ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កត់.ក​ជន​ស្បែក​ខ្មៅ​ម្នាក់់​រហូត​បាត់​បង់​ជីវិត​ និង​​ផ្ទុះ​ការ​បះបោរ​យ៉ាង​ខ្លាំង​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុង​មីន​នី ​ប៉ូ​លី​ស​រដ្ឋ​មី​នី​សូ​តា ប្រកាស​នា​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ ​ពី​ការ​​ដាក់​ពង្រាយ​កម្លាំង​ដ៏​ច្រើន ពុំ​ធ្លាប់​មាន​ពី​មុន​មក​សោះ បន្ទាប់​ពី​ផ្ទុះ​បាតុកម្ម​…

សហរដ្ឋអាមេរិក ៖ ក្រុង​មីន​នី ​ប៉ូ​លី​ស​រដ្ឋ​មី​នី​សូ​តា ប្រកាស​នា​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ ​ពី​ការ​​ដាក់​ពង្រាយ​កម្លាំង​ដ៏​ច្រើន ពុំ​ធ្លាប់​មាន​ពី​មុន​មក​សោះ បន្ទាប់​ពី​ផ្ទុះ​បាតុកម្ម​ និង​ការ​បះបោរ​៤​យប់​​ជាប់​ៗ​គ្នា ដែល​ចលនា​បែប​នោះ​ឆ្លង​រាលដាល​ដល់ទី​ក្រុង​ធំ​ៗ​របស់​អា​មេ​រិ​ក ក៏​ទោះបី​មានការ​ចាប់​ខ្លួន​ប៉ូលិស ដែល​ជា​អ្នក​យក​ជង្គង់ រួច​សង្កត់.ក​បុរស​ស្បែក​ខ្មៅ​ម្នាក់​លោក​ GEORGE KLOYD​ រហូត​ដល់​​បាត់​បង់​ជីវិត​​ក្ដី​។ អំពើ​បែប​នេះ ​នាំ​ឲ្យ​កម្រើក​ឡើង​វិញ​ដំបៅ​ប្រកាន់​ពូជ​សាសន៍​​នៅ​សហរដ្ឋអាមេរិក​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក​ TIM WALZ​ អភិបាល​រដ្ឋ​មី​នី​សូ​តា ថ្លែង​នា​ថ្ងៃ​ទី​៣០ ខែ​​ឧសភា​នេះ​​ថា សភាពការណ៍​នៅ​ក្រុង​មីន​នី​ប៉ូ​លី​ស ពិតជា​ការ​បះបោរ​ដ៏​ខ្លាំងក្លា ពុំ​ធ្លាប់​ជួប​ប្រទះ ក្រោយ​​ការ​បាត់​បង់​ជីវិត​​​របស់ ​GEORGE KLOYD​។ នោះ​ជា​ហេតុ​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច និង​អ​ស្ថេ​រ​​ភាព​នៅ​តាម​ទីក្រុង​ធំ​ៗ​របស់​យើង​។ លោក​ប្រកាស​ពី​ការ​កេណ្ឌ​កម្លាំង ជា​ទូទៅ​ដែល​មាន​ទាហាន​​នៃ​កង​ឆ្មាំ​ជាតិ​របស់​រដ្ឋ ប្រមាណ​ជា​១៣.០០០​នាក់​ដែល​នោះ​ជា​លើក​ដំបូង​ហើយ​។

លោក​បញ្ជាក់​ពី​ការ​ស្នើ​សុំ​ជំនួយ របស់​ក្រសួង​ការពារ​ប្រទេស​។ បណ្ដា​កងឯកភាព​ប៉ូលិស​យោធា ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​សភាព​ប្រុង​ជើងការ ដើម្បី​អាច​ធ្វើ​អន្តរា​គមន៍​ជាយថាហេតុ​នៅ​ក្រុង​មីន​នី​ប៉ូ​លី​ស​។

នា​ព្រឹក​ថ្ងៃ​ទី​៣០ ​ឧសភា ប្រជាជន​ក្នុង​ទីក្រុង នោះ បាន​នាំ​គ្នា​សម្អាត​បំណែក​នៃ​ការ​ខូ​ត​ខាត​នានា ដោយសារ​ស្នាដៃ​ពួក​បាតុករ​ដែល​វាយ​បំផ្លាញ ដុត​ហាង​ទំនិញ រថយន្ត របស់របរ​នានា​ និង​ស្នង​ការដ្ឋាន​ប៉ូលិស​។

មនុស្ស​ច្រើន​រយ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា ដោយ​មាន​ផ្កា​នៅ​នឹង​ដៃ ហើយ​នាំ​គ្នា​ស្រែក​ពាក្យ​ថា គ្មាន​យុត្តិធម៌ គ្មាន​សន្តិភាព នៅ​កន្លែង​ដែល​GEORGE KLOYD​ស្លាប់​ពេល​ចាប់ខ្លួន​គេ​ពី​បទ​ប្រើ​ក្រដាសប្រាក់​២០​ដុល្លារ​ក្លែងក្លាយ ។

កងទ័ព​អា​មេ​រិ​ក​មិន​អាច​ធ្វើ​អន្តរាគមន៍​លើ​ដែនដី​អា​មេ​រិ​ក ក្នុង​នាម​នៃ​កិច្ច​ការពារ​ស៊ី​វិល​ឡើយ លើក​លែងតែ​ក្នុង​ករណី​នៃ​ការ​បះបោរ ដូច​ធ្លាប់​មាន​កាលពី​ឆ្នាំ​១៩៩២ ក្នុង​ឱកាស​នៃ​ការ​បះបោរ នៅ​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ក្រោយ​ការ​ស្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ​RODNEY KING​ដោយ​ស្នាដៃ​ប៉ូលិស​ដែរ​។

ការ​ដាក់​ពង្រាយ​កាលពី​យប់​ថ្ងៃ​ទី​២៩ ​ឧសភា នូវ​ប៉ូលិស ​និង​ទាហាន​នៃ​កង​ឆ្មំ​ជាតិ​ចំនួន​២.៥០០​នាក់ ​និង​ការ​ដាក់​បំរាម​គោ​ចរណ៍ ក៏​មិន​អាច​រារាំង​បាតុកម្មហិង្សា​ក្នុង​ទីក្រុង​ធំ​នោះ​នៃ​រដ្ឋ​មី​នី​សូ​តា ជា​មួយ​ហាង​ទំនិញ​ជា​ច្រើន​ត្រូវ​ដុត​បំផ្លាញ និង​មានការ​ចូល​អុកឡុក​ប្លន់​ប្រមូល​យក​របស់របរ និង​បង្ក​​ការ​បំផ្លាញ​ផ្សេង​ៗ​ទៀត​បាន​ដែរ​។ អ្នក​ទទួលខុសត្រូវ​នៃ​កងកម្លាំង​ប៉ូលិស​រដ្ឋ​មី​នី​សូ​តា លោក JOHN HARRINGTON ​និយាយ​ថា ទោះ​មានការ​ដាក់​ពង្រាយ​កម្លាំង​ដ៏​ច្រើន ក៏​យើង​មិន​អាច​ប្រឈម​មុខជា​មួយ​ពួក​បះបោរ ច្រើន​សិប​ពាន់​នាក់​បាន​ដែរ​។ មនុស្ស​ច្រើន​សិប​នាក់​ត្រូវ​ចាប់ខ្លួន ក្នុង​នោះ​៨០%​ជា​អ្នក​មក​ពី​តំប​ន់ំ់​ដទៃ​ៗ​ទៀត​របស់​សហរដ្ឋអាមេរិក​។

ភាព​តានតឹង​ក៏​កើត​មាន​ផង​ដែរ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​ប្រទេស​។ មនុស្ស​ច្រើន​រយ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រុង​ញូ​វ​យ៉​ក ក្រុង​ដាល់​ឡាស់ ក្រុង​ហ៊ូ​ស្តុ​ន​ជាទី​ក្រុង​កំណើត​របស់​ជន​រង​គ្រោះ​ឬ​នៅ​ឡាស​វេ​ហ្គា​ស់ ក្រុង​DES MOINES ក្រុង​មេ​ម​ហ្វី ក្រុង​ព័រ​ឡែ​ន ព្រមទាំង​នៅ​មុខ​សេត​វិមាន​ក្រុង​វ៉ា​ស៊ីន​តោន​។ មនុស្ស​ច្រើន​រយ​នាក់​នា​យប់​ថ្ងៃ​ទី​២៩​ឧសភា បាន​ធ្វើ្វ​បាតុកម្ម​នៅ​មុខ​សេត​វិមាន ដើម្បី​សម្ដែង​ការ​ក្ដៅក្រហាយ ក្រោយ​ការ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៥​ឧសភា បុរស​ស្បែក​ខ្មៅ​អាយុ​៤៦​ឆ្នាំ​រូប​នេះ​ក្រោយ​ប៉ូលិស​ស្បែក​សម្នាក់​សង្កត់ក​។

ដោយ​លើក​ប៉ង់​កាត​សរសេរ​ពាក្យ​ថា ចូរ​ឈប់​សម្លាប់​យើង​និង​ជីវិត​ជន​ស្បែក​ខ្មៅ​ត្រូវ​គិតដល់ ពួក​បាតុករ​ទាមទារ​ឲ្យ​រក​យុត្តិធម៌​សម្រាប់​GEORGE KLOYD ។ បាតុករ​បាន​លើកគ្នា​រហូត​ដល់​មុខ​និវេសនដ្ឋាន របស់​លោក​ដូ​ណា​ល់​ត្រាំ ដោយ​កងកម្លាំង​ការពារ​បាន​បិទ​សេត​វិមាន​ក្នុង​រយៈ​ខ្លី​មួយ។

បាតុករ​អាយុ​១៩​ឆ្នាំ​ម្នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត​​​ដោយ​គ្រាប់កាំភ្លើង​នៅ​ទីក្រុង​DETROIT​ដោយសារ​បុគ្គល​ម្នាក់ ដែល​បើករថយន្ត​កីឡា​មួយ​គ្រឿង សម្រុកចូល​ក្នុង​ហ្វូង​បាតុករ​ច្រើន​រយ​នាក់ ហើយ​បា​ញ់​ប្រហារ មុន​ពេល​គេចខ្លួន​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ខិតខំ​សម្រាល​ពាក្យពេចន៍ ដែល​លោក​ពោល​មុន​នេះ​បន្តិច​តាម​TWITTER ដោយ​លោក​សរសេរ​ថា ពេល​មានការ​លុក​ប្លន់​ហាង​ទំនិញ​ចាប់ផ្ដើម នោះ​ការ​បាញ់ប្រហារ​ក៏​ចាប់ផ្ដើម​ដែរ ដោយ​លោក​លើក​ឡើង​ថា លោក​យល់​ពី​ទំហំ នៃ​ការ​ឈឹ​ចាប់​របស់​គ្រួសារ​លោក​GEORGE KLOYD​។ គ្រួសារ​របស់​គេ​មាន​សិទ្ធិ​រក​យុត្តិធម៌​។ ប្រជាជន​ក្រុង​មីន​នី​ប៉ូ​លី​សមាន​សិទ្ធិ​រស់នៅ​ក្នុង​សន្តិសុខ​។

ប៉ូលិស​ដែល​សង្កត់ក​គេ​ដល់​ស្លាប់​លោក​DAREK CHAUVIN ត្រូវ​ចាប់ខ្លួន​និង​ទទួល​ការ​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ ​និង​ប្រព្រឹត្ត​អំពើ​គ្រោះថ្នាក់​និង​បទ​សម្លាប់​មនុស្ស ដោយ​អ​ចេតនា​ហើយ​កំពុង​ជាប់​ការ​ឃុំឃាំង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ