាប​មុខសញ្ញា​បានជា​បន្តបន្ទាប់ ក្នុង​នោះ​ម្នាក់​ឃាត់ខ្លួន​នៅ​ម្តុំ​ស្ពាន​ព្រែក​សំរោង ខណ្ឌ​ច្បារ​អំពៅ ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នាក់​ទៀត​នៅ​ម្តុំ​ផ្សារ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​បាន​សួរនាំ រហូត​ឈាន​ដល់​ការ​ឆែកឆេរ ផ្ទះ​ជួល​ជនសង្ស័យ​ម្នាក់ ឈ្មោះ ជា រ៉ា​ន់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មេខ្លោង​ប្លន់​ប្រដាប់​នៅ​ម្តុំ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ សរុប​ទាំងអស់​៦​នាក់ ។

ការ​ចុះ​ឆែកឆេរ​បន្ទប់​ជួល​រក​ឃើញ កាំភ្លើងខ្លី​ម៉ាក k59 ចំនួន​២​ដើម បង់​២ គ្រាប់​ចំនួន​៧​គ្រាប់ ថ្នាំ​ក្រាម​ស​ថ្លា​ចំនួន​១០​កញ្ចក់ មាន​២​កញ្ចក់​ថង់​ធំ ថ្នាំ​គ្រាប់​ពណ៌​បៃតង​ចំនួន​២៥​គ្រាប់ ជញ្ជីង​១​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​សម្ភារ​ផ្សេង​ៗ​ទៀត ។

ក្រោយ​ពេល​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាំង​រួច​ហើយ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់ បាន​នាំ​ខ្លួន​យក​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ