ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ​នៃ​កម្ពុជា ៖ ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​១$ ២$ និង​៥$ នៅ​តែ​ចាយ​បាន​ធម្មតា​លើ​ទីផ្សារ​មិន​ឃាត់​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០​នេះ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង…

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០​នេះ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង ៥$ នៅ​តែ​ចាយ​បាន​ដូច​ធម្មតា​នៅ​លើ​ទីផ្សារ មិន​មានការ​ហាមឃាត់​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្អាក​ការ​ទទួលយក​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ទាំងនេះ​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​តែ​ប៉ុណ្ណោះ ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​លោក ខៀវ កា​ញ្ញា​រិ​ទ្ធ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា​នេះ ។

ការ​បញ្ជាក់​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ស្តី​ពី​បញ្ហា​ប្រឈម​នៃ​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង ៥$ និង​ផលវិបាក​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ប្រភេទ​ក្រដាសប្រាក់​ទាំងនេះ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ដោយ​ពិនិត្យ​ឃើញ​ថា ទាំង​ក្នុង​ឃ្លាំង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា មានការ​គរ​ជន់​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង ៥$ ដែល​នេះ​សរ​បញ្ជាក់​ថា តម្រូវការ​នៃ​ក្រដាសប្រាក់​ទាំងនេះ​មាន​កម្រិត​ទាប​ក្នុង​ទីផ្សារ អង្គប្រជុំ​បាន​ឯកភាព​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

-ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្តល់​ពេលវេលា​ចំនួន​៣​ខែ ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដើម្បី​នាំ​យក​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង ៥$ មក​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ដឹក​ជញ្ជូន​ចេញ​ទៅ​ក្រៅប្រទេស ដោយ​ឥត​គិត​កម្រៃ​សេវា

-បន្ទាប់​ពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្ទេរ​ការ​ចំណាយ​ដឹក​ជញ្ជូន​ចេញ​ទៅ​ក្រៅប្រទេស លើ​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង ៥$ ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ជា​អ្នករ៉ាប់រង​វិញ ។ ចំពោះ​ការ​ទទួល​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១០$ ឡើង​ទៅ គឺ​មិន​មាន​កម្រៃ​សេវា​ទេ

– ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ពិភាក្សា​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដើម្បី​ឈាន​ទៅ​កំណត់​ពេលវេលា​ណាមួយ​សម​ស្រប ដើម្បី​ផ្អាក​ការ​ទទួល​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក ប្រភេទ​តូច​ទាំងស្រុង​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ។

គួរ​បញ្ជាក់​ថា ការ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ខាងលើ មានការ​ចូលរួម​មតិ​ពី​តំណាង​ក្នុង​វិស័យ​លក់រាយ​មួយ​ចំនួន​ផង​ដែរ ។ ធនាគារជាតិ​នៃ​កម្ពុជា ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា ការ​អនុវត្ត​វិធានការ​ខាងលើ​មិន​មាន​ន័យ​ថា ជា​ការ​ហាមឃាត់​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​តូច​ៗ​ទាំងនេះ នៅ​លើ​ទីផ្សារ​នោះ​ទេ ៕