ពេលដែលមនុស្សម្នាក់ចង់ចាប់ផ្តើមអាជីវកម្មមួយ ពួកគេប្រហែលជាចង់ចាប់ផ្តើមពីការមានគំនិតថ្មី ឬមានគម្រោងអាជីវកម្មច្បាស់លាស់ ។ ទោះជាចំណុចទាំងនេះមានសារៈសំខាន់ពិតមែនសម្រាប់អ្នកដែលចង់ធ្វើជាអាជីវករ ពួកគេនៅតែមិនអាចមើលរំលងកត្តាសំខាន់មួយទៀតទេ នោះគឺផ្នត់គំនិត ។
ប្រសិនបើអ្នកជួបនឹងឧបសគ្គពេលដែលព្យាយាមកសាងអាជីវកម្មអ្នក ហើយគិតថាវាបង្ហាញថាអ្នកនឹងបរាជ័យនោះ អ្នកប្រហែលជាបានបោះបង់ចោលទៅហើយ ។ ប៉ុន្តែប្រសិនបើអ្នកផ្តោតស្មារតីលើការតស៊ូ នោះអ្នកអាចនឹងមានឱកាសច្រើនក្នុងការជំនះវា ។
តើអ្នកគិតថាអ្វីៗទាំងអស់កើតឡើងព្រោះតែមូលហេតុច្បាស់លាស់មួយទេ?
ក្រុមហ៊ុនធំៗជាច្រើនបានចាប់ផ្តើមពេលដែលស្ថាបនិករបស់ពួកគេជួបនឹងឧបសគ្គអ្វីមួយក្នុងជីវិតនិងប្រទះឃើញថាមានផ្លូវល្អផ្សេងទៀតដែលអាចដើរបាន ។ ដូច្នេះការគិតថាការបរាជ័យរបស់អ្នកកើតឡើងព្រោះតែមូលហេតុអ្វីមួយ និងអាចនាំយកភាពជោគជ័យឲ្យអ្នកវិញនៅថ្ងៃមុខគឺពិតជាសំខាន់ណាស់ ។
យ៉ាងណាក្តីចូរចងចាំថា ការមានផ្នត់គំនិតនេះតម្រូវឲ្យអ្នកមានចិត្តមោះមត់តស៊ូផងដែរ ព្រោះការក្រោកឈរឡើងវិញទាមទារឲ្យអ្នកមានភាពរឹងមាំផ្នែកផ្លូវចិត្តខ្លាំងណាស់ ។
តើអ្នកគិតថាសមត្ថភាពអ្នកមានកម្រិតទេ?
តើអ្នកមានគំនិត ឬការភ័យខ្លាចមួយចំនួនដែលហាមឃាត់អ្នកមិនឲ្យធ្វើអ្វីមួយទេ? ក្នុងពេលដែលអ្នកព្យាយាមបង្កើតផ្នត់គំនិតដែលល្អ អ្នកត្រូវតែវិភាគមើលអ្វីដែលកំពុងប៉ះពាល់ដល់អ្នក ។ អ្នកត្រូវដឹងថា អ្នកនឹងត្រូវជំនះការខ្វះខាតរបស់អ្នកទាំងអស់ប្រសិនបើអ្នកចង់ជោគជ័យក្នុងអាជីវកម្ម ហើយអ្នកគួរតែវិភាគមើលវាឡើងវិញមុនពេលសម្រេចចិត្តចាប់ផ្តើមអាជីវកម្មមួយ ។
តើអ្នកមានមុខក្រាស់ទេ?
ការបដិសេធគ្រាន់តែជាឧបសគ្គមួយដែលអ្នកតែងតែជួបតែប៉ុណ្ណោះ ។ អ្នកត្រូវចាប់ផ្តើមគិតថាពាក្យថា ទេ គឺគ្រាន់តែជាពាក្យមួយប៉ុណ្ណោះ វាមិនមែនជាសញ្ញាបង្ហាញថាអ្នកមិនអាចជោគជ័យក្នុងអាជីវកម្មរបស់អ្នកឡើយ ។ អាជីវករត្រូវមានភាពរឹងមាំក្នុងការទទួលយកការបដិសេធ និងព្យាយាមរកវិធីផ្សេងៗដើម្បីពោះពាររហូតទទួលបានការយល់ព្រម ។
ចុងក្រោយ ផ្នត់គំនិតរបស់អ្នកស្ទើរតែជាកត្តាតែមួយប៉ុណ្ណោះដែលអ្នកអាចគ្រប់គ្រងបានក្នុងអាជីវកម្ម ។ ទោះជាផែនការអាជីវកម្មច្បាស់លាស់ក៏អាចដួលរលំបានដែរ ដូច្នេះការកសាងផ្នត់គំនិតដែលរឹងមាំមួយសម្រាប់ការដោះស្រាយបញ្ហា និងប្រឈមមុខនឹងការបរាជ័យមានសារៈសំខាន់ណាស់ប្រសិនបើអ្នកចង់ជោគជ័យ ៕
ចែករំលែកព័តមាននេះ