រាជធានីភ្នំពេញ៖ បើទោះបីជាប្រមុខដឹកនាំប្រទេសក៏ដូចជាធនាគារជាតិនៃកម្ពុជានិងស្ថាប័នធនាគារនិងមីក្រូហិរញ្ញវត្ថុបញ្ជាក់ជាបន្តបន្ទាប់ថាការចាយវាយក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារនិង ៥ ដុល្លារនៅបន្តធម្មតាក៏ពិតមែន តែការអនុវត្តជាក់ស្តែងនៅទីតាំងមួយចំនួនគឺអាជីវករតូចតាច ឬម្ចាស់អាជីវកម្មខ្លះគឺបដិសេធទទួលយកលុយប្រភេទនេះ ។
យ៉ាងណាមិញ លោក ចាន់ សុផល អ្នកវិភាគផ្នែកសេដ្ឋកិច្ចឯករាជ្យមួយរូបនៅកម្ពុជាបានបង្ហាញនូវទស្សនៈយល់ឃើញរបស់លោកថាធនាគារជាតិគួរបើកយុទ្ធនាការក្នុងការប្រមូលក្រដាស់ប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ឲ្យអស់ពីទីផ្សារនិងជំនួសវិញនូវប្រាក់រៀលរបស់ខ្មែរ ។
លោកបានមានប្រសាសន៍នៅថ្ងៃទី៣១ឧសភាយ៉ាងដូច្នេះថា «ខ្ញុំគាំទ្រការជំនួសក្រដាសប្រាក់ដុល្លារតម្លៃទាបៗទាំងនេះ ដោយក្រដាសប្រាក់រៀល។ ការធ្វើដូចនេះ នាំឱ្យកម្ពុជាចំណេញបានពីការបោះពុម្ពក្រដាសប្រាក់ថ្មី យកមកជំនួសពួកវា។ ជាទូទៅ ប្រទេសណាបោះពុម្ពរូបិយប័ណ្ណបានប្រទេសនោះចំណេញច្រើន។ ឧទាហរណ៍ ប្រទេសអាមេរិកចំណាយតែ២សេន ប៉ុណ្ណោះ សម្រាប់ការបោះពុម្ពក្រដាសប្រាក់១០០ដុល្លារ» ។
លោកបានចោទជាសំណួរថា ប្រសិនបើធនាគារជាតិ បើកកម្មវិធីប្រមូលទិញក្រដាសប្រាក់ ១ ២ និង ៥ដុល្លារ ដើម្បីយកទៅដូរយកក្រដាសប្រាក់មានតម្លៃធំជាង តើអាចទៅរួចទេ?
អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានបន្ថែមថា «បើតាមខ្ញុំយល់ គេអាចឱ្យអ្នកមានក្រដាសប្រាក់ទាំងនេះដូរតាមកន្លែងប្តូរប្រាក់យកប្រាក់រៀល ហើយឱ្យចំណេញ១០% ថែមទៀតដើម្បីប្រមូលឆាប់បានអស់ពីទីផ្សារ។ ការបោះពុម្ពក្រដាសប្រាក់រៀលជំនួសពួកវា ទំនងជាចំណេញច្រើនជាង ១០% ឆ្ងាយណាស់។ គេអាចអនុវត្តកម្មវិធីនេះរយ:ពេលពីរឬបីខែ ដោយមិនអនុញ្ញាតឱ្យមានការនាំចូលក្រដាសប្រាក់តម្លៃទាបៗនេះតទៅទៀតពីបរទេស។ បន្ទាប់ពីនេះ គេអាចដូរបានតាមកន្លែងប្តូរប្រាក់ និងតាមធនាគារជាតិជាចុងក្រោយ ដោយកាត់តម្លៃ ១០%ទៅវិញ» ៕
ចែករំលែកព័តមាននេះ